អំណាចធម្មជាតិ! អង្គការ NASA បង្ហាញរូបភាព «ព្យុះបិសាច Hurricane» ថតពីស្ថានីយ៍ទីអវកាស ដែលកំពុងឆ្ពោះទៅរដ្ឋផ្លូរីដា!
(អាមេរិក)៖ អង្គការ NASA ទើបតែបានបង្ហោះឃ្លីបវីដេអូមួយ បង្ហាញពីព្យុះកំណាចមានឈ្មោះ អៀរម៉ា (Hurricane Irma) ដែលឃើញពីលើស្ថានីយ៍អវកាសអន្តរជាតិ ISS ហើយជាក់ស្តែងផ្ទាល់ភ្នែកបែប គឺវាមានលក្ខណៈគួរឲ្យខ្លាចរអា ដូចទៅនឹងក្រុមអ្នកជំនាញផ្នែកខាងឧតុនិយមបានលើកឡើងអីចឹង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Time នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០១៧។

បើតាមការរៀបរាប់នៃវីដេអូខាងលើ នៅក្នុងប្រព័ន្ធ YouTube កាមេរ៉ាផ្នែកខាងក្រៅរបស់ស្ថានីយ៍ ISS បានថតយករូបភាពរបស់ Irma ស្របពេលដែលវាបានវាយលុក ទៅលើតំបន់ការីបៀននាពេលថ្មីៗនេះ ហើយកំពុងបន្តឆ្ពោះទៅកាន់ភាគឦសានថែមទៀត បន្ទាប់ពីរដ្ឋតិចសាស់ ដែលនៅភាគខាងត្បូងនោះ ទើបតែបានទទួលរងការវាយប្រហារយ៉ាងដំណំ ដោយព្យុះហឺរីឃែនមួយផ្សេងទៀតឈ្មោះថា ហាវី (Harvey) ហើយមិនទាន់ស្រោចស្រង់ឡើងវិញរួចផងនោះ។

គួរបញ្ជាក់ថា ព្យុះ Irma បច្ចុប្បន្នមានកម្លាំងខ្យល់អតិបរមា ២៩៧គីឡូម៉ែត្រក្នុងមួយម៉ោង និងកំពុងតែធ្វើដំណើរទៅភាគពាយ័ព្យ ក្នុងល្បឿន ២៥គីឡូម៉ែត្រ/មួយម៉ោង បើតាមមជ្ឈមណ្ឌលព្យាករណ៍ព្យុះហឺរីឃែនជាតិ របស់សហរដ្ឋអាមេរិកហើយវាអាច នឹងទៅដល់លើទឹកដីអាមេរិក នាយប់ថ្ងៃសុក្រ ឬក៏ព្រឹកថ្ងៃសៅរ៍សប្តាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក)៕


