ថ្ងៃនេះខែនេះនៅឆ្នាំ២០១៣, អាចម៍ផ្កាយមួយផ្ទុះលើដែនអាកាសរុស្ស៊ី, មនុស្សរាប់ពាន់នាក់រងរបួស (មានវីដេអូ)
(បរទេស)៖ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៣ គឺជាព្រឹត្តិការណ៍វាយប្រហារដោយអាចម៍ផ្កាយ ដែលកម្រកើតមានបំផុតសម្រាប់មនុស្សលោក ក្នុងសម័យទំនើបនេះ។ វាបានកើតឡើងនៅទីក្រុង Chelyabinsk ភាគកណ្តាលប្រទេសរុស្ស៊ី ដោយបានបង្កឲ្យមនុស្សជាង ១,១០០នាក់រងរបួស និងអគារជាច្រើនខ្នងរងការបំផ្លិចបំផ្លាញ ដោយសារតែឥទ្ធិពលនៃសំឡេងផ្ទុះ។ ទស្សនាវីដេអូអំពីព្រឹត្តិការណ៍ទាំងមូល៖
បើតាមក្រុមអ្នកវិទ្យាសាស្ត្ររុស្ស៊ី កម្លាំងផ្ទុះរបស់អាចម៍ផ្កាយ ដែលមានមុខកាត់ត្រឹមតែជិត ២០ម៉ែត្រខាងលើនេះ គឺខ្លាំងជាងគ្រាប់បែកនុយក្លេអ៊ែរមួយគ្រាប់ទៅទៀត ហើយពន្លឺនៃការផ្ទុះរបស់វា ក៏ជះខ្លាំងជាងពន្លឺព្រះអាទិត្យនាពេលថ្ងៃផងដែរ។ វាជាការវាយប្រហារដោយអាចម៍ផ្កាយ ដ៏អាក្រក់បំផុតមិនធ្លាប់មាននោះឡើយ សម្រាប់មនុស្សលើភពផែនដី គិតក្នុងរយៈពេលជាង ១០០ឆ្នាំចុងក្រោយនេះ។
គួរបញ្ជាក់ថា អាចម៍ផ្កាយដែលបានផ្ទុះលើដែនអាកាសទីក្រុង Chelyabinsk របស់រុស្ស៊ីនោះ បានធ្លាក់បុកបរិយាកាសផែនដីក្នុងល្បឿនជាង ៦០ដង នៃល្បឿនរបស់សំឡេង (សំឡេងរត់ក្នុងល្បឿន ៣៤៣ម៉ែត្រក្នុង១វិនាទី)។ ក្រោយព្រឹត្តិការណ៍ដ៏កក្រើកនោះបានកើតឡើង បំណែកធំបំផុតនៃអាចម៍ខាងលើនេះ ត្រូវបានរកឃើញនៅក្នុងបឹង Chebarkul៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃអង្គារ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២២)