អង់គ្លេសត្រូវការក្រុមអ្នកស្ម័គ្រចិត្ត ទៅរស់នៅទ្វីបទឹកកកអង់តាកទិក «៥ខែ»
(អង់គ្លេស)៖ មូលនិធិមួយរបស់ចក្រភពអង់គ្លេស កំពុងតែស្វែងរកមនុស្សមួយក្រុម ដើម្បីធ្វើដំណើរទៅកាន់ទ្វីបទឹកកកអង់តាកទិក (Antarctica) និងស្នាក់នៅក្នុងមូលដ្ឋានរបស់អង់គ្លេសឈ្មោះ Port Lockroy នៅទីនោះរយៈពេល ៥ខែ ដើម្បីធ្វើការងារពិសេសមួយ នោះគឺរាប់ចំនួនសត្វ ផេនឃ្វីន (penguin) ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ ដល់ខែមីនា ឆ្នាំ២០២៣ (រដូវក្តៅនៅទីនោះ)។
បើតាមមូលនិធិ UK Antarctic Heritage Trust ដែលជាអ្នករៀបចំកម្មវិធីខាងលើនេះ បានប្រាប់សារព័ត៌មាន BBC នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ ថា ជាធម្មតាការប្រកាសជ្រើសរើសបែបនេះ តែងតែទទួលបានការដាក់ពាក្យចូលរួម ពីមនុស្សរាប់រយនាក់។ នេះជាលើកដំបូងហើយ គិតចាប់តាំងពីជំងឺកូវីដ១៩ ចាប់ផ្តើមរាតត្បាតខ្លាំង ដែលមូលនិធិគាំពារបរិស្ថាន តំបន់ប្រវត្តិសាស្ត្រ និងជីវៈចំរុះខាងលើនេះ បើកដំណើរការកម្មវិធីនេះ ទៅកាន់សាធារណជនឡើងវិញ។
ជនជាតិអង់គ្លេសម្នាក់ឈ្មោះ Lauren Elliott ដែលធ្លាប់បំពេញការងារនៅទីនោះ កាលពីឆ្នាំ ២០១៩ បានប្រាប់សារព័ត៌មាន BBC ថា «វាជាកន្លែងដ៏អស្ចារ្យបំផុត នៅលើពិភពលោកនេះ។ វាជាទីអវសាននៃរដូវដ៏ខុសប្លែកមួយ ដែលពួកគេមិនធ្លាប់បានឃើញនោះឡើយពីមុនមក…»។
មូលនិធិ UK Antarctic Heritage Trust ចំណុះឲ្យសាកលវិទ្យាល័យ Cambridge តែងតែបង្កើតកម្មវិធីស្វែងរកអ្នកស្ម័គ្រចិត្តខាងលើនេះ ជារៀងរាល់រដូវកាលមកដល់ (រដូវក្តៅ)។ ក្រៅពីការរាប់ចំនួនសត្វ ផេនឃ្វីនអំបូរ ជែនធូ (Gentoo), អ្នកដែលត្រូវបានជ្រើសទាំងអស់ ក៏មានតួនាទីក្នុងការថែរក្សាអគារប្រវត្តិសាស្ត្រ និងវត្ថុបុរាណនានា នៅលើទ្វីបទឹកកកនោះផងដែរ។
គួរបញ្ជាក់ថា យោងតាមសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិ (UN) ទ្វីបទឹកកកអង់តាកទិក មិនមែនជាកម្មសិទ្ធិរបស់ប្រទេសណាមួយឡើយ ប៉ុន្តែប្រទេសនានាដែលមានបំណងចង់បោះមូលដ្ឋាន ដើម្បីស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ ឬអភិរក្សនៅទីនោះ ពួកគេអាចធ្វើបានទៅតាមលទ្ធភាព។
សម្រាប់ចក្រភពអង់គ្លេសវិញ មានមូលដ្ឋានឈ្មោះ Port Lockroy ស្ថិតនៅកោះ Goudier នៃឧបទ្វីបអង់តាកទិក។ ពីឆ្នាំ ១៩៤៤ ដល់ឆ្នាំ ១៩៦២ Port Lockroy ត្រូវបានប្រើប្រាស់ជាមូលដ្ឋានទ័ព តែក្រោយមកទៀតវាត្រូវបានកែច្នៃជាសារមន្ទីរវិញ។ មុនការវាយប្រហារដោយជំងឺកូវីដ១៩ សារមន្ទីរនៅទីនោះតែងតែទទួលភ្ញៀវទេសចរ ជាមធ្យមជាង ១៨,០០០នាក់ក្នុងមួយឆ្នាំៗ៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ BBC (ថ្ងៃពុធ ទី០៦ ខែមេសា ឆ្នាំ២០២២)