មិនធ្លាប់មាន! ក្រុមអ្នកវិទ្យាសាស្ត្រចាប់បាន «បាតុភូតពន្លឺដ៏ខ្លាំងអស្ចារ្យ» មកពីចម្ងាយ ៥