តើអ្វីទៅជា «ច្បាប់សមុទ្រ» របស់ UN នៅឆ្នាំ១៩៨២? (យល់ដឹង៨ចំណុច) (វីដេអូ)
(បរទេស)៖ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (The United Nations Convention on the Law of the Sea ឬហៅកាត់ថា UNCLOS) ដែលមានសរុប ១៧ផ្នែក (PARTs) (ក្នុងនោះមាន ៣២០អត្ថបទ និង ៩ឧបសម្ព័ន្ធ) ត្រូវបានប្រកាសបង្កើតឡើងជាលើកដំបូងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ នាទីក្រុង Montego Bay ប្រទេស ចាម៉ៃកា (Jamaica) និងដាក់ចេញឲ្យអនុវត្តជាផ្លូវការនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៤។
មូលហេតុនៃការចំណាយពេលអស់ដល់ទៅ ១២ឆ្នាំ ទើបអាចអនុវត្តជាផ្លូវការនោះ ក៏ព្រោះតែក្រុមអ្នកជំនាញត្រូវការពេលបន្ថែម ដើម្បីកែសម្រួលចំណុចសំខាន់ៗមួយចំនួន ដែលប្រទេសមួយចំនួនតូច ជាពិសេសសហរដ្ឋអាមេរិក មិនបានគាំទ្រ ទៅលើចំណុចហាមឃាត់ធ្ងន់ធ្ងរខ្លះក្នុងច្បាប់ UNCLOS នោះ។ ជុំវិញច្បាប់ដើមតែម្តងរបស់ UNCLOS ជាពិសេសផ្នែកទី១១ (PART XI) នោះ ប្រទេសទាំងនោះបានអះអាងថា មានលក្ខខណ្ខតឹងរ៉ឹងពេក ដែលធ្វើឲ្យប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ចនានា នៅលើផ្ទៃសមុទ្ររបស់ពួកគេ…។
ប្រសិនបើលើកយកច្បាប់ទាំងមូលមកបកស្រាយនោះ គឺនឹងវិលមុខមិនខាន ដូច្នេះយើងសូមធ្វើការចោទ និងបកស្រាយជា «៨សំនួរ-ចម្លើយ» ដូចខាងក្រោម៖
១៖ ហេតុអ្វីបានជាអន្តរជាតិរួមគ្នាបង្កើតច្បាប់សមុទ្រ?
អង្គការសហប្រជាជាតិ (UN) បានផ្តួចផ្តើមគំនិតក្នុងការបង្កើតច្បាប់សមុទ្រនេះឡើង ដើម្បីបង្កើតក្របខ័ណ្ឌច្បាប់ដ៏ទូលំទូលាយ សម្រាប់ប្រើប្រាស់ក្នុងលំហនៃមហាសមុទ្រទាំងអស់ ដោយសារតែអន្តរជាតិបានមើលឃើញថា គោលគំនិតជាប្រពៃណីដែលមនុស្សធ្លាប់បានពោលថា «សេរីភាពនៃលំហសមុទ្រ» នោះ លែងគ្រប់គ្រាន់ដើម្បីគ្រប់គ្រងការបែងចែក ផលប្រយោជន៍ដ៏ស្មុគស្មាញ និងប្រកួតប្រជែងអំណាចរបស់ប្រជាជាតិនានា នៅក្នុងពិភពលោកសម័យទំនើបទៀតហើយ។
២៖ តើសមាជិក UN ទាំងអស់ សុទ្ធតែជាសមាជិកនៃអនុសញ្ញា UNCLOS ឬ?
