James Webb បានពន្លាតខ្លួន១០០%ហើយ, ចុះតើវានឹងដំណើរការ «ផ្លូវការ» នៅពេលណា?

703

(អាមេរិក)៖ ការងារសម្រាប់តេឡេស្កូបអវកាស James Webb ទើបតែស្ថិតក្នុងដំណាក់កាលត្រៀមចាប់ផ្តើមប៉ុណ្ណោះ ខណៈកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ វាត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រអង្គការ NASA បញ្ជាឲ្យពន្លាតតួខ្លួនចេញទាំងស្រុង នៅពេលកំពុងចល័តទៅរកគន្លងគោចរ L2 ដែលមានចម្ងាយ ១.៥លានគីឡូម៉ែត្រពីភពផែនដី។ ប៉ុន្តែតើដំណើរការរបស់តេឡេស្កូប តម្លៃជិត ១០ពាន់លានដុល្លារនេះនឹងចាប់ផ្តើមជា «ផ្លូវការ» នៅពេលណា?

បើតាមក្រុមការងារគ្រប់គ្រងបេសកកម្ម James Webb នៅឯទីបញ្ជាការរបស់ខ្លួន ស្ថិតក្នុងទីក្រុង Baltimore នៃរដ្ឋ Maryland សហរដ្ឋអាមេរិក តេឡេស្កូបអវកាសនេះ នឹងទៅដល់ជិតគន្លងគោចរ L2 នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ (ពេលវេលានៅវ៉ាស៊ីនតោន)។ នៅពេលនោះហើយដែល James Webb នឹងបញ្ឆេះម៉ាស៊ីន ដើម្បីរុញច្រានខ្លួនវា ឲ្យជ្រៀតចូលទៅកាន់គន្លងគោចរ ស្ថិតនៅចម្ងាយ ១.៥លានគីឡូម៉ែត្រពីផែនដីនោះតែម្តង។

នៅពេលដែល James Webb ជ្រៀតចូលក្នុងគន្លងគោចរ ប្រកបដោយភាពត្រឹមត្រូវហើយនោះ វានឹងអាចរក្សាឥន្ធនៈក្នុងខ្លួនបានតិចតួច ដែលល្មមទុកប្រើសម្រាប់រក្សាខ្លួនវា ឲ្យស្ថិតក្នុងគន្លងគោចរ L2 (ជាគន្លងគោចរដែលមាន ព្រះចន្ទស្ថិតនៅចន្លោះរវាង James Webb និងផែនដី) ប្រកបដោយសុវត្ថិភាព។ យ៉ាងណាក៏ដោយ ក្រុមជំនាញអង្គការ NASA បានអះអាងថា ពួកគេត្រូវការបំពេញកិច្ចការងារ ដ៏ស្មុគស្មាញជាច្រើនទៀត។

NASA នឹងត្រូវការពេលយ៉ាងហោចណាស់ពីរសប្តាហ៍បន្ទាប់ពី James Webb ពន្លាតខ្លួនរួចរាល់កាលពីថ្ងៃទី០៨ ខែមករា ដើម្បីត្រួតពិនិត្យការងារឲ្យបានល្អិតល្អន់ ទៅលើកញ្ចក់ស្រូបពន្លឺពណ៌មាសទាំង ១៨ផ្ទាំង ដើម្បីឲ្យវាអាចធ្វើប្រតិបត្តិការ ក្លាយជាកញ្ចក់រួមតែមួយ។ បន្ទាប់មកទៀត James Webb នឹងត្រូវសាកល្បង បើកដំណើរការឧបករណ៍មួយចំនួន នៅមុនពេលទៅដល់គន្លងគោចរ L2 ហើយនៅពេលទៅដល់ L2 ឧបករណ៍នៅសល់ទាំងប៉ុន្មានទៀត នឹងត្រូវបើកដំណើរការព្រមគ្នាទាំងអស់។

James Webb បានពន្លាតខ្លួន១០០%ហើយ, ចុះតើវានឹងដំណើរការ «ផ្លូវការ» នៅពេលណា?

បើតាមក្រុមជំនាញ NASA នៅក្រោយទៅដល់ L2 នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ពួកគេនឹងត្រូវការពេលប៉ុន្មានខែទៀត ដើម្បីកែតម្រូវ និងត្រួតពិនិត្យដំណើរការជារួមរបស់ James Webb។ រូបភាពដំបូងៗ អាចនឹងមិនច្បាស់នោះឡើយ នៅក្នុងអំលុងនៃការធ្វើតេស្តដំបូងៗ ដូច្នេះវានឹងមិនត្រូវបានចាត់ទុក ជាពេលនៃដំណើរការជាផ្លូវការរបស់ James Webb នោះឡើយ។ James Webb ត្រូវបានបំពាក់ដោយឧបករណ៍វិទ្យាសាស្ត្រ ៤ សំខាន់ៗ ដែលពាក់ព័ន្ធនឹងដំណើរការនៃមុខងារ អង្កេតចក្រវាលដោយប្រើពន្លឺ Infrared។

គួរបញ្ជាក់ថា James Webb អាចនឹងត្រូវបញ្ចប់ការត្រួតពិនិត្យពេញលេញ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ដែលនឹងអាចប្រែប្រួលថែមទៀត ទៅតាមពេលវេលា នៃការសន្មត់ដំណាក់កាលនីមួយៗថា ដំណើរការល្អប្រសើរ ឬនៅ។ រូបភាពដំបូងៗ អាចនឹងផ្តោតទៅលើការថតរូប តារានានា និងបណ្តុំពពកធូលីដ៏ធំមហិមាទាំងឡាយ ដើម្បីឲ្យក្រុមតារាវិទូស្វែងយល់អំពីដំណើរការ និងប្រសិទ្ធភាពពេញលេញរបស់ James Webb នៅក្នុងការចាប់់យកពន្លឺក្នុងចក្រវាល។

ដូច្នេះសរុបមក រយៈពេលយ៉ាងហោចណាស់ ៦ខែ បន្ទាប់ពីការបាញ់បង្ហោះនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ James Webb នឹងត្រូវចាត់ទុកថា «ដំណើរការជាផ្លូវការ» (អាចនៅអំលុងចុងខែមិថុនា ឆ្នាំ២០២២)។ សូមទស្សនាវីដេអូនៃការពន្លាតខ្លួនពេញលេញ ១០០% របស់ James Webb៖

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២)

480×240 Banner