មិនធម្មតា! ក្រុមតារាវិទូរកឃើញ «វត្ថុអវកាសចម្លែក មិនដែលជួបប្រទះ», វាជះថាមពលមកផែនដី ៣ដង/១ម៉ោង (មានវីដេអូ)
(បរទេស)៖ ក្រុមតារាវិទូអន្តរជាតិបានរកឃើញ វត្ថុអវកាសចម្លែកមួយដែលពួកគេមិនធ្លាប់បានជួបប្រទះ នៅក្នុងកាឡាក់ស៊ី Milky Way របស់យើងនេះឡើយ ដោយវាបានជះចេញនូវកំសួលថាមពលដ៏កម្រោល មកកាន់ភពផែនដីរបស់យើង ៣ដងក្នុងមួយម៉ោង។ វត្ថុចម្លែកនោះ ស្ថិតនៅចម្ងាយប្រមាណ ៤,០០០ឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)។
វត្ថុដែលក្រុមអ្នកស្រាវជ្រាវអន្តរជាតិ មិនទាន់អាចកំណត់ប្រភេទខាងលើនេះ ត្រូវបានដាក់ឈ្មោះសម្គាល់ឲ្យយ៉ាងវែងអន្លាយថា GLEAM-X J162759.5-523504.3 ឬយើងអាចហៅយ៉ាងខ្លីថា GLEAM។ វាបានបង្ហាញតំរុយដំបូង នៅពេលដែលស្ទាបស្ទង់រលកវទ្យុសញ្ញា (radio wave) នៅក្នុងកាឡាក់ស៊ី Milky Way ត្រូវបានធ្វើឡើង។

បើតាមក្រុមអ្នកស្រាវជ្រាវ, GLEAM តែងតែជះចេញកំសួលថាមពល (energy) យ៉ាងធំធេងមកកាន់ភពផែនដី យ៉ាងហោចណាស់ ៣ដង ក្នុងមួយម៉ោង ហើយម្តងៗគឺមានរយៈពេល ៦០វិនាទី (សរុបទៅ រៀងរាល់ ២០នាទីម្តង ថាមពលរបស់ GLEAM តែងតែជះមកកាន់ភពផែនដី)។ យ៉ាងណាក៏ដោយ វត្ថុអវកាសនៅក្នុងជំពូកដូចជា GLEAM នេះ កន្លងមកតែងតែត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រហៅថា «transient ឬ វត្ថុបណ្តោះអាសន្ន» ដែលត្រូវរង់ចាំការស្រាវជ្រាវ ដើម្បីកំណត់ប្រភេទឲ្យច្បាស់លាស់។
សម្រាប់ transients ពីមុនៗ ដែលត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រ ធ្វើការកំណត់ប្រភេទរួចនោះ ភាគច្រើនគឺជា តារាដែលកំពុងឈានទៅរកសេចក្តីស្លាប់ ឬផុតរលត់ (dying star), បន្ទុះស៊ូពើណូវ៉ា (supernova) ឬជាស្នូលនៃផ្កាយស្លាប់ ដែលវិលលឿន ដែលយើងស្គាល់ថា តារាណឺតុង (neutron star) នោះ។

ទោះជាបែបនេះក្តី ទម្រង់នៃឥទ្ធិពលរបស់វត្ថុអវកាស GLEAM ដែលទើបត្រូវបានអង្កេតខាងលើ ដោយក្រុមតារាវិទូនៃសាកលវិទ្យាល័យ Curtin នៃតំបន់ Bentley ភាគនិរតីប្រទេសអូស្ត្រាលី ត្រូវបានគេដឹងថា មានភាពចម្លែក និងមិនត្រូវបានរំពឹងទុកថា អាចរកឃើញបែបនេះឡើយ។ ក្រុមអ្នកស្រាវជ្រាវបានគិតទុកជាមុនថា GLEAM អាចវត្ថុអវកាស «ប្រភេទថ្មី» មួយផ្សេងទៀត ដែលពួកគេមិនធ្លាប់បានជួបប្រទះ ឬនឹកគិតស្រមៃទៅដល់។
តារាវិទូ Natasha Hurley-Walker អ្នកជំនាញផ្នែកអង្កេតរក រលកវិទ្យុសញ្ញាអវកាស និងជាអ្នកដឹកនាំការស្រាវជ្រាវ នៃសាកលវិទ្យាល័យ Curtin បានលើកឡើងថា «វត្ថុ (GLEAM) បានលេចចេញ និងបាត់សញ្ញាទៅវិញ ក្នុងរយៈពេលពីរទៅបីម៉ោង កំលុងការអង្កេតរបស់យើង… វាពិតជាមិនគួរឲ្យជឿទាល់តែសោះ។ វាជារឿងដ៏គួរឲ្យព្រឺព្រួចមួយ ក្នុងនាមជាតារាវិទូម្នាក់ ពីព្រោះគ្មានវត្ថុអវកាសណាមួយពីមុនមក បានបញ្ចេញប្រតិកម្មដូចជា GLEAM នោះឡើយ»។

គួរបញ្ជាក់ថា ក្រុមតារាវិទូបានគណនារកឃើញ ចំណុចសំខាន់ៗមួយចំនួនរបស់ GLEAM នោះគឺវាមានទំហំតូចជាងព្រះអាទិត្យយើង ប៉ុន្តែមានពន្លឺភ្លឺជាង។ បំភាយរលកវិទ្យុរបស់ GLEAM ក៏មានកម្រិតខ្លាំងក្លាផងដែរ ដោយប្រការនេះអាចបញ្ជាក់ថា វត្ថុដែលអាចបញ្ចេញថាមពលរលកវិទ្យុសកម្ម ជះមកកាន់ភពផែនដីខ្លាំងក្លាបែបនេះ គឺពិតជាមានអំណាចនៃដែនម៉ាញេទិច (magnetic field) ខ្លាំងអស្ចារ្យណាស់ ហើយក៏មិនធ្លាប់មានតារាវិទូណា ធ្លាប់់ជួបប្រទះបាតុភូតបែបនេះដែរ។ ក្រុមតារាវិទូអន្តរជាតិ កំពុងតែបន្តការសិក្សាទៅមុខទៀត ដើម្បីកំណត់់អត្តសញ្ញាណពិតប្រាកដរបស់ GLEAM៕
ប្រែសម្រួល៖ Cambo Space (រក្សាសិទ្ធិ)
ប្រភព៖ Journal Nature/space.com (ថ្ងៃសុក្រ ទី២៨ ខែមករា ឆ្នាំ២០២២)
