ហួស​ជំនាន់​ហើយ! យានអវកាស «Voyagers ត្រូវ​ចំណាយពេល ៤០,០០០ឆ្នាំ​ទៀត» ទើប​ទៅដល់​ផ្កាយ​ថ្មី​មួយ!

177

(បរទេស)៖ ដោយ​ត្រូវបាន​ទីភ្នាក់ងារ​អវកាស​អាមេរិក NASA បាញ់​បង្ហោះ​ក្នុង​ឆ្នាំ១៩៧៧ យានអវកាស Voyager-1 នឹង​ឈាន​ចូលដល់​ខួប ៤០ឆ្នាំ​របស់ខ្លួន នៅ​ទី​អវកាស​នា​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ ខណៈ​យានអវកាស​ភ្លោះ​របស់​វា គឺ Voyager-2 ទើបតែ​ទទួលបាន​ការអបអរ​គម្រប់​ខួប​ដូចគ្នានេះ កាលពី​ថ្ងៃទី២០ ខែសីហា​កន្លងទៅ។ ខាងក្រោម​គឺជា​រំ​បក​គំហើញខ្លះៗ ក្នុងចំណោម​ការរកឃើញ​ដ៏​អស្ចារ្យ​ជាច្រើន ដែល​ត្រូវបាន​ធ្វើឡើង​ដោ​យានអវកាស​ភ្លោះ​ទាំងពីរ ក្នុងអំឡុងពេល ០៤ទសវត្សរ៍ កន្លងមកនេះ៖

១. ភ្នំភ្លើង​នៅក្រៅ​ពី​ភពផែនដី៖ យានអវកាស Voyager-1 បាន​ហោះ​នៅ​ចម្ងាយ ២៧៧,៤០០គីឡូម៉ែត្រ ពី​ភព​ព្រហស្បតិ៍ (Jupiter) កាលពី​ថ្ងៃទី០៥ ខែមីនា ឆ្នាំ១៩៧៩ ខណៈ Voyager-2 បាន​ស្ថិតនៅ​ចម្ងាយ ៦៥០,១៨០គីឡូម៉ែត្រ​ពី​ភព​នេះ នា​ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ១៩៧។ យាន​បងប្អូន​ទាំងពីរ​គ្រឿង​នេះ ក៏បាន​ថត​យក​រូបភាព ដែល​ស្តែង​ឲ្យ​ឃើញ​ពី​ប​ន្ទុះ​នៃ​ភ្នំភ្លើង នៅលើ​ផ្ទៃ​របស់ Io ដែលជា​ព្រះ​ច័ន្ទ​មួយ​របស់​ភព​ព្រហស្បតិ៍។ នាពេលនោះ វា​គឺជា​លើកទីមួយ​ហើយ ដែល​ភ្នំភ្លើង​សកម្ម ត្រូវបាន​អង្កេត​មើលឃើញ នៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ ក្រៅពី​ភព​របស់​យើង។ NASA បាន​ឲ្យ​ដឹងថា Io គឺជា​វត្ថុ​អវកាស ដែលមាន​ភ្នំភ្លើង​ច្រើនជាងគេ​បំផុត​នៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ ជាមួយ​ភ្នំភ្លើង​សកម្ម​រាប់​រាយ នៅលើ​ផ្ទៃ​របស់​វា។

២. មហាសមុទ្រ​ដែល​កប់​នៅក្រោម​ផ្ទៃ​ស្រទាប់​ខាងលើ៖ យានអវកាស​ភ្លោះ Voyager-1-2 ថត​បាន​រូបភាព​នៃ Europa ដែលជា​ព្រះ​ច័ន្ទ​មួយ​ផ្សេងទៀត​របស់ Jupiter។ រូបភាព​ទាំងនោះ បានបង្ហាញ​ពី​ស្នាម​ប្រះ​នៅលើ​ផ្ទៃ​ខាងលើ​របស់​វា ដែល​ពោ​ពេញ​ទៅដោយ​សារធាតុ​ម្យ៉ាង ប្រៀបដូចជា​ទឹកកក។ នេះ​គឺជា​តំរុយ​លើកដំបូង​បំផុត សម្រាប់​អ្នកវិទ្យាសាស្ត្រ ស្តីពី​វត្ត​មានទឹក​ស្ថិតក្រោម​ផ្ទៃ​របស់​ព្រះ​ច័ន្ទ Europa។

