តើអង្គការ NASA ធ្វើដូចម្តេចខ្លះទើបដឹងថា ភពមួយមានលាក់ជីវិត? (មានវីដេអូបកស្រាយ)
(អាមេរិក)៖ ទោះបីជាការកំណត់យកឧស្ម័ន មេតាន (methane) ជាធាតុគីមីដ៏សំខាន់តំណាងឲ្យវត្តមានជីវិតនៅលើភពមួយ ត្រូវបានគេរិះគន់ថា ជាភាពមិនទាន់ច្បាស់លាស់ក្តី ក៏ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ នៅតែត្រូវការពេលសិក្សា និងពិនិត្យយ៉ាងល្អិតល្អន់បន្ថែមទៀត មុននឹងធ្វើការសន្មត់អំពីការពិតនេះ។

ប្រសិនបើភព exoplanet ដែលមានផ្ទុក «មេតាន» នៅក្នុងបរិយាកាសរបស់ពួកវា នោះនឹងមានលទ្ធភាពដែលថា ភពនោះអាចទ្រទ្រង់ជីវិត, ប៉ុន្តែការសន្និដ្ឋានបែបនេះ ក៏ត្រូវតែស្របទៅនឹងលក្ខខណ្ឌអមផ្សេងៗទៀត ដើម្បីធ្វើការវិនិច្ឆ័យជារួមផងដែរ។ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Santa Cruz រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានបង្កើតយន្តការមួយសម្រាប់សិក្សាអំពីលក្ខខណ្ឌនានា ដើម្បីកំណត់អត្តសញ្ញាណជាក់លាក់នៃ ភពអេលៀន (alien world)។
ការបង្កើតយន្តការខាងលើនេះ គឺចំពេលល្អមែនទែន ព្រោះតេឡេស្កូបអវកាស James Webb កំពុងតែត្រៀមក្នុងការបើកដំណើរការជាផ្លូវការ ហើយវានឹងអាចឆ្លុះរកមើលឧស្ម័ន «មេតាន» នៅក្នុងបរិយាកាសរបស់ភពនានា ដែលស្ថិតនៅក្នុងគោលដៅតាមរកជីវិត alien ដោយក្រុមអ្នកវិទ្យាសាស្ត្ររាប់ទសវត្សរ៍មកនេះ។
* តើអ្នកវិទ្យាសាស្ត្រអាចពន្យល់អ្វីបានខ្លះហើយ ចំពោះលក្ខណៈនៃភពដែលអាចមានជីវិត?
ក្រុមអ្នកវិទ្យាសាស្ត្រ អាចធ្វើការពន្យល់ជាបឋមថា ប្រសិនបើក្នុងករណីមានភពថ្ម (rocky planet) មួយគោចរកៀកនឹងផ្កាយវា ដូចទៅនឹងស្ថានភាពដែលភពផែនដីយើង កំពុងគោចរជុំវិញព្រះអាទិត្យ ហើយឧស្ម័នមេតានក៏ត្រូវបានរកឃើញ នៅក្នុងបរិយាកាសភពនោះថែមទៀត, គេអាចធ្វើការសន្និដ្ឋានក្នុងតំណាក់កាលដំបូងថា ភពនោះអាចធ្លាប់មានជីវិត ឬកំពុងមានវត្តមានជីវិត។
ជំហានបន្ទាប់ទៀតដែលត្រូវសម្លឹង និងចោទសួរនោះគឺទៅលើកត្តាសំខាន់ៗចំនួន ៣ ទៀតដូចជា៖ តើភពនោះមានឧស្ម័នពុល គឺ កាបូឌីអុកស៊ីត (carbo dioxide) ដែរឬទេ? តើភពនោះមានឧស្ម័នមេតាន ច្រើនជាងកាបូនឌីអុកស៊ីតដែរឬទេ? និងថា តើភព rocky planet នោះពិតជាមិនមានទឹកច្រើនពេកមែនឬទេ?

