វាសល់ពេលមិនយូរទៀតទេ, យាន InSight របស់ NASA ទើបសង្គ្រោះខ្លួនឯងពីព្យុះធូលី (មានវីដេអូ)

1,755

(អាមេរិក)៖ ទោះបីជាអង្គការ NASA បានបិទបញ្ចប់បេសកកម្មយាន InSight របស់ខ្លួនកាលពីឆ្នាំមុនរួចហើយក្តី តែយាននេះនៅតែអាចដំណើរការខ្លះៗបានដដែល ហើយថ្មីៗនេះ, វាទើបតែសង្គ្រោះខ្លួនឯង ចេញពីព្យុះធូលីដ៏អាក្រក់នៅលើភពអង្គារ (Mars)។ ប្រការនេះនឹងអាចឲ្យយាន ដែលស្ថិតនៅស្ងៀមមួយកន្លែងនេះ អាចស្រូបយកទិន្នន័យវិទ្យាសាស្ត្រ បានមួយរយៈធំទៀត ទើបជីវិតរបស់វាត្រូវបញ្ចប់ជាស្ថាពរ។

យាន InSight បានដាក់ខ្លួនឯងទៅក្នុងមុខងារការពារខ្លួន (safe mode) កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ដោយឧបករណ៍សំខាន់ៗទាំងអស់ត្រូវបិទដំណើរការ ជាបណ្តោះអាសន្ន ចំពោះមុខព្យុះធូលីដ៏កម្រោលមួយលើភពអង្គារ ដែលបានបោកបក់ និងធ្វើឲ្យបន្ទះស្រូបពន្លឺព្រះអាទិត្យរបស់វា ពោពេញដោយធូលីដី។ InSight បានចាកចេញពី safe mode កាលពីថ្ងៃទី១៩ ខែមករា ហើយចាប់ផ្តើមរៀបចំដំណើរការខ្លួនវា ជាប្រក្រតីឡើងវិញ។

មន្ត្រីអង្គការ NASA បានថ្លែងកាលពីពេលថ្មីៗនេះថា «ប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ព្យុះធូលីលើភពអង្គារស្ងប់ស្ងាត់, បន្ទះ solar របស់យាន InSight អាចចាប់ផ្តើមស្រូបយកពន្លឺព្រះអាទិត្យឡើងវិញ បានប្រហែលនឹងបរិមាណថាមពលដែលវាមាន កាលពីមុនព្យុះធូលីបោកបក់»។ យ៉ាងណាក៏ដោយ ថាមពលដែលវាទទួលបាននេះ អាចត្រឹមរក្សាជីវិតវាឲ្យបន្តរហូតដល់ ខែធ្នូ ឆ្នាំ២០២២ ប៉ុណ្ណោះ។

គួរបញ្ជាក់ថា គ្រឿងយន្តស្រាវជ្រាវ InSight បានចុះទៅដល់តំបន់ ក្បែរខ្សែអេក្វាទ័រភពអង្គារ កាលពីខែវិច្ឆិកា ឆ្នាំ២០១៨។ គោលដៅធំបំផុតរបស់វា គឺសិក្សាអំពីបុគ្គលិកលក្ខណៈនៃផ្ទៃក្នុងរបស់ភពអង្គារ ដែលក្រុមអ្នកវិទ្យាសាស្ត្រ មិនធ្លាប់បានដឹកជាក់ស្តែងពីមុនមក។ យ៉ាងណាក៏ដោយ ដៃខួងដ៏សំខាន់របស់វាគឺ mole ដែលត្រូវបានរចនាឡើង ដើម្បីខួងឲ្យដល់ជម្រៅដី ៥ម៉ែត្រនោះ បានគាំងដំណើរការ (ខូច) ដោយអាចត្រឹមខួងបានប៉ុន្មានសង់់ទីម៉ែត្រប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ មុខងារផ្សេងៗទៀត ដូចជាការអង្កេតស្ថានភាពញ័ររញ្ជួយដី និងសម្ពាធខ្យល់ជាដើម គឺនៅដំណើរការជាធម្មតា ដែលបានអនុញ្ញាតឲ្យអង្គការ NASA ប្រមូលយកទិន្នន័យយ៉ាងច្រើនក្នុងរយៈពេលជាង ២ឆ្នាំ។ បន្ថែមពីនេះ ប្រព័ន្ធ gear នៅលើយាន InSight ក៏បានអនុញ្ញាតឲ្យ NASA ប្រើប្រាស់ ដើម្បីអង្កេតដឹងអំពីដំណើរប្រែប្រួលនៃអក្សរង្វិល របស់ភពក្រហមនេះផងដែរ៕

ទីបំផុតយាន InSight របស់ NASA សង្គ្រោះខ្លួនឯងពីព្យុះធូលី, ប៉ុន្តែវារង់ចាំតែថ្ងៃអវសានប៉ុណ្ណោះ…

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២២)

480×240 Banner