កាលពី «៤១,០០០ឆ្នាំមុន» ពន្លឺស្ថិតនៅលើប៉ូលផែនដីនេះ បានរំកិលមកក្បែរតំបន់អេក្វាទ័រវិញ, តើមកពីមូលហេតុអ្វី?

0 765

(អាមេរិក)៖ នៅពេលនិយាយអំពីពន្លឺអូរ៉ូរ៉ា (Aurora) ឬសំរាំងប៉ូល គ្រប់គ្នាប្រាកដជាគិតថា វាអាចកើតឡើងតែនៅលើតំបន់ជុំវិញប៉ូលទាំងពីរ នៃភពផែនដីយើងនេះប៉ុណ្ណោះ ប៉ុន្តែតាមការពិតទៅ បាតុភូតដ៏កម្របំផុតនេះ ក៏ធ្លាប់បានរាលដាលមកក្បែរតំបន់ខ្សែអេក្វាទ័រផងដែរ។

បាតុភូតកម្រពីលើតំបន់ក្បែរអេក្វាទ័រនោះ ទំនងជាបានកើតមានឡើងកាលពី ៤១,០០០ឆ្នាំមុនមកម្ល៉េះ នៅពេលដែលចលនារអាក់រអួល នៃដែនម៉ាញេទិចភពផែនដី បានរុញច្រានពន្លឺ Aurora ពីតំបន់ប៉ូលឆ្ពោះទៅរកតំបន់ខ្សែអេក្វាទ័រវិញ។ ប្រការនេះមានន័យថា មនុស្សលោកយើងដែលរស់នៅលើដែនដី នៅតាមបណ្តាយខ្សែអេក្វាទ័រក្នុងយុគសម័យនោះ អាចបានមើលឃើញបាតុភូតពន្លឺ Aurora នៅលើផ្ទៃមេឃពេលរាត្រី។

សម្រាប់ភាសាបច្ចេកទេស បាតុភូតពន្លឺ Aurora ដែលបានប្តូរទៅកើតមានឡើងនៅក្បែរតំបន់អេក្វាទ័រវិញនោះ ត្រូវបានបង្កឡើងដោយចលនារអាក់រអួល នៃដែនម៉ាញេទិចនោះគឺមានឈ្មោះថា «Laschamp event» ឬ «Laschamp excursion»។ វាគឺជាពេលដែលដែនម៉ាញេទិចអឌ្ឍគោលខាងជើង និងខាងត្បូងចុះខ្សោយ ទើបប៉ូលម៉ាញេទិចផ្អៀងមករកតំបន់កណ្តាលវិញ នោះគឺខ្សែអេក្វាទ័ររបស់ផែនដី ហើយនៅទីបំផុតពន្លឺ Aurora បានមកកកើតនៅតំបន់នោះតែម្តង។

បើតាមការលើកឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រអាមេរិក ដែលបានបើកសន្និបាតមួយ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ រៀបចំឡើងដោយ «សហភាពភូគព្ភសាស្ត្រអាមេរិក» ឬ American Geophysical Union (AGU) នៅទីក្រុង New Orleans បានឲ្យដឹងថា ភពផែនដីត្រូវការពេល ១,៣០០ឆ្នាំ បន្ទាប់ពីភាពរអាក់រអួល នៃដែនម៉ាញេទិចផែនដី កាលពី ៤១,០០០ឆ្នាំនោះ ដើម្បីជួសជុលគ្រប់យ៉ាងឲ្យវិលរកភាពប្រក្រតីវិញ។

គួរបញ្ជាក់តាមការសិក្សាដោយសាកលវិទ្យាល័យវិទ្យាសាស្ត្រ អវកាស និងអាកាសធាតុនៃរដ្ឋ Michigan សហរដ្ឋអាមេរិកបានឲ្យដឹងថា បាតុភូតកាលពី ៤១,០០០ឆ្នាំមុននោះ ក៏បានបណ្តាលឲ្យអាកាសធាតុភពផែនដីប្រែប្រួល និងប៉ះពាល់ដល់ជីវិតរស់នៅ របស់មនុស្សលើភពផែនដី ក្នុងយុគសម័យនោះផងដែរ។ ការព្យាយាមសិក្សាពីអតីតកាល និងបច្ចុប្បន្នកាល ពិតជាមានប្រយោជន៍ដ៏សំខាន់ទៅដល់ការតាមដែន បម្រែបម្រួលនៃភពផែនដី ដែលនឹងជះឥទ្ធិពលដល់ជីវិតមនុស្សនៅថ្ងៃអនាគត៕

កាលពី «៤១,០០០ឆ្នាំមុន» ពន្លឺស្ថិតនៅលើប៉ូលផែនដីនេះ បានរំកិលមកក្បែរតំបន់អេក្វាទ័រវិញ, តើមកពីមូលហេតុអ្វី?

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១)