ទោះបីជារដ្ឋជាសមាជិកផ្លូវការរបស់ UN ទាំង ១៩៣ មិនបានផ្តល់សច្ចាប័នដល់ UNCLOS ទាំងអស់គ្នាមែន តែចំនួនរហូតដល់ ១៦៨ប្រទេសក្នុងចំណោម ១៩៣ប្រទេសនោះ ព្រមទាំងសហភាពអឺរ៉ុប (EU) ផងដែរ បានទទួលស្គាល់រួចហើយគិតត្រឹមឆ្នាំ២០២៤ ដូច្នេះគេអាចចាត់ទុកថា UNCLOS ត្រូវបានទទួលស្គាល់ជាសកល។
ក៏មានប្រទេសមួយចំនួនទៀត នៅតែមិនទទួលស្គាល់ UNCLOS ឬខ្លះទទួលស្គាល់ដែរ តែមិនអាចអនុវត្តឲ្យពេញលេញមានដូចជា សហរដ្ឋអាមេរិក, អ៊ីស្រាអែល, តួគីយ៉េ, វេណេស៊ុយអេឡា, ប៉េរូ, អេរីទ្រា, ស៊ីរី, ស៊ូដង់ខាងត្បូង, អង់ដូរ៉ា, កាហ្សាក់ស្ថាន, តាជីគីស្ថាន, ធើកមេនីស្ថាន, អ៊ូសបេគីស្ថាន និងបុរីវ៉ាទីកង់ជាដើម។
សម្រាប់ប្រទេសខ្លះដែលមិនមានព្រំដែនជាប់សមុទ្រ (landlocked) ដូចជា ស៊ូដង់ខាងត្បូង អង់ដូរ៉ា និងតាជីគីស្ថានជាដើម មិនបានចុះហត្ថលេខាលើ UNCLOS នោះទេ ហើយបើយើងពិនិត្យមើលទៅក៏សមហេតុផលដែរ ព្រោះពួកគេគ្មានព្រំដែនជាប់សមុទ្រឡើយ។ តែមិនប្រាកដថា ប្រទេស landlocked ទាំងអស់សុទ្ធតែគិតបែបនេះឡើយ ដោយប្រទេសឡាវ និងកៀជីស្ថានជាដើម ពួកគេសុទ្ធតែមិនមានព្រំដែនជាប់សមុទ្រ តែក៏សុខចិត្តចុះហត្ថលេខា ដើម្បីទទួលបានសិទ្ធិស្មើភាពក្នុងការប្រើប្រាស់ដែនសមុទ្រ តាមរយៈប្រទេសដទៃបាន។
៣៖ ហេតុអ្វីប្រទេសមួយចំនួនមិនទទួលយកច្បាប់ UNCLOS?
យើងនិយាយពីសហរដ្ឋអាមេរិកមុន ដោយមហាអំណាចកំពូលលើលោកមួយនេះ បានចុះហត្ថលេខាទទួលយកច្បាប់ UNCLOS កាលពីឆ្នាំ១៩៩៤ ក្រោយពីការធ្វើវិសោធនកម្ម PART XI នៃច្បាប់នោះ បានដោះស្រាយកង្វល់ធំៗរបស់អាមេរិករួច។ តែយ៉ាងណា សហរដ្ឋអាមេរិកនៅតែមិនអាចផ្តល់សច្ចាប័នចំពោះ UNCLOS បាន ព្រោះតែព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលណោះមិនអនុម័ត (មិនទទួលបានសំឡេងគាំទ្រដល់ ២/៣ ពីសមាជិកព្រឹទ្ធសភា)។
សម្រាប់ប្រទេសផ្សេងទៀត (ត្រង់ចំណុចនេះយើងសូមលើកយកអ៊ីស្រាអែលមុន) ដែលមានព្រំដែនជាប់សមុទ្រដែរ តែមិនផ្តល់សច្ចាប័នឲ្យច្បាប់ UNCLOS នោះ ក៏ព្រោះតែអ៊ីស្រាអែលយល់ថា ច្បាប់នោះនឹងកំណត់ព្រំដែនរបស់ខ្លួន ក្នុងការទាញយកប្រយោជន៍ពីសមុទ្រ និងប្រឆាំងចំពោះច្បាប់គ្រប់គ្រងលំហសមុទ្ររបស់ខ្លួនផ្ទាល់ ហើយអ៊ីស្រាអែលក៏មានជម្លោះដ៏រុំារ៉ៃជាមួយប្រទេសជិតខាងថែមទៀត ដែលប្រការទាំងនេះមិនអាចឲ្យខ្លួនទទួលយក UNCLOS នោះបានឡើយ។ ហេតុផលនេះ គឺស្រដៀងគ្នា ជាមួយប្រទេសមួយចំនួនទៀតដូចជា វេណេស៊ុយអេឡាជាដើម។
៤៖ តើចំណុចអ្វីខ្លះដែលសំខាន់បំផុតក្នុងច្បាប់ UNCLOS?