អ្នកដឹកនាំការសិក្សាមួយរូបរបស់សាកលវិទ្យាល័យ Santa Cruz គឺសាស្ត្រាចារ្យ Maggie Thompson បានពន្យល់ថា «ម៉ូលេគុលតែមួយ មិនអាចឲ្យយើងផ្តល់ចម្លើយបានឡើយ។ យើងត្រូវតែសម្លឹងមើលជាទូទៅ ចំពោះបុគ្គលិកលក្ខណៈដែលភពនោះមាន។ មេតាន គឺជាផ្នែកមួយនៃចម្លើយ ប៉ុន្តែដើម្បីកំណត់ថា ភពមួយនោះមានជីវិតឬអត់ យើងត្រូវសម្លឹងមើលទៅលើ បណ្តុំនៃសារធាតុគីមី, របៀបដែលភពនោះ ផ្សាភ្ជាប់រវាងផ្កាយរបស់វា និងដំណើរការជាច្រើនទៀត ដែលអាចជះឥទ្ធិពលដល់បរិយាកាសភពនោះ ដោយយោងទៅលើទីតាំង និងពេលវេលា…»។

សាស្ត្រាចារ្យ Maggie Thompson ក៏បានព្រមានផងដែរអំពីបញ្ហានៃ «fale positive» ឬ «លទ្ធផលវិជ្ជមានខុស» និងការគិតថាមេតានជា «biosignature» (ភស្តុតាងផ្នែកជីវៈ)។ លោកស្រីចង់សំដៅទៅលើការស្វែងរកសារធាតុគីមី មេតាន តែមួយមុខដែលអាចឲ្យមានការសន្និដ្ឋានផ្ទុយអំពីការពិត ព្រោះភពដែលពោរពេញដោយ ភ្នំភ្លើងក៏អាចបញ្ចេញសារធាតុមេតាន ទៅក្នុងបរិយកាសពួកវាផងដែរ ហើយបូករួមទាំងឧស្ម័ន កាបូនម៉ូណូអុកស៊ីដ (carbon monoxide) ថែមទៀត។ ប្រការនេះ គឺមិនមែនជាបរិស្ថាន ដែលជីវិតអាចកកើតឡើងនោះឡើយ។
* តើតេឡេស្កូបអវកាស James Webb នឹងជួយអ្វីបានខ្លះ?
នៅអំលុងខែមិថុនា ឆ្នាំ២០២២ ឆាប់ៗខាងមុខនេះ តេឡេស្កូបអវកាស James Webb នឹងត្រូវបើកដំណើរការជាផ្លូវការ ហើយវានឹងអាចឆ្លុះរកសារធាតុគីមី មេតាន នៅក្នុងបរិយាកាសភពជាគោលដៅណាមួយ នៅក្នុងលក្ខណៈលម្អិត និងស៊ីជម្រៅមិនធ្លាប់មាន ដើម្បីកំណត់ថា តើមេតានពិតជាធាតុគីមីតែមួយមុខ ដែលអាចឲ្យយើងកំណត់ថា ភពនោះមានលាក់ជីវិតមែន ឬមួយក៏យ៉ាងណា។

សហប្រធាននៃកម្មវិធីសិក្សាខាងលើនេះ គឺតារាវិទូ Joshua Krissansen-Totton បានពន្យល់ជាចុងក្រោយថា ការសិក្សាដោយប្រើប្រាស់ James Webb នឹងផ្តោតសំខាន់ទៅលើ ការរកឃើញខុសនានាកាលពីលើកមុនដែលថា មេតានគឺជាភស្តុតាងនៃជីវៈ។ តារាវិទូរូបនេះបានសង្កត់ធ្ងន់ទៀតថា បរិយាកាសនៃភព rocky planets នានានឹងបង្កការភ្ញាក់ផ្អើលដល់យើង ហើយយើងក៏ត្រូវតែធ្វើការដោយប្រុងប្រយ័ត្ន ដើម្បីបកស្រាយអំពីបុគ្គលិកលក្ខណៈ នៃភពទាំងនោះផងដែរ៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២)
(សំណូមពរ៖ ប្រសិនបើបងប្អូនជាទីគោរពស្រឡាញ់ ចង់ឲ្យក្រុមការងារ Cambo Space បន្តផលិតអត្ថបទ និងវីដេអូទៅមុខទៀត ដើម្បីប្រយោជន៍ដល់ការសិក្សាអំពីវិស័យអវកាស និងវិទ្យាសាស្ត្រនេះ បងប្អូនអាចចូលរួមចុច like និង share រាល់អត្ថបទដែលបងប្អូនពេញចិត្ត។ Cambo Space មិនអាចដំណើរការទៅមុខទៀតឡើយ ប្រសិនបើគ្មានការគាំទ្រពីបងប្អូន។ សូមអរគុណ៕)
