សំនួរដ៏ពេញនិយម៖ តើព្រះអាទិត្យយើងនេះនឹង «ផ្ទុះ» នៅពេលណា? (អត្ថបទស្វែងយល់)

1,326

(បរទេស)៖ នេះជាសំនួរដែលមនុស្សជាច្រើនបានសួរមកកាន់យើងខ្ញុំ។ ទោះបីជាការឆ្លើយតប តែងត្រូវបានធ្វើឡើងជារឿយៗក៏ពិតមែន ប៉ុន្តែសម្រាប់អត្ថបទដើម្បីបកស្រាយអំពីសំនួរនេះតែម្តង គឺហាក់ទើបតែកើតឡើងនៅពេលនេះប៉ុណ្ណោះ។ តើព្រះអាទិត្យយើងនេះនឹងផ្ទុះនៅពេលណា?

បើតាមការសិក្សាកន្លងមកនេះ ពពួកតារាទំហំមធ្យមដូចជាព្រះអាទិត្យយើងនេះ អាចមានអាយុជីវិតរហូតដល់ទៅ រាប់ពាន់ពាន់លាន (ទ្រីលាន) ឆ្នាំឯណោះ បន្ទាប់ពីពួកវាចាប់កំណើត។ សម្រាប់អាយុជីវិតព្រះអាទិត្យយើង គឺត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រកំណត់ថា កំពុងស្ថិតនៅក្នុង «ដំណាក់កាលសំខាន់» ដែលផ្កាយនេះនៅតែអាចរក្សាចំហេះអ៊ីដ្រូសែន ដែលផ្តល់នូវថាមពល និងសម្ពាធគ្រប់គ្រាន់ ក្នុងការរក្សាខ្លួនវាមិនឲ្យដួលរលំ (ផ្ទុះ) ដោយសារម៉ាសរបស់ខ្លួនឯង ហើយអាយុកាលព្រះអាទិត្យយើង នឹងត្រូវអូសបន្លាយក្នុងស្ថានភាពបែបនេះ ក្នុងរយៈពេល ៥ពាន់លានឆ្នាំទៀត គិតចាប់ពីពេលឥឡូវនេះទៅ។

ជុំវិញសំនួរខាងលើនេះ តារាវិទូ Paola Testa មកពីមន្ទីរពិសោធន៍តារាសាស្ត្រ Harvard និង Smithsonian បានលើកឡើងថា «បច្ចុប្បន្ននេះ ព្រះអាទិត្យយើងមានអាយុមិនដល់ ៥ពាន់លានឆ្នាំនោះឡើយ។ បើគិតពីវ័យវិញនោះ ព្រះអាទិត្យស្ថិតនៅក្នុងវ័យកណ្តាល ហើយអាយុជីវិតព្រះអាទិត្យនឹងបន្តរហូតដល់គ្រប់ ១០ពាន់លានឆ្នាំ ឬក៏អាចលើសពីនេះ…»។

បើតាមក្រុមអ្នកវិទ្យាសាស្ត្រ នៅពេលអ៊ីដ្រូសែនក្នុងស្នូលរបស់ព្រះអាទិត្យ ឆេះជិតអស់ហើយនោះ ព្រះអាទិត្យយើងនឹងវិវឌ្ឍទៅជា តារាយក្សក្រហម (Red Giant) ដែលដំណាក់កាលនេះនឹងកើតឡើងនៅរយៈពេល ៥ពាន់លានឆ្នាំទៀត។ នៅពេលនោះហើយ ដែលព្រះអាទិត្យនឹងលែងផលិតកម្តៅ តាមរយៈប្រតិកម្មនុយក្លេអ៊ែរ ឬ nuclear fusion តទៅទៀត ព្រោះតែស្នូលរបស់វាមិនមានស្ថិរភាព។ យ៉ាងណាក៏ដោយ ផ្ទៃរបស់តារាយក្សក្រហមនេះ នឹងនៅតែបន្តមានចំហេះអ៊ីដ្រូសែនដដែល ប៉ុន្តែព្រះអាទិត្យយើងនឹងមើលទៅមានពណ៌ក្រហម ព្រោះតែការថយចុះកម្តៅ។

