រន្ធត់! រលកយក្សស៊ូណាមិវាយប្រហារកោះ Tonga បន្ទាប់ពីភ្នំភ្លើងបាតសមុទ្រផ្ទុះឡើង យ៉ាងកក្រើកបំផុត! (មានវីដេអូ-រូបភាព)

4,197

(អូស្ត្រាលី)៖ បន្ទុះភ្នំភ្លើងក្រោមបាតសមុទ្រភាគនិរតី នៃមហាសមុទ្រប៉ាស៊ីហ្វិក បានបង្កឲ្យមានគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ វាយប្រហារដែនកោះ តុងហ្កា (Tonga) ដែលនៅស្ថិតនៅក្បែរនោះ។ រូបភាពគួរឲ្យរន្ធត់ៗជាច្រើន ទាំងនៅលើដីផ្ទាល់ និងពីទីអវកាសត្រូវបានផ្សព្វផ្សាយយ៉ាងព្រោងព្រាត នៅទូទាំងពិភពលោក។

មនុស្សម្នារស់នៅក្នុងទីក្រុង នូគូ អាឡូហ្វា (Nuku’alofa) នៃប្រទេសដីកោះ Tonga ដែលមានប្រជាជនរស់នៅសរុបជាង ១សែននាក់ បានរត់ភៀសខ្លួនចេញពីលំនៅឋាន និងជម្រកនានារបស់ពួកគេ ស្ថិតនៅជាប់ឆ្នេរសមុទ្រ ដើម្បីឡើងទៅរកទីទួលមានសុវត្ថិភាព។

បន្ទុះភ្នំភ្លើង ហាំងហ្កា តុងហ្កា ហាំងហ្កា ហាអាផៃ (Hunga Tonga-Hunga Haʻapai) ដែលស្ថិតនៅក្នុងសមុទ្រប៉ាស៊ីហ្វិកនេះ ត្រូវបានលាន់ឮដល់បណ្តាប្រទេសដីកោះនៅជុំវិញនោះ រួមទាំងប្រទេសអូស្ត្រាលី និងនូវែលសេឡង់ផងដែរ។ សាក្សីនៅទីក្រុង Nuku’alofa របស់ Tonga បានអះអាងថា ព្រះវិហារ, លំនៅដ្ឋាន និងសំណង់ជាច្រើន ត្រូវរលកយក្សស៊ូណាមិបោកសង្គ្រប់ ខណៈភ្នំភ្លើងកើតហេតុខាងលើនេះ ស្ថិតនៅចម្ងាយ ៦៥គីឡូម៉ែត្រពីទីក្រុង Nuku’alofa។

បើតាមអាជ្ញាធរ Tonga ឲ្យដឹងថា ការផ្ទុះបានកើតមានឡើង កាលពីល្ងាចថ្ងៃសៅរ៍ ទី១៥ ខែមករា ឆ្នាំ២០២២ (ម៉ោងក្នុងតំបន់) ខណៈផេះភ្នំភ្លើងបានជះឡើងដល់លើអាកាស ក្នុងរយៈកម្ពស់ ២០គីឡូម៉ែត្រឯណោះ។ នេះគឺជាការផ្ទុះភ្នំភ្លើង ដ៏អាក្រក់បំផុតក្នុងតំបន់នេះ ដែលមិនធ្លាប់មានជាង ៣០ឆ្នាំមកហើយ ដោយអ្នករស់នៅលើដីកោះ Tonga បានរៀបរាប់ថា សំឡេងផ្ទុះបានលាន់ឮហាក់ដូរជាផ្គររន្ទះដ៏ខ្លាំងអស្ចារ្យ ហើយបន្តិចក្រោយមកទីក្រុង Nuku’alofa ត្រូវបានគ្របដណ្តប់ដោយភ្លៀងកម្ទេចផេះ។

គួរបញ្ជាក់ថា បើមើលតាមរូបភាពពីផ្កាយរណប ទីក្រុង Nuku’alofa និងដែនកោះ Tonga ត្រូវបានគ្របដណ្តប់ដោយផេះភ្នំភ្លើង Hunga Tonga-Hunga Haʻapai ទាំងស្រុងទៅហើយ ខណៈមិនទាន់មានសេចក្តីរាយការណ៍ អំពីមនុស្សរងគ្រោះ និងទំហំនៃការខូចខាតនៅឡើយទេ គិតត្រឹមយប់ថ្ងៃសៅរ៍នេះ៕

រន្ធត់! រលកយក្សស៊ូណាមិវាយប្រហារកោះ Tonga បន្ទាប់ពីភ្នំភ្លើងបាតសមុទ្រផ្ទុះឡើង យ៉ាងកក្រើកបំផុត! (មានវីដេអូ-រូបភាព)

ប្រែសម្រួល៖ Cambo Space
ប្រភព៖ BBC (ថ្ងៃសៅរ៍ ទី១៥ ខែមករា ឆ្នាំ២០២២)

480×240 Banner