អាចមានភពទី «៣» នៅជុំវិញផ្កាយ Proxima Centauri ដែលនៅជិតផែនដីយើងបំផុត (មានវីដេអូ)
(បរទេស)៖ លទ្ធផលសិក្សាថ្មីមួយបានបង្ហាញការសង្ស័យថា ផ្កាយ ប្រុកស៊ីម៉ា ស៊ិនថូរី (Proxima Centauri) ដែលស្ថិតនៅជិតផែនដីយើងបំផុតនោះ (៤.២ឆ្នាំពន្លឺ) ទំនងជាមានភពមួយទៀត ដែលត្រូវជាភពទី ៣ (តែស្ថិតនៅដើមគេបំផុត) គោចរនៅជុំវិញវា បន្ទាប់ពីការរកឃើញភពទី ១ គឺ «Proxima b» កាលពីឆ្នាំ២០១៦ (បញ្ជាក់វត្តមានជាផ្លូវការ) និងភពទី ២ «Proxima c» កាលពីដើមឆ្នាំ២០២០ (កំពុងស្ថិតក្នុងការបញ្ជាក់វត្តមាននៅឡើយ)។

ភពដែលអាចមានវត្តមានខាងលើនេះ នឹងមានឈ្មោះថា «Proxima d» ដោយវាមានទំហំ ២៥% ធំជាងភពផែនដីរបស់យើង ហើយវានឹងក្លាយជាភពដែលស្រាលបំផុត ដែលយើងបានស្គាល់ ប្រសិនបើវត្តមានរបស់់វាត្រូវបានបញ្ជាក់ ១០០% នោះ។ (ទោះបីវាជាភពទី ៣ ដែលត្រូវរកឃើញមែន តែទីតាំងរបស់វាមិនមែនស្ថិតនៅលំដាប់លេខ ៣ ក្នុងប្រព័ន្ធរបស់វានោះឡើយ, ដោយវាស្ថិតនៅលេខរៀងទី ១ ឯណោះទេ ព្រោះអ្នកវិទ្យាសាស្ត្រទើបនឹងអង្កេតឃើញ)

ជុំវិញការសិក្សាខាងលើនេះ តារាវិទូ João Faria ដែលជាអ្នកដឹកនាំការស្រាវជ្រាវមកពី វិទ្យាស្ថានតារាសាស្ត្រ IACE (Instituto de Astrofísica e Ciências do Espaço) នៃប្រទេសព័រទុយហ្គាល់ បានប្រាប់ឲ្យដឹងថា «លទ្ធផលសិក្សាស្រាវជ្រាវថ្មីៗនេះបង្ហាញឲ្យឃើញថា ប្រព័ន្ធផ្កាយដែលស្ថិតនៅជិតយើងបំផុតនេះ ហាក់ដូចជាពោរពេញទៅដោយ ពិភពលោកដ៏គួរឲ្យចាប់អារម្មណ៍ថ្មីៗ ដែលតម្រូវឲ្យយើងធ្វើការសិក្សា និងស្រាវជ្រាវទៅថ្ងៃអនាគតបន្ថែមទៀត»។ សម្រាប់ការសិក្សាអំពីវត្តមានភព Proxima d ដែលអាចកើតមានខាងលើនេះ គឺត្រូវបានធ្វើឡើងដោយប្រើប្រាស់តេឡេស្កូបយក្ស នៃមន្ទីរអង្កេតតារាអឺរ៉ុប (ESO) ស្ថិតនៅលើទឹកដីប្រទេសឈីលី ដែលបានចាប់ផ្តើមឡើងកាលពីឆ្នាំ២០២០។

គួរបញ្ជាក់ថា ទោះបីជាថ្ងៃមុខភព Proxima d នឹងត្រូវបញ្ជាក់វត្តមានជាផ្លូវការមែន ក៏វានឹងមិនអាចជាភព ដែលត្រូវកំណត់គោលដៅ ក្នុងការស្វែងរកជីវិតអ្វីនោះដែរ ព្រោះតែគន្លងគោចររបស់វា ស្ថិតនៅកៀកផ្កាយ Proxima Centauri ខ្លាំងពេក (កៀកជាងភព Proxima b ទៅទៀត) ហើយវាគោចរជុំវិញផ្កាយវាមួយជុំ ដោយប្រើពេលតែ ៥ថ្ងៃប៉ុណ្ណោះ នៃពេលវេលានៅលើផែនដី។ Proxima d អាចជាភពក្តៅគគុក មិនអំណោយផលដល់ការកកើតជីវិតនោះឡើយ។
ក្រុមអ្នកវិទ្យាសាស្ត្របានអះអាងថា ភព Proxima c ដែលអាចមាននោះ គឺមិនអាចមានជីវិតឡើយ ព្រោះវានឹងស្ថិតនៅឆ្ងាយពីផ្កាយ Proxima Centauri ពេក, រីឯភព Proxima b ទោះបីជាស្ថិតនៅក្នុងតំបន់អំណោយផលដល់ការកកើតជីវិត (habitable zone) ក៏ពិតមែន តែការជះចេញនូវអណ្តាតភ្លើង និងរលកធាតុវិទ្យុសកម្មដ៏កម្រោល ចេញពីផ្កាយ Proxima Centauri នឹងមិនអាចឲ្យវារក្សាបរិយាកាស ដែលអាចទ្រទ្រង់ជីវិតនោះឡើយ៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃសុក្រ ទី១១ ខែកុម្ភៈ ឆ្នាំ២០២២)