ពិតណាស់ច្បាប់ UNCLOS មានចែងច្បាប់រាប់រយជំពូក តែអ្វីដែលគ្រប់គ្នាតែងចាប់អារម្មណ៍ និងយកជាគោលនោះគឺការបែងចែកផលប្រយោជន៍គ្នា ចំពោះព្រំដែនសមុទ្រ ឆ្នេរសមុទ្រ កោះ ចរាចរណ៍ ធនធានក្នុងទឹកសមុទ្រ និងធនធានក្រោមបាតសមុទ្រជាដើមហើយយើងសូមធ្វើការ ស្រង់យកចំណុចសំខាន់ៗ ៣ នៃព្រំដែនការកំណត់ព្រំដែនសមុទ្រនោះមកបកស្រាយដូចតទៅ៖
A: តំបន់ដែនទឹកអធិបតេយ្យ (Territorial Sea)៖ តំបន់នេះគឺគិតចាប់ពីឆ្នេរសមុទ្រនៃប្រទេសមួយ ទៅដល់ក្នុងដែនសមុទ្រដែលមានចម្ងាយ ១២ nautical miles (២២.២km) ពីមាត់ឆ្នេរនោះ។ វាប្រៀបបីដូចជាដែនដី ដែលស្ថិតនៅក្នុងអធិបតេយ្យភាពរបស់ប្រទេសមួយនោះដែរ ដែលគ្មានប្រទេសណាផ្សេងទៀតមានសិទ្ធិក្នុងការរំលោភបំពាននោះឡើយ (កម្មសិទ្ធិផ្តាច់មុខ)។
B: តំបន់ដែនទឹកប្រទាក់គ្នា ឬស្ថិតក្នុងកិច្ចគាំពារពិសេស (Contiguous Zone)៖ តំបន់នេះពេលខ្លះក៏ត្រូវចាត់បញ្ចូលក្នុងតំបន់ Exclusive Economic Zone ដែរ (នឹងមានពន្យល់បន្ថែមនៅចំណុចបន្ទាប់) តែវាត្រូវបានផ្តល់សិទ្ធិពិសេសដល់ប្រទេសមួយ ដើម្បីអនុវត្តច្បាប់របស់ខ្លួនបន្ថែមពីបន្ទាប់ពីតំបន់អធិបតេយ្យដែនទឹកដែលខ្លួនមានក្នុងរង្វង់ ២២.២km ពីឆ្នេរសមុទ្រទៅហើយនោះ។ សម្រាប់ Contiguous Zone នេះគឺបូកថែម ២២.២km ទៀតពីចុងនៃតំបន់អធិបតេយ្យ ឬស្មើនឹង ៤៤.៤km ពីឆ្នេរសមុទ្រ។
សម្រាប់ Contiguous Zone នេះគឺអាចឲ្យប្រទេសនានាធ្វើនាវាចរណ៍កាត់បានដោយមិនបាច់សុំការអនុញ្ញាត ប៉ុន្តែមិនអាចទាញយកប្រយោជន៍សេដ្ឋកិច្ច ឬប្រព្រឹត្តទង្វើបំពានច្បាប់របស់ប្រទេសជាម្ចាស់ Contiguous Zone នោះឡើយ។ UNCLOS បង្កើតឲ្យមាន Contiguous Zone ដើម្បីឲ្យប្រទេសមួយមានវិសាលភាពក្នុងកិច្ចការពារបទល្មើសនានាតាមដែនសមុទ្រ។
C: តំបន់ដែនទឹកសេដ្ឋកិច្ចផ្តាច់មុខ (Exclusive Economic Zone ឬ EEZ)៖ តំបន់នេះគឺគិតចាប់ពីព្រំដែនសមុទ្រ (២២.២km) ប្រទេសមួយ ទៅដល់ក្នុងដែនសមុទ្រដែលចម្ងាយ ២០០ nautical miles (ជាង ៣៧០km) ពីព្រំដែនសមុទ្រនោះ។ នៅក្នុងតំបន់នេះ ប្រទេសជាម្ចាស់អាចធ្វើសកម្មភាពសេដ្ឋកិច្ចនានាបានដូចជា ស្រាវជ្រាវ, នេសាទ, រុករករ៉ែនានា, បូមប្រេង និងផលិតកម្មថាមពល ដោយប្រទេសផ្សេងគ្មានសិទ្ធិមកបំពានឡើយ។
