អបអរសាទរ! ទីបំផុតតេឡេស្កូបអវកាស James Webb បានពន្លាតខ្លួនចេញ ១០០% ហើយ! (មានវីដេអូ)

0 6,426

(អាមេរិក)៖ ក្រុមអវកាសយានិក និង fans របស់ James Webb ទូទាំងភពផែនដី ពិតជាមានក្តីរីករាយ និងធូរទ្រូងក្រៃលែង ក្រោយពីបានមើលឃើញថា តេឡេស្កូបអវកាសមួយនេះ បានពន្លាតខ្លួនចេញទាំងស្រុងដោយជោគជ័យតែម្តង ខណៈវាកំពុងចល័តទៅរកគន្លងគោចរអចិន្ត្រៃយ៍របស់វា ដែលស្ថិតនៅចម្ងាយ ១.៥លានគីឡូម៉ែត្រពីភពផែនដី។

ការបញ្ចេញកញ្ចក់ស្រូបពន្លឺពណ៌មាសទាំង ១៨ផ្ទាំង ដែលមានមុខកាត់សរុបទំហំ ៦.៥ម៉ែត្រនោះ ត្រូវបានចាត់ទុកថា ជាជំហានសំខាន់បំផុតចុងក្រោយ ហើយវាបានសម្រេចជោគជ័យទាំំងស្រុង កាលពីរសៀលថ្ងៃសៅរ៍ ទី០៨ ខែមករា ឆ្នាំ២០២២ (ពេលវេលានៅសហរដ្ឋអាមេរិក)។ ការពន្លាតផ្ទាំងកញ្ចក់ចេញនេះ ត្រូវបានធ្វើឡើងយ៉ាងសន្សឹមៗ និងត្រូវប្រឈមនឹងហានិយភ័យខ្ពស់ជាទីបំផុត។

បណ្តុំកញ្ចក់ស្រូបពន្លឺដែលជាផ្នែកចុងក្រោយខាងលើនេះ ត្រូវបានចាប់ផ្តើមពន្លាតចេញ កាលពីវេលាម៉ោង ១០៖៣០នាទីព្រឹកថ្ងៃសៅរ៍ (ម៉ោងក្នុងតំបន់) ហើយប្រមាណជិត ៣ម៉ោងក្រោយមក គឺនៅម៉ោង ១៖១៧នាទីរសៀលថ្ងៃដដែល បណ្តុំកញ្ចក់នេះត្រូវបានពន្លាតចេញទាំងស្រុង និងកឹបជាប់គន្លឹះជាស្ថានពរ ដែលនាំឲ្យក្រុមការងារគ្រប់គ្រង James Webb នៅឯមជ្ឈមណ្ឌលកណ្តាលរបស់ពួកគេ ស្ថិតក្នុងទីក្រុង Baltimore រដ្ឋ Maryland សហរដ្ឋអាមេរិក ផ្ទុះការអបអរសាទរយ៉ាងកងរំពងតែម្តង។

ជុំវិញជោគជ័យដ៏ធំធេងនេះ លោក Thomas Zurbuchen អនុប្រធានរដ្ឋបាល សម្រាប់ផ្នែកវិទ្យាសាស្ត្រអង្គការ NASA បានលើកឡើងថា «យើងបានពន្លាត តេឡេស្កូប (James Webb) យ៉ាងពេញលេញនៅក្នុងគន្លងគោចរ…។ វាជាកែវយឺតអវកាសដ៏អស្ចារ្យ ដែលពិភពលោកមិនធ្លាប់បានឃើញ…។ យើងបានរំពឹងថា វានឹងជោគជ័យរួចទៅហើយនៅថ្ងៃនេះ»។

អបអរសាទរ! ទីបំផុតតេឡេស្កូបអវកាស James Webb បានពន្លាតខ្លួនចេញ ១០០% ហើយ!

ដោយឡែកអ្នកជំនាញខាងតារាសាស្ត្ររបស់ NASA លោកស្រី Michelle Thaller វិញបានលើកឡើងថា «ខ្ញុំនៅដិតដាមពន្លឺនោះជាប់ជានិច្ច… អ្នកដឹងទេ… ក្នុងអារម្មណ៍ខ្ញុំពេលនេះ នៅតែមើលឃើញនូវកញ្ចក់ (James Webb) បានពន្លាតចេញទាំងអស់…។ ទំហំនៃកញ្ចក់របស់ James Webb នឹងអាចឲ្យមនុស្សលោក មើលឃើញអតីតកាលរបស់ចក្រវាល នៅរយៈពេល ១០០លានឆ្នាំ បន្ទាប់ពីបន្ទុះ Big Bang»។

គួរបញ្ជាក់ថា តេឡេស្កូបអវកាស James Webb ត្រូវបានបញ្ជូនចេញពីភពផែនដី កាលពីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ (ម៉ោងនៅទីក្រុងវ៉ាស៊ីតោន)។ វានឹងចល័តទៅកាន់គន្លងគោចរ «L2» ដែលមានចម្ងាយ ១.៥លានគីឡូម៉ែត្រពីភពផែនដី ដោយប្រើប្រាស់រយៈពេលសរុប ២៩ថ្ងៃ។ អង្គការ NASA ក៏ទើបតែបានប្រកាសឲ្យដឹងថា តេឡេស្កូបអវកាស James Webb ដែលមានតម្លៃជិត ១០ពាន់លានដុល្លារ បានបញ្ចេញខែលការពារពន្លឺព្រះអាទិត្យ (sunshield) ចំនួន ៥ស្រទាប់ដ៏ស្មុគស្មាញរបស់វា ប្រកបដោយជោគជ័យផងដែរ កាលពីថ្ងៃអង្គារ ទី០៤ ខែមករា ឆ្នាំ២០២២។

James Webb នឹងអាចសម្លឹងឃើញពន្លឺកាលពីអតីតកាលប្រមាណ ១៣.៥ពាន់លានឆ្នាំ ឬស្មើនឹងកំលុងពេលដំបូងៗបំផុត នៃការកកើតចក្រវាល (universe) មួយនេះ ដែលត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រគណនាថា មានអាយុកាលជាង ១៣.៨ពាន់លានឆ្នាំ។ James Webb ក៏នឹងអាចសិក្សាអំពីភពអេលៀនផងដែរ តាមរយៈការឆ្លុះមើលធាតុគីមីផ្សំ នៅក្នុងបរិយាកាសនៃបណ្តាភព exoplanet ដ៏គួរឲ្យសង្ស័យនានា ដែលតេឡេស្កូបមុនៗបានរកឃើញរួចមកហើយ ប៉ុន្តែមិនទាន់អាចកំណត់ព័ត៌មានឲ្យបានជាក់លាក់ ព្រោះតែសមត្ថភាពពួកវានៅមានកម្រិត។

គួររំលឹកថា ប្រតិបត្តិការរបស់ James Webb នឹងចាប់ផ្តើមនៅរដូវក្តៅឆ្នាំ២០២២ ឬស្មើនឹងរយៈពេល «៦ខែ» បន្ទាប់ពីការបាញ់បង្ហោះ និងរៀបចំត្រួតពិនិត្យដំណើរការគ្រប់យ៉ាងនៅលើ James Webb ឲ្យបានរួចរាល់ជាស្ថាពរ។ វាក៏នឹងក្លាយជាពេលដែលអង្គការ NASA បញ្ចេញរូបភាពដំបូងៗដែល James Webb ផ្តិតបាន ឲ្យមនុស្សលើពិភពលោកទាំងមូលបានឃើញផងដែរ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃអាទិត្យ ទី០៩ ខែមករា ឆ្នាំ២០២២)