៣. កំសួល​ទឹកផុស៖ កាលពី​ថ្ងៃទី២៥ ខែសីហា ឆ្នាំ១៩៨៩ យានអវកាស Voyager-2 បាន​ថត​យក​រូបភាព​ទីមួយ របស់​ព្រះ​ច័ន្ទ​ដ៏​ធំជាងគេ​បំផុត​របស់​ភព​ណិ​ប​ទូ​ន (Neptune) គឺ Triton។ រូបភាព​ទាំងនោះ បានបង្ហាញ​ឲ្យ​ឃើញ​ពី​សកម្មភាព​ម្យ៉ាង ដូចជា​កំសួល​ទឹកផុស ដែល​បាញ់​ចេញ​ឧស្ម័ន​អាសូត (Nitrogen) និង​ភាគល្អិត​ធូលីតូចៗ ឆ្ពោះ​ឡើងទៅ​កាន់​បរិយាកាស​រប​ស់ Triton រាប់គីឡូម៉ែត្រ។ ដោយឡែក ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​អះអាងថា ព្រះ​ច័ន្ទ Triton គឺ​ដូច​ទៅនឹង​ភព​មិន​ពេញលក្ខណៈ (Dwaft Planet) ភ្លុ​យ​តូ (Pluto) អ៊ីចឹង ដោយ​វា​ទំនងជា​ពុំមាន​ប្រភពដើម​នៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​យើង​ឡើយ ហើយ​ត្រូវបាន​ស្ទាក់​យក​នៅក្នុង​គន្លង​របស់ Neptune។

៤. បរិយាកាស​ស្រដៀង​នឹង​ភពផែនដី៖ កាលពី​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ១៩៨០ យានអវកាស Voyager-1 បាន​ហោះ​កាត់​ភព​សៅរ៍ (Saturn) និង​កត់​ត្រាទុក​ទិន្នន័យ​ភព​នេះ រួមទាំង​ព្រះ​ច័ន្ទ​ជាច្រើន​ទៀត​របស់​វា។ នា​អំឡុង​ពេលនោះ Voyager-1 បាន​រកឃើញថា ព្រះ​ច័ន្ទ​មួយ​ក្នុងចំណោម​នោះ ឈ្មោះថា Titan មាន​ផ្ទុក​បរិយាកាស​ដ៏​ក្រាស់ ដែល​ផ្សំ​ឡើង​ភាគច្រើន​ដោយ​ឧស្ម័ន​អាសូត ដូច​ទៅនឹង​បរិយាកាស​របស់​ផែនដី​អ៊ីចឹង ក៏ប៉ុន្តែ​សម្ពាធ​លើ​ផ្ទៃដី​របស់​វា មាន​កម្លាំង​ខ្លាំង​ជាង​ភព​របស់​យើង ១.៦ដង។ យោងតាម NASA សារធាតុ​ផ្សំ​គីមី នៅក្នុង​បរិយាកាស​របស់ Titan ប្រហែលជា​ស្រដៀង​ខ្លាំង បើ​ធៀប​នឹង​បរិយាកាស ដែល​បាន​កើតឡើង​នៅលើ​ផែនដី មុនពេល​ជីវិត​បាន​វិវឌ្ឍន៍​ឡើង។

៥. តំបន់​ទី​អវកាស​នៅ​ចន្លោះ​ប្រព័ន្ធ​ផ្កាយ (Interstellar Space)៖ អង្គការ NASA បាន​ឲ្យ​ដឹងថា កាលពី​ខែសីហា ឆ្នាំ២០១២ យានអវកាស Voyager-1 ជាទី​មួយ ហើយ​បើ​គិត​ត្រឹម​ពេលនេះ គឺជា​យានអវកាស​តែមួយគត់ ដែល​បាន​ចូល​ទៅដល់​តំបន់ Interstellar Space ហួស​ចេញពី​ព្រំដែន​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​យើង។ តំបន់ Interstellar Space ត្រូវបាន​គេ​កំណត់​និយមន័យ​ឲ្យ​ថា ជា «តំបន់​នៅ​ចន្លោះ​ផ្កាយ» និង​ផុតពី​លំហូរ​នៃ​សារធាតុ ក៏ដូចជា​ដែនម៉ាញេទិច​នៃ​ព្រះអាទិត្យ ដែល​គេ​ស្គាល់​ថា Heliosphere។

គួរ​បញ្ជាក់ថា វា​នឹងត្រូវ​ចំណាយពេល​យ៉ាងហោចណាស់​ក៏ ៤០,០០០ឆ្នាំ​ទៀត​ដែរ មុនពេល​យាន Voyager-1 ដែល​បច្ចុប្បន្ន​ស្ថិតនៅ​ចម្ងាយ​ជាង ២០ពាន់​លាន​គីឡូម៉ែត្រ​ពី​ផែនដី​នោះ អាច​ជួប​ផ្កាយ​មួយ​ដួង​ផ្សេងទៀត។ នៅពេលដែល​វា​បាន​ចូល​ទៅដល់​តំបន់ Interstellar Space យាន Voyager-1 ស្ថិតនៅ​ចម្ងាយ​ជាង ១៨.៥ពាន់​លាន​គីឡូម៉ែត្រ ពី​ព្រះអាទិត្យ។ ដោយឡែក យានអវកាស​ភ្លោះ​របស់​វា Voyager-2 សព្វថ្ងៃ​កំពុង​ស្ថិតនៅ​ចម្ងាយ​ជិត ១៨ពាន់​លាន​គីឡូម៉ែត្រ​ពី​ផ្កាយ​របស់​យើង ហើយ​ត្រូវគេ​រំពឹងថា នឹង​ឈានចូល​ទៅដល់ Interstellar Space នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ទៀត៕

480×240 Banner