តែនៅក្នុងតំបន់ EEZ នេះនៅតែអនុគ្រោះដល់ប្រទេសផ្សេងៗទៀតក្នុងការធ្វើនាវាចរណ៍ និងចរចារណ៍ផ្លូវអាកាសបាន គ្រាន់តែពួកគេគ្មានសិទ្ធិទាញយកប្រយោជន៍សេដ្ឋកិច្ច ដូចប្រទេសជាម្ចាស់នោះឡើយ។ សម្រាប់ Contiguous Zone ដែលស្ថិតនៅ ២២.២km នៃខាងដើមតំបន់ EEZ ឬបន្ទាប់ពីតំបន់អធិបតេយ្យនេះ គឺជាការផ្តល់សិទ្ធិពិសេសដល់ប្រទេសជាម្ចាស់ ដើម្បីការពារ និងអនុវត្តច្បាប់របស់ខ្លួនបន្ថែមប៉ុណ្ណោះ។
D: ដែនទឹកអន្តរជាតិ (International Water)៖ ឲ្យតែហួសពីតំបន់ EEZ ទៅគឺជាដែនទឹកអន្តរជាតិទាំងអស់ ហើយប្រទេសនានាមានសិទ្ធិក្នុងការទាញយកប្រយោជន៍ ពីដែនអន្តរជាតិនោះ (រួមទាំងប្រទេសគ្មានព្រំដែនជាប់សមុទ្រដែរ) ប៉ុន្តែត្រូវអនុលោមតាមច្បាប់គាំពារបរិស្ថានសមុទ្រដូចមានចែងក្នុង UNCLOS។
ផ្ទុយពីការធ្វើនាវាចរណ៍ នេសាទ និងស្រាវជ្រាវវិទ្យាសាស្ត្រ, ការរុករកប្រេង និងឧស្ម័នធម្មជាតិ ឬសកម្មភាពប៉ះពាល់បរិស្ថានរួមផ្សេងទៀត គឺមិនត្រូវបានអនុញ្ញាតនៅក្នុងច្បាប់ UNCLOS នោះឡើយ។ យើងអាចនិយាយបានថា ធនធានក្រោមសមុទ្រអន្តរជាតិ គឺជាទ្រព្យសម្បត្តិរួម របស់មនុស្សជាតិលើផែនដី ដែលគួរទទួលបានការថែទាំជាជាងបំផ្លិចបំផ្លាញ…។
៥៖ ប្រសិនបើដែនសមុទ្ររួមរវាងប្រទេស២តូចពេក តើ UNCLOS បែងចែកដូចម្តេច?
សម្រាប់ដែនសមុទ្រនៃប្រទេស២ ឬច្រើនជាងនេះ ដែលមានទំហំតូចពេក ហើយមិនអាចយកចំណុច A ឬ B មកអនុវត្តបាននោះ គឺមានន័យថាជាតំបន់ត្រួតស៊ីគ្នា ហើយ UNCLOS មិនមានយុត្ថាធិការគ្រប់គ្រាន់លើបញ្ហានេះឡើយ តែលើកទឹកចិត្តឲ្យភាគីទាំង ២ ដោះស្រាយគ្នាតាមរយៈផ្លូវចរចាដោយសន្តិវិធីដោយយោងលើផ្នែកទី១៥ (PART XV) នៃច្បាប់ ប្រសិនបើបែងចែកដោយស្មើភាពគ្នា នាំឲ្យប៉ះពាល់ដល់ប្រយោជន៍ភាគីណាមួយ ដែលធ្វើឲ្យមានការមិនសុខចិត្តកើតឡើងនោះ។
ប្រសិនបើនៅតែដោះស្រាយគ្នាមិនបាន នោះប្រទេសដែលបានផ្តល់សច្ចាប័នដល់ UNCLOS ទាំង២នោះ អាចបញ្ជូនរឿងក្តីពួកគេមកសុំការប្រឹក្សាបាន ដោយក្រុមអ្នកជំនាញផ្នែកច្បាប់របស់ UNCLOS នឹងផ្តល់យន្តការផ្នែកច្បាប់អន្តរជាតិដ៏សមស្រប ដើម្បីឲ្យភាគីវិវាទឈ្វេងយល់ និងឯកភាពគ្នាដោយសន្តិវិធី។ តែបើនៅតែមិនយល់ស្របគ្នាទៀតនោះ គឺជាសិទ្ធិរបស់ពួកគេ…។
៦៖ តើឲ្យតែប្រទេសជាម្ចាស់កម្មសិទ្ធិផ្តាច់មុខ អាចធ្វើអ្វីៗគ្រប់យ៉ាងចំពោះដែនសមុទ្រខ្លួនឬ?