ជាការពិតណាស់ ភពពុធ និងភពសុក្រ នឹងត្រូវព្រះអាទិត្យយក្សលេបត្របាក់ទៅបាត់ ហើយសម្រាប់ភពផែនដីយើងវិញ នឹងត្រូវរលាយសាបសូន្យបរិយាកាស ព្រោះតែដែនម៉ាញេទិចលែងអាចទប់ទល់ នឹងព្យុះកំណាចពីព្រះអាទិត្យ ដែលនឹងមកដល់ជាប់របងផ្ទះបានទៀត។ មិនចាំបាច់រង់ចាំដល់ ៥ពាន់លានឆ្នាំក្រោយនោះទេ ដោយក្រុមអ្នកវិទ្យាសាស្ត្របានគណនាថា គ្រាន់តែព្រះអាទិត្យកើនពន្លឺលើសបច្ចុប្បន្ននេះ ១០% ប៉ុណ្ណោះ ក៏អាចធ្វើឲ្យមហាសមុទ្រលើផែនដីរីងហួតអស់ នៅក្នុងរយៈពេល ១ -១.៥ពាន់លានឆ្នាំផងដែរ, ដូច្នេះកុំគិតថាជីវិតទាំងឡាយ អាចនៅរស់រានលើផែនដីបានទៀតឲ្យសោះ។

សំនួរដ៏ពេញនិយម៖ តើព្រះអាទិត្យយើងនេះនឹង «ផ្ទុះ» នៅពេលណា? (អត្ថបទស្វែងយល់)

បន្ទាប់ពីចំហេះអ៊ីដ្រូសែន (hydrogen) នៃព្រះអាទិត្យឈានដល់ទីបញ្ចប់ ចំហេះអេល្យូមដែលនៅសល់ពីនោះ ក៏ចាប់ផ្តើមឆាបឆេះវិញម្តង ហើយបង្កើតចេញទៅជាកាបូន (carbon) និង អុកស៊ីសែន (oxygen) មុននឹងវាដួលរលំនៅសល់តែស្នូល ហើយមានរូបរាងត្រឹមជាដុំភ្លើង នីបូឡា (planetary nebula) ដែលជាស្នូលតារាពណ៌ស ដែលមានទំហំប្រហាក់ប្រហែលនឹងផែនដីប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ បើតាមតារាវិទូ Paola Testa ដុំមូល planetary nebula នេះនឹងមានវត្តមានតែ ១០,០០០ឆ្នាំប៉ុណ្ណោះ (បើគិតពីពេលវានៃទីអវកាសវិញ គឺស្ទើរតែស្មើនឹងមួយប៉ប្រិចភ្នែក)។ ដំណាក់កាលបន្ទាប់មកទៀត ស្នូលព្រះអាទិត្យដែលនៅសល់ នឹងបន្តរក្សាវត្តមានរាប់ទ្រីលានឆ្នាំទៅមុខទៀត រហូតដល់ក្លាយជាវត្ថុស្លាប់មួយ ដែលមិនបញ្ចេញពន្លឺអ្វីទាំងអស់ នៅក្នុងចក្រវាលនេះ។

ដូច្នេះសម្រាប់ចម្លើយចុងក្រោយ គឺព្រះអាទិត្យនឹង «មិនផ្ទុះ» ដូចជាគ្រាប់បែក ឬស៊ូពើណូវ៉ា (supernova) នោះទេ ព្រោះម៉ាសមិនគ្រប់គ្រាន់ ប៉ុន្តែវានឹងរីកមាឌដល់កម្រិតកំពូល ហើយរួមចុះមកវិញដល់កម្រិតអប្បរមា ទៅតាមដំណាក់កាលដូចបានរៀបរាប់ខាងលើនេះ។ សម្រាប់ប្រព័ន្ធព្រះអាទិត្យទាំងមូល ក៏នឹងបញ្ចប់នៅពេលនោះផងដែរ ព្រោះទោះបីជាភព និងព្រះចន្ទជាច្រើន នៅអាចរក្សាវត្តមានបាន ក៏ពួកវាត្រឹមស្ថិតក្នុងភាពងងឹតសូន្យឈឹង ឬតែលតោលប៉ុណ្ណោះ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Live Science (ថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំ២០២១)

480×240 Banner