រូបភាពថ្មីៗរបស់ ESA បង្ហាញឲ្យឃើញ «ស្រទាប់ទឹកកក» គ្របលើតំបន់ធំមួយនៃភពអង្គារ (មានរូបភាព)

699

(អឺរ៉ុប)៖ ផ្កាយរណប Mars Express នៃអង្គការអវកាសអឺរ៉ុប ESA ទើបតែបានបញ្ចេញរូបភាពថ្មីៗពីលើតំបន់ យូថូភា ផ្លេនីធា (Utopia Planitia) ដោយក្នុងនោះស្រទាប់ទឹកកក គ្របដណ្តប់ពីលើតំបន់រណ្តៅ (crater) ធំៗចំនួនខណៈ Utopia Planitia ត្រូវបានចាត់ទុកជាបាសាំង (Basin) ធំបំផុតប្រចាំនៅក្នុងប្រព័ន្ធអាទិត្យទាំងមូល។

ផ្កាយរណប Mars Express (ESA)

អង្គការ ESA បានហៅស្រទាប់ពណ៌លឿង ដែលគ្របដណ្តប់ពីលើ craters ទាំងពីរនោះថាជា «កំណកនៃទឹកកក និងធូលី»។ សម្រាប់តំបន់ Utopia Planitia ទាំងមូល គឺមានទំហំធំជាងតំបន់វាលខ្សាច់ សាហារ៉ា (Sahara) នៅលើភពផែនដីយើង រហូតដល់ទៅ ២ដងឯណោះ។ តំបន់ Utopia Planitia ដែលមានទីតាំងនៅអឌ្ឍគោលខាងជើងភពអង្គារ គឺស្ថិតក្នុងចំណោម basin ធំៗបំផុតចំនួន ដែលមាននៅលើភពក្រហមនោះ និងជាកន្លែងដែលរ៉ូបូតចិន Zhurong បានចុះទៅដល់កាលពីឆ្នាំ២០២១ ផងដែរ។

រូបភាពថ្មីៗរបស់ ESA បង្ហាញឲ្យឃើញ «ស្រទាប់ទឹកកក» គ្របលើតំបន់ធំមួយនៃភពអង្គារ (មានរូបភាព)
រណ្តៅ Craters ទាំងពីរនៅតំបន់ Utopia Planitia (Image Credit: ESA)

បើតាមសេចក្តីថ្លែងការណ៍របស់ ESA ការសិក្សាអំពីកំណកទឹកកក និងធូលីគ្រប់ពីលើតំបន់ basin ខាងលើនេះ ពិតជានឹងផ្តល់តំរុយបន្ថែមទៀត ដល់ក្រុមអ្នកវិទ្យាសាស្ត្រ ដើម្បីស្វែងយល់អំពីអតីតកាលដ៏ស្មុគស្មាញរបស់វា។ ក្រុមអ្នកវិទ្យាសាស្ត្រមានការសង្ស័យថា វាបានកកើតឡើងពីកំណកកំបោរ (depositions of sediments), កម្អែលភ្នំភ្លើង (lava) និងសារធាតុចម្បងៗមួយចំនួនទៀតដូចជា អ៊ីដ្រូសែន (hydrogen) និងទឹក (water) ជាដើម។

(Image Credit: ESA)

សេចក្តីថ្លែងការណ៍របស់ ESA បានពន្យល់ទៀតថា ស្ថានភាពនៅលើតំបន់ Utopia Planitia ក៏ដូចនឹងតំបន់ជាច្រើនទៀត នៅលើភពអង្គារផងដែរ។ កំណកទឹកកក និងធូលីតែងតែកើតឡើង នៅតំបន់ទីទួលខ្ពស់ៗ ដោយសារតែវាងាយនឹងត្រូវខ្យល់ ភ្លៀង ឬដំណើរការដែលដូចគ្នានេះ។ សម្រាប់នៅតំបន់ Utopia Planitia, បាតុភូតបែបនេះ ទំនងជាបានកើតមានឡើងជាង ១០លានឆ្នាំមកហើយ នៅពេលដែលអ័ក្សរង្វិលខ្ញាល់របស់ភពអង្គារ មានភាពនឹងនរជាងបច្ចុប្បន្ន ដែលបានធ្វើឲ្យព្រិលធ្លាក់មកជាទៀងទាត់។

គួរបញ្ជាក់ថា ផ្កាយរណប Mars Express របស់អឺរ៉ុប បានទៅដល់ភពអង្គារកាលពីឆ្នាំ ២០០៤ និងបន្តសិក្សាអំពីទីតាំងភូមិសាស្ត្រសំខាន់ៗ លើភពអង្គារមកទល់នឹងបច្ចុប្បន្ន។ ការសិក្សារបស់ Mars Express គឺផ្តោតសំខាន់លើ បរិយាកាស, ស្រទាប់ទឹកកក និងបរិស្ថានក្រោមដីភពអង្គារជាដើម៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃអង្គារ ទី០៥ ខែមេសា ឆ្នាំ២០២២)

(សំណូមពរ៖ ប្រសិនបើបងប្អូនជាទីគោរពស្រឡាញ់ ចង់ឲ្យក្រុមការងារ Cambo Space បន្តផលិតអត្ថបទ និងវីដេអូទៅមុខទៀត ដើម្បីប្រយោជន៍ដល់ការសិក្សាអំពីវិស័យអវកាស និងវិទ្យាសាស្ត្រនេះ បងប្អូនអាចចូលរួមចុច like និង share រាល់អត្ថបទដែលបងប្អូនពេញចិត្ត។ Cambo Space មិនអាចដំណើរការទៅមុខទៀតឡើយ ប្រសិនបើគ្មានការគាំទ្រពីបងប្អូន។ សូមអរគុណ៕)

480×240 Banner