នៅក្នុងច្បាប់របស់ UNCLOS ទោះបីអ្នកជាម្ចាស់កម្មសិទ្ធិផ្តាច់មុខ (ចំណុច A) លើផ្ទៃសមុទ្រក្នុងចន្លោះ ២២.២km ពីឆ្នេររបស់អ្នកក៏ពិតមែន តែនោះក៏មិនមែនមានន័យថា ប្រទេសអ្នកអាចធ្វើអ្វីៗបានគ្រប់យ៉ាងនោះឡើយ។ ឧទាហរណ៍ នាវាបរទេសនានាមិនអាចចូលតំបន់នេះដោយគ្មានការអនុញ្ញាតពីប្រទេសអ្នកនោះឡើយ តែបើនាវាដែលវង្វេងទិសដៅ ឬស្នើសុំជំនួយនោះ ពួកគេមានសិទ្ធិចូលសួរនាំ និងស្នើសុំជំនួយ ដោយមិនត្រូវមានការប្រកាន់ទោសទណ្ឌអ្វីឡើយ (ក្នុងន័យសប្បុរសធម៌)។
ដោយឡែកសម្រាប់ប្រទេសមួយ ដែលចង់កសាងស្ពានពីដីគោក ទៅកាន់កោះរបស់ខ្លួនក្នុងសមុទ្រនោះ គឺមានសំនួរមួយដែលត្រូវចោទដូចជា៖ តើដែនទឹកនោះជាដែនទឹកពួកគេផ្តាច់មុខតែម្តង ឬយ៉ាងណា? តើស្ពានពួកគេចង់សាងឆ្លងកាត់ទៅកាន់កោះនោះ កាត់ដែនទឹកអន្តរជាតិឬទេ? តើការសាងសង់នោះប៉ះពាល់បរិស្ថាន និងប្រទេសជិតខាងកម្រិតណា? ប្រសិនបើប្រទេសនោះនៅតែធ្វើដើម្បីប្រយោជន៍ផ្ទាល់ខ្លួន តែប៉ះពាល់ដល់គេឯងនោះ មុខមាត់ប្រទេសនោះលើឆាកអន្តរជាតិ ក៏នឹងត្រូវខូចខាតទៅតាមនោះ ឬក៏អាចទទួលការថ្កោលទោសពីស្ថាប័នគាំពារបរិស្ថានអន្តរជាតិ និងតំបន់ផងដែរ…។
៧៖ ប្រសិនបើប្រទេស២មានជម្លោះដែនសមុទ្រនឹងគ្នា តើត្រូវទៅដោះស្រាយនៅឯណា?
ដូចអ្វីដែលត្រូវបានរៀបរាប់ខាងលើរួចហើយ ដោយនៅក្នុងច្បាប់របស់ UNCLOS មានចែងយ៉ាងច្បាស់ពីការជម្រុញឲ្យភាគីវិវាទ ដោះស្រាយបញ្ហារវាងគ្នាតាមរយៈកិច្ចចរចា ដោយសន្តិវិធី និងអាចសុំជំនួយពីក្រុមអ្នកជំនាញផ្នែកច្បាប់របស់ UN ពាក់ព័ន្ធនឹង UNCLOS នោះបាន។ តែប្រសិនបើជម្លោះនោះធំធេង និងត្រូវតែរកដំណោះស្រាយឲ្យខាងតែបាននោះ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺជាជម្រើសល្អបំផុត នៅក្នុងករណីដែលប្រទេសជាភាគីជម្លោះ ផ្តល់សច្ចាប័នដូចគ្នាដល់តុលាការនេះ។
៨៖ តើប្រទេសកម្ពុជាក្លាយជាសមាជិក UNCLOS ហើយឬនៅ? ហេតុអ្វី?
