តេឡេស្កូបអវកាស NASA អង្កេតភពមួយធំជាង Jupiter ១៣ដង និងមើលឃើញ «រដូវ» ផ្លាស់ប្តូរលឿនស្ទើរមិនគួរឲ្យជឿ (មានវីដេអូ)

6,363

(បរទេស)៖ តេលេស្កូបអវកាសចាស់វស្សាមួយរបស់អង្គការ NASA គឺ Spitzer បានអង្កេតមើលភព exoplanet មួយស្ថិតនៅចម្ងាយ ៨៤៨ឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) ដើម្បីយល់ដឹងអំពីបម្រែបម្រួលរបស់វា ហើយនៅទីបំផុតគេបានរកឃើញថា រដូវកាលនៅលើភពដែលមានម៉ាសធំជាង ភពព្រហស្បតិ៍ (Jupiter) របស់យើងដល់ទី ១៣ដងនោះ មានការផ្លាស់ប្តូរលឿនរហ័សជាទីបំផុត ស្ទើរមិនគួរឲ្យជឿនោះឡើយ។

ក្រោយការអង្កេតដោយប្រើប្រាស់រយៈពេល ១ឆ្នាំ ទៅលើភព exoplanet ដែលមានឈ្មោះសម្គាល់ថា XO-3b នោះ ក្រុមអ្នកវិទ្យាសាស្ត្របានដឹងថា មួយឆ្នាំនៅលើភពនេះ គឺស្មើតែរយៈពេល ៣ថ្ងៃនៅលើភពផែនដីប៉ុណ្ណោះ ហើយសម្រាប់រដូវក្តៅរបស់វា អាចអូសបន្លាយក្នុងរយៈពេល ២៤ម៉ោង និងរដូវរងាអូសបន្លាយ ៤៨ម៉ោង។ រដូវកាលផ្លាស់ប្តូរដ៏ឆាប់រហ័សបែបនេះ ក៏បង្ហាញអំពីភាពអស្ចារ្យនៃភព XO-3b មួយនេះផងដែរ។

លោកស្រី Lisa Dang អ្នកស្រាវជ្រាវមួយរូបប្រចាំនៅសាកលវិទ្យាល័យ McGill ប្រទេសកាណាដា បានលើកឡើងជុំវិញរបកគំហើញថ្មីខាងលើនេះថា «យើងបានមើលឃើញការប្រែប្រួលសីតុណ្ហភាពតាមរដូវ ខ្លាំងជាងអ្វីដែលយើងជួបប្រទះ លើភពផែនដីនេះរាប់រយដងឯណោះ។ ទាំងអស់នេះមិនមែនជារដូវ ដូចមាននៅលើភពរបស់យើងនោះឡើយ។ អ្វីដែលយើងបានមើលឃើញ នៅលើភព (XO-3b) នោះ គឺជាស្ថិតនៅក្នុងដំណើរវិវឌ្ឍពាក់កណ្តាលផ្លូវរបស់វាទៅហើយ…»។

យ៉ាងណាក៏ដោយ រដូវកាលផ្លាស់ប្តូររហ័សនោះ គ្រាន់តែជាចំណុចប្លែកអស្ចារ្យមួយប៉ុណ្ណោះ ប៉ុន្តែលក្ខណៈចម្លែកផ្សេងទៀត ដែលកែវយឺតអវកាស Spitzer បានអង្កេតឃើញផងដែរនោះ គឺការជះចេញនូវរលកសញ្ញា infrared (កម្តៅ) ដែលខ្លាំងជាងភពយក្សក្តៅ (hot Jupiter) ផ្សេងៗទៀត ដែលត្រូវបានរកឃើញកន្លងមក ហើយក៏ជាអ្វីដែលក្រុមអ្នកវិទ្យាសាស្ត្រ មិនធ្លាប់បានជួបប្រទះផងដែរ។

គួរបញ្ជាក់ថា សម្រាប់ភពផែនដីរបស់យើង រដូវអាចផ្លាស់ប្តូរបានដោយសារតែ ការទ្រេតនៃអ័ក្សរង្វិលខ្ញាល់របស់ភពយើង ពេលគោចរជុំវិញព្រះអាទិត្យជាចម្បង ប៉ុន្តែសម្រាប់ភព XO-3b កត្តាចម្បងដែលនាំឲ្យរដូវរបស់វាផ្លាស់ប្តូរ គឺដោយសារតែរលកធាតុវិទ្យុសកម្ម ដែលជះចេញពីផ្កាយរបស់វាជាចម្បងតែម្តង។ បើតាមទិន្នន័យពី Spitzer ភព XO-3b គោចរកៀកនឹងផ្កាយ XO-3 របស់វា ដែលជាហេតុធ្វើឲ្យវាទទួលរងនូវរលកកម្តៅ និងធាតុវិទ្យុសកម្មយ៉ាងខ្លាំង។ ផ្កាយ XO-3 ស្ថិតនៅក្នុងកញ្ចុំផ្កាយ (តារានិករ) Camelopardalis

យ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្ត្របានសង្ស័យថា XO-3b អាចមិនមែនជាភពនោះឡើយ ដោយវាអាចផ្កាយភ្លោះរបស់ XO-3 ដែលបានទទួលបរាជ័យ មិនអាចរក្សាចំហេះរបស់វាបានតទៅទៀតនៅទីបញ្ចប់។ ហេតុដូច្នេះហើយទើបចលនាផ្លាស់ប្តូរ នៅក្នុងបរិយាកាសរបស់ exoplanet មួយនេះ មានភាពរំជើបរំជួលលឿន ដែលពិបាកក្នុងការព្យាករណ៍ខ្លាំង៕

តេឡេស្កូបអវកាស NASA អង្កេតភពមួយធំជាង Jupiter ១៣ដង និងមើលឃើញ «រដូវ» ផ្លាស់ប្តូរលឿនស្ទើរមិនគួរឲ្យជឿ!

ប្រែសម្រួល៖ Cambo Space
ប្រភព៖ The Astronomical Journal/Space.com (ថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២)

480×240 Banner