ក្រោយស្នាក់នៅ ISS ១២ថ្ងៃ សេដ្ឋីជប៉ុនរូបនេះថា កាន់តែស្រឡាញ់ផ្ទះរបស់លោកខ្លាំងឡើង, គោលដៅបន្ទាប់ គឺចុះទៅបាតសមុទ្រ…

0 13,272

(តូក្យូ)៖ ក្រោយពីទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការស្នាក់នៅស្ថានីយអវកាសអន្តរជាតិ (ISS) ជិត ២សប្តាហ៍នោះ មហាសេដ្ឋីប្រាក់ពាន់លានរបស់ជប៉ុន លោក យូសាគុក ម៉ាអ៊ិហ្សាវ៉ា (Yusaku Maezawa) បានថ្លែងចេញនូវមហិច្ឆតាថ្មីរបស់លោក ដែលអាចនឹងពិបាកជាងមុន។ គោលដៅថ្មីរបស់លោក Maezawa នោះគឺអន្លង់ ម៉ារីយ៉ាន (Mariana Trench) ជាចំណុចជ្រៅបំផុតនៃសមុទ្ររបស់ភពផែនដី។ Mariana Trench ដែលធ្លាប់មានតែគ្រឿងយន្តមុជទឹកប៉ុណ្ណោះបានទៅដល់នោះ មានជម្រៅជាង ១០គីឡូម៉ែត្រ និងស្ថិតនៅភាគខាងលិច នៃមហាសមុទ្រប៉ាស៊ីហ្វិក។

គួរបញ្ជាក់ថា លោក Maezawa និងជំនួយការលោកឈ្មោះ យ៉ូហ្សូ ហ៊ីរ៉ាណុ (Yozo Hirano) បានចំណាយពេល ១២ថ្ងៃ ស្នាក់នៅក្នុងស្ថានីយអវកាសអន្តរជាតិ កាលពីខែធ្នូ ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ជាទីដែលពួកគេបានផលិតវីដេអូឯកសារ អំពីជីវិតនៅក្នុងទីអវកាស ជាការអបអរចំពោះឆាណែល YouTube របស់មហាសេដ្ឋីរូបនេះ ដែលទទួលបាន subscribers រហូតដល់ ១លាននាក់។

នៅថ្ងៃសុក្រនេះ មហាសេដ្ឋីជប៉ុន Yusaku Maezawa បានផ្តល់បទសម្ភាសន៍ជាលើកដំបូង គិតចាប់តាំងពីលោកបានមកដល់ទឹកដីកំណើតវិញ នោះគឺប្រទេសជប៉ុន។ លោក Maezawa បានសង្កត់ធ្ងន់ថា ក្រោយការស្នាក់នៅ ISS រួច បានធ្វើឲ្យលោកកាន់តែស្រឡាញ់ភពផែនដីនេះកាន់តែខ្លាំង ព្រោះនៅផ្ទះលោកអាចស្រូបយកខ្យល់អាកាស និងដឹងក្លិនអ្វីៗគ្រប់យ៉ាងនៅជុំវិញ ព្រមទាំងមានរដូវកាលច្បាស់លាស់ផងដែរ។

តាមរយៈកិច្ចសម្ភាសន៍នៅទីក្រុងតូក្យូ មហាសេដ្ឋីវ័យ ៤៦ឆ្នាំរូបនេះ ក៏បានពន្យល់អំពីរសជាតិ នៃស្នាក់នៅទីកន្លែងដែលគ្មានទំនាញផងដែរ ដោយការដេក ដើរ ឈរ និងអង្គុយ គឺសុទ្ធតែមានភាពលំបាកសម្រាប់មនុស្សធម្មតា ជាក់ស្តែងគឺនៅពេលដែលលោកគេង ក៏មិនងាយលក់នោះដែរ ព្រោះតែខ្លួនលោកបានអណ្តែត ដោយសារតែភាពគ្មានទំនាញ។

ក្រោយស្នាក់នៅ ISS ១២ថ្ងៃ សេដ្ឋីជប៉ុនរូបនេះថា កាន់តែស្រឡាញ់ផ្ទះរបស់លោកខ្លាំងឡើង, គោលដៅបន្ទាប់ គឺចុះទៅបាតសមុទ្រ…

គួរបញ្ជាក់ថា មហិច្ឆតាក្នុងការចុះទៅកាន់អន្លង់ ម៉ារីយ៉ាន នោះគឺត្រឹមតែជាការលើកឡើង ដើម្បីបង្ហាញគោលដៅសិនប៉ុណ្ណោះ ដោយមហាសេដ្ឋីជប៉ុនរូបនេះ មិនទាន់បានបញ្ជាក់អំពីពេលវេលា និងក្រុមហ៊ុនដែលត្រូវរួមសហការ ក្នុងការបង្កើតព្រឹត្តិការណ៍ថ្មី សម្រាប់លោកបែបនោះឡើយ។ តែយ៉ាងណា សម្រាប់គម្រោងជាក់លាក់នៅក្នុងឆ្នាំ២០២៣ ខាងមុខនេះ គឺលោក Maezawa នឹងត្រូវជិះយានអវកាស SpaceX របស់មហាសេដ្ឋីអាមេរិកលោក អ៊ីឡុន ម៉ាសក៍ (Elon Musk) ទៅហោះក្រលឹងជុំវិញព្រះចន្ទ រួចត្រលប់មកកាន់ភពផែនដីវិញ៕

ប្រភព៖ AFP (ថ្ងៃសុក្រ ទី០៧ ខែមករា ឆ្នាំ២០២២)

Leave A Reply

Your email address will not be published.