ស្ទើរគ្រប់ប្រទេសទាំងអស់របស់អាស៊ាន បូករួមទាំងប្រទេស Timor-Leste ដែលជាសមាជិកទីពៅគេទី ១១ សុទ្ធតែបានចុះហត្ថលេខាទទួលស្គាល់ និងផ្តល់សច្ចាប័នចំពោះច្បាប់សមុទ្រ UNCLOS រួចរាល់ហើយ លើកលែងតែប្រទេសមួយប៉ុណ្ណោះ នោះគឺកម្ពុជាយើង ដែលអាចចាត់ទុកថាមិនទាន់ក្លាយជាសមាជិកពេញលេញ។ ប្រទេសកម្ពុជាបានចុះហត្ថលេខាទទួលស្គាល់ច្បាប់ UNCLOS តាំងតែពីថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៨៣ ប៉ុន្តែជាង៤ទសវត្សរ៍មកនេះ ប្រទេសកម្ពុជានៅតែមិនទាន់ផ្តល់សច្ចាប័នដល់ច្បាប់នេះ ដើម្បីក្លាយខ្លួនជាសមាជិកពេញនៅឡើយ។
យោងតាមការផ្សាយរបស់កាសែត Khmer Times កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ បានឲ្យដឹងថា ប្រទេសបារាំងតាមរយៈឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំទីក្រុងភ្នំពេញ បានជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជាផ្តល់សច្ចាប័នចំពោះ UNCLOS ដោយបារាំងយល់ថា ច្បាប់អន្តរជាតិនេះពិតជាចាំបាច់ណាស់សម្រាប់កម្ពុជា ដើម្បីស្វែងរកដំណោះស្រាយទៅលើបញ្ហាប្រឈមដ៏ស្មុគស្មាញនានានៅក្នុងដែនសមុទ្រជាមួយប្រទេសជិតខាង។

បន្ថែមពីនេះ នៅក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា គឺសម្តេច ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសជប៉ុនចាប់ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ សម្តេចបានលើកឡើងពីការប្តេជ្ញាចិត្តជាថ្មីរបស់ប្រទេសកម្ពុជា ក្នុងការក្លាយខ្លួនជាសមាជិកពេញលេញនៅក្នុងច្បាប់ UNCLOS ដោយមិនត្រឹមតែដើម្បីទទួលបានសិទ្ធិលើផ្នែកនាវាចរណ៍ និងធនធាននានាប៉ុណ្ណោះទេ តែក៏ដើម្បីដោះស្រាយជម្លោះនានាដោយផ្លូវច្បាប់ និងដោយសន្តិវិធីផងដែរ, នេះបើតាមការផ្សាយពីកាសែត Cambodianess។
សរុបមក កម្ពុជាបានប្រកាសរួចហើយថា នឹងផ្តល់សច្ចាប័នដល់ច្បាប់នេះ គ្រាន់តែដំណើរការផ្នែកច្បាប់ គឺត្រូវការពេលសមស្រប…។ ដោយឡែកកាលពីខែកញ្ញាឆ្នាំ ២០២៥ ប្រទេសកម្ពុជាបានផ្តល់សច្ចាលើសន្ធិសញ្ញាដ៏សំខាន់មួយ សម្រាប់ការពារបរិស្ថានសមុទ្រអន្តរជាតិដែលមានឈ្មោះថា High Seas Treaty ឬ កិច្ចព្រមព្រៀង BBNJ ដែលខ្លួនបានចុះហត្ថលេខា កាលពីខែមិថុនា ឆ្នាំដដែលនោះរួចហើយដែរ។ High Seas Treaty មានទិសដៅការពារ និងអភិរក្សធនធានធម្មជាតិក្នុងដែនសមុទ្រអន្តរជាតិ ដែលមានទំហំស្មើនឹង ២/៣ ផ្ទៃសមុទ្រទាំងអស់លើភពផែនដី។
យោងតាមអង្គការ High Seas Alliance សន្ធិសញ្ញាដ៏សំខាន់ខាងលើ ដែលត្រូវបានប្រកាសចេញដំបូងកាលពីខែកញ្ញា ឆ្នាំ២០២៣នោះ មានប្រទេសសរុបជាង ១៤០ហើយបានចុះហត្ថលេខាទទួលយក ហើយក្នុងនោះប្រទេសជាង ៦០ បានផ្តល់សច្ចាប័ន (រួមទាំងកម្ពុជា) គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥។ High Seas Treaty ឬ កិច្ចព្រមព្រៀង BBNJ នឹងចូលជាធរមាននៅខែមករា ឆ្នាំ២០២៦ ដើម្បីបំពេញចន្លោះប្រហោងមួយចំនួនរបស់ UNCLOS ពាក់ព័ន្ធនឹងការការពារដែនទឹកអន្តរជាតិ៕
រៀបរៀង និងប្រែសម្រួល៖ ឥន្ទ វត្ថា (Cambo Space)
ប្រភព៖ The United Nations via UNCLOS (ថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥)
