មនុស្សលោកត្រូវត្រៀមខ្លួន! ភ្លើងឆេះព្រៃនឹងកើនឡើងយ៉ាងគំហុក នៅប៉ុន្មានទសវត្សរ៍ខាងមុខ, UN ព្រមានយ៉ាងច្បាស់លាស់
(ប៉ារីស)៖ អង្គការសហប្រជាជាតិ (UN) នៅថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ នេះបានព្រមានថា ចំនួនហេតុការណ៍ភ្លើងឆេះព្រៃអាក្រក់ៗ នឹងកើនឡើងយ៉ាងគំហុក ក្នុងអំលុងពេលប៉ុន្មានទសវត្សរ៍ខាងមុខនេះ ដោយសារការកើនឡើងនៃកម្តៅផែនដី ហើយរដ្ឋាភិបាលនៃប្រទេសនានា ហាក់មិនទាន់មានការត្រៀមលក្ខណៈគ្រប់គ្រាន់ សម្រាប់មហន្តរាយដែលបង្កឡើង ដោយសារពួកវានៅឡើយទេ។
របាយការណ៍ដែលផ្តួចផ្តើមឡើងដោយ អង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ ហៅកាត់ UNEP បានសន្និដ្ឋានថា សូម្បីតែកិច្ចប្រឹងប្រែង ពោរពេញដោយមហិច្ឆតាយ៉ាងណាក៏ដោយ ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ក៏នឹងមិនអាចទប់ស្កាត់ការកើនឡើងយ៉ាងខ្លាំង នៃលទ្ធភាពភ្លើងឆេះព្រៃអាក្រក់ៗបានដែរ។ យោងតាមការព្យាករក្នុងរបាយការណ៍ នៅត្រឹមចុងសតវត្សរ៍នេះ លទ្ធភាពនៃព្រឹត្តិការណ៍ភ្លើងឆេះព្រៃធ្ងន់ធ្ងរខ្លាំង ដែលស្រដៀងនឹងភ្លើងឆេះព្រៃនៅអូស្រ្តាលី កាលពីប៉ុន្មានឆ្នាំមុន នឹងកើនឡើងចន្លោះ ៣១-៥៧%។

របាយការណ៍ខាងលើ ក៏បានអំពាវនាវផងដែរឱ្យរដ្ឋាភិបាលនៃប្រទេសនានា នាំគ្នាគិតគូរពិចារណាឡើងវិញ អំពីរបៀបនៃការដោះស្រាយ បញ្ហាភ្លើងឆេះព្រៃនេះ តាមរយៈការលើកឡើងដូច្នេះថា «ចំណាត់ការឆ្លើយតបបច្ចុប្បន្ន របស់រដ្ឋាភិបាលប្រទេសនីមួយៗ គឺជារឿយៗផ្តោតធនធានថវិកាទៅខុសកន្លែង ដោយពួកគេខំប្រឹងប្រែងលើការគ្រប់គ្រងភ្លើងឆេះព្រៃ ក្រោយពេលពួកវាកើតឡើង ជាជាងផ្តោតទៅលើវិធានការទប់ស្កាត់ ឬកាត់បន្ថយហានិភ័យ។ ប្រទេសទាំងឡាយ គួរកាត់បន្ថយហានិភ័យនៃភ្លើងឆេះព្រៃអាក្រក់ៗ តាមរយៈការត្រៀមលក្ខណៈទុកជាមុនឱ្យបានប្រសើរ»។

របាយការណ៍ដែលក៏បានព្រមានផងដែរថា ភ្លើងឆេះព្រៃធំៗនឹងអាចឈានដល់ កម្រិតពិបាកគ្រប់គ្រង ដោយអាចប្រើពេលច្រើនថ្ងៃ ឬឈានដល់សប្តាហ៍ ដើម្បីពន្លត់បានទាំងស្រុង។ បញ្ហានេះនឹងបង្កឲ្យអ្នករស់នៅតំបន់ជុំវិញភ្លើងឆេះព្រៃ ជួបបញ្ហាបេះដូង និងរលាកផ្លូវដង្ហើប ជាពិសេសទៅលើមនុស្សចាស់ និងកូនក្មេង។
បើតាមការសិក្សាថ្មីៗនេះ ដោយកាសែត The Lancet មនុស្សយ៉ាងហោចណាស់ជាង ៣០,០០០នាក់ នៅក្នុងប្រទេសចំនួន ៤៣ បានបាត់បង់ជីវិតជារៀងរាល់ឆ្នាំ ដោយសារផ្សែងនៃភ្លើងឆេះព្រៃ។ ដោយឡែកនៅសហរដ្ឋអាមេរិកវិញ ដែលត្រូវបានចាត់ទុកថា ជាប្រទេសជួបគ្រោះភ្លើងឆេះព្រៃធំបំផុតមួយដែលលើពិភពលោក បានគណនាថា ខ្លួនបានបង់សេដ្ឋកិច្ចចន្លោះពី ៧១ ទៅ ៣៤៨ពាន់លានដុល្លារ ដោយសារមហន្តរាយភ្លើងឆេះព្រៃ នាប៉ុន្មានឆ្នាំចុងក្រោយនេះ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ AFP (ថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២)
