តើតារាឈ្មោះអ្វីដែល «ធំជាងគេបំផុត» នៅក្នុងចក្រវាលនេះ? តើវាធំធេងដល់កម្រិតណា?
(បរទេស)៖ បើគិតពីទំហំរបស់ព្រះអាទិត្យ (Sun) របស់យើង គឺពិតជាធំធេងណាស់ ដោយដុំបាល់ភ្លើងនេះអាចស្តុកវត្ថុប៉ុនភពផែនដី បានរហូតដល់ទៅជាង ១លានឯណោះ។ កាលពីមុនបងប្អូនអ្នកគាំទ្រ Cambo Space បានស្គាល់រួចទៅហើយនូវតារា «ម៉ាស់ធំជាងគេបំផុត» ប្រចាំក្នុងកាឡាក់ស៊ី Milky Way របស់យើង, ប៉ុន្តែតើតារាមាន «ទំហំធំជាងគេបំផុត» ដែលត្រូវបានគេរកឃើញ និងឈ្វេងយល់នៅក្នុងចក្រវាលមួយនេះ មានឈ្មោះអ្វី និងធំធេងដល់កម្រិតណា?

ដើម្បីកុំឲ្យបងប្អូនងឿងឆ្ងល់យូរ យើងសូមប្រាប់តែម្តងថា តារាមហាយក្សមួយនោះមានឈ្មោះ UY Scuti ដែលកាំ (redius) របស់វាមានប្រវែងស្មើនឹងកាំរបស់ព្រះអាទិត្យយើង គុណនឹង ១,៧០០ដងឯណោះ (កាំព្រះអាទិត្យមានប្រវែង ៦៩៦,៣៤០គីឡូម៉ែត្រ)។ បើគិតជាទំហំជាក់ស្តែងនោះ យើងត្រូវការវត្ថុប៉ុនព្រះអាទិត្យប្រមាណ ៥ពាន់លាន ទើបអាចផ្ទុកពេញខ្លួន UY Scuti។ ជាងនេះទៅទៀត បើយើងយកផ្កាយ UY Scuti មកដាក់នៅចំណុច ដែលព្រះអាទិត្យកំពុងតាំងនៅ នោះស្រទាប់លើបំផុត (photosphere) របស់វា នឹងសន្ធឹងទៅដល់គន្លងគោចរនៃភពព្រហស្បតិ៍ (Jupiter)។

គួរបញ្ជាក់ថា កាលពីឆ្នាំ១៨៦០ ក្រុមតារាវិទូអាល្លឺម៉ង់បានប្រើប្រាស់មន្ទីរអង្កេត Bonn Observatory ដើម្បីសិក្សាអំពីផ្កាយកំពូលមហាយក្ស UY Scuti។ នៅទីបំផុតពួកគេបានឈ្វេងយល់ថា UY Scuti ជាប្រភេទតារាអថេរ ព្រោះពន្លឺរបស់វាបានប្រែប្រួលមិននឹងនរនោះឡើយ អំឡុងការអង្កេតអស់រយៈពេលជាង ២ឆ្នាំ។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺ UY Scuti ស្ថិតនៅក្នុងកាឡាក់ស៊ី Milky Way របស់យើងនេះតែម្តង នៅក្នុងរយៈចម្ងាយ ៩,៥០០ឆ្នាំពន្លឺពីផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)។

* រំលឹកឡើងវិញ
តើផ្កាយមាន «ម៉ាស់ធំជាងគេបំផុត» ស្ថិតនៅទីណា និងធ្ងន់ដល់កម្រិតណា?
RMC 136a1 ជាតារាយក្សពណ៌ខៀវបានកកើតឡើងពោពេញដោយទម្ងន់ ហើយវាស្ថិតនៅចម្ងាយ ១៦៣,០០០ឆ្នាំពន្លឺពីផែនដីយើង (១ឆ្នាំ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)។ វាមិនមែនស្ថិតនៅក្នុងកាឡាក់ស៊ី Milky Way នេះឡើយ ដោយវាស្ថិតនៅក្នុងកញ្ចុំតារា និងពពកធូលីមានឈ្មោះថា Large Magellanic Cloud (LMC) ដែលត្រូវបានចាត់ទុកជាកាឡាក់ស៊ីរណបតូចមួយ ក្នុងចំណោមកាឡាក់រណបទាំងពីរ របស់កាឡាក់ស៊ីយើង។

ក្រុមតារាវិទូស្ថិតនៅមន្ទីរអង្កេតតារាសាស្ត្រ Radcliffe Observatory នៃប្រទេសអាហ្វ្រិកខាងត្បូង បានរកឃើញ Large Magellanic Cloud កាលពីឆ្នាំ១៩៦០ ហើយកាលណោះវាត្រូវបានដាក់ឈ្មោះត្រឹមថា RMC 136 ប៉ុណ្ណោះ។ ប៉ុន្តែនៅក្រោយពេលកែវយឺតអវកាស Hubble បានអង្កេតលម្អិតទៅលើ Large Magellanic Cloud វាបានរកឃើញ តារាមានពន្លឺភ្លឺខ្លាំងជាងគេជាងឯង រហូតដល់់ទៅជាង ២០០ដួងឯណោះ ហើយក្នុងនោះ RMC 136a1 មានម៉ាស់ធំជាងគេ ដោយស្មើនឹងជាង ៣០០ដងនៃម៉ាស់របស់ព្រះអាទិត្យយើង (ព្រះអាទិត្យមានម៉ាស់ 1.989 × 10^30 kg)។

បើគិតឲ្យត្រឹមត្រូវតែម្តងនោះ តារាយក្ស RMC 136a1 មានម៉ាស់ស្មើនឹង ៣១៥ដងនៃម៉ាស់ព្រះអាទិត្យយើង។ កាលពីឆ្នាំ២០១៦ អង្គការ NASA តាមរយៈកែវយឺតអវកាស Hubble បានចាត់ទុក RMC 136a1 ជាតារាយក្សដែលមានទម្ងន់ធ្ងន់ជាងគេបំផុត ដែលមនុស្សទើបបានស្គាល់។ RMC 136a1 ស្ថិតនៅក្នុងវ័យកណ្តាលទៅហើយ ដូច្នេះវានឹងបន្តបាត់បង់ម៉ាស់៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃអាទិត្យ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២២)
