យានចិនទើបផ្តិតបានរូបភាពថ្មីៗ ចេញពីគន្លងគោចរភពអង្គារ ដោយប្រើកាមេរ៉ាហោះ (មានរូបភាព)

1,497

(ប៉េកាំង)៖ យានអវកាស Tianwen-1 របស់ប្រទេសចិន ទើបតែបានថតរូបភាព selfie ពីគន្លងគោចរជុំវិញភពព្រះអង្គារ រួចបាញ់បញ្ជូនមកដល់ភពផែនដីវិញ ខណៈដែលមនុស្សលោកលើភពផែនដី ទើបតែឈានចូលឆ្នាំថ្មីឆ្នាំសកល ២០២២។ រូបថត selfie និងរូបថតភពអង្គារ ដែលត្រូវបានបង្ហាញថ្មីៗនេះ គឺត្រូវបានថតដោយកាមេរ៉ាជាប់យានអវកាស Tianwen-1 ផ្ទាល់ និងកាមេរ៉ាហោះមួយទៀត ដែលបេសកកម្ម Tianwen-1 ទុកប្រើប្រាស់ ដើម្បីផ្តិតយកទិដ្ឋភាពផ្កាយរណបនេះ គោចរក្នុងគន្លងជុំវិញភពអង្គារផ្ទាល់តែម្តង។

បើតាមរដ្ឋបាលអវកាសចិន (CNSA) បានបញ្ជាក់ឲ្យដឹងថា រូបភាពទាំងអស់នេះត្រូវបានថតពីលើ តំបន់ប៉ូលខាងជើងភពអង្គារ និងអាចឲ្យយើងមើលឃើញនូវតំបន់ ដែលមានកាតឹបទឹកកកផងដែរ។ CNSA បានឲ្យដឹងទៀតថា នៅក្រោយពេលដែលកាមេរ៉ាហោះតូចនោះ ផ្តិតរូបភាពរួចរាល់ វានឹងផ្ញើរូបទាំងនោះទៅកាន់ផ្កាយរណប Tianwen-1 តាមរយៈសេវា WiFi

ទាំងអស់នេះត្រូវបានចាត់ទុកថា ជារូបភាពដ៏កម្រ និងមិនធ្លាប់ត្រូវបានអង្គការអវកាសណា ធ្វើនោះឡើយ នៅក្នុងការថតរូបផ្កាយរណបមួយ កំពុងគោចរពីលើភពអង្គារពិតៗបែបនេះ បើទោះបីជាគុណភាពរូបភាព នៅមានកម្រិតក្តី។ រូបថតថ្មីៗខាងលើនេះ ក៏ត្រូវបានចែកចាយដោយក្រុមអ្នកជំនាញ និងអង្គការអវកាសអន្តរជាតិនានាផងដែរ។

គួរបញ្ជាក់ថា Tianwen-1 បានទៅដល់គន្លងគោចរជុំវិញភពអង្គារ កាលពីខែកុម្ភៈ ឆ្នាំ២០២១ ហើយរ៉ូបូត Zhurong ដែលនៅជាប់ខ្លួនវា ត្រូវបានផ្តាច់ចេញ និងចុះចតដោយជោគជ័យលើផ្ទៃភពអង្គារ កាលពីខែឧសភា ឆ្នាំដដែល។ ក្រៅពីរូបថតនៅលើគន្លងគោចរភពអង្គារ CNSA ក៏បានបង្ហាញរូបផ្គុំមួយ នៅលើផ្ទៃភពព្រះអង្គារ ដែលកើតចេញពីរូបបីសន្លឹក ដោយរ៉ូបូត Zhurong ផងដែរ។

បច្ចុប្បន្ន Zhurong កំពុងបន្តស្ថិតនៅក្នុងតំបន់ Utopia Planitia នៃភពអង្គារ ហើយបើគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ វាបានស្ថិតនៅលើភពអង្គារអស់រយៈពេល ២២៥ សូល (សូល = ថ្ងៃនៃភពអង្គារ) និងបានចល័តក្នុងរយៈចម្ងាយ ១,៤០០ម៉ែត្រ។ CNSA បានឲ្យដឹងថា ទាំងផ្កាយរណប Tianwen-1 និង Zhurong នៅតែមានដំណើរការយ៉ាងល្អ៕

យានចិនទើបផ្តិតបានរូបភាពថ្មីៗ ចេញពីគន្លងគោចរភពអង្គារ ដោយប្រើកាមេរ៉ាហោះ (មានរូបភាព)

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com/CGTN (ថ្ងៃអង្គារ ទី០៤ ខែមករា ឆ្នាំ២០២១)

480×240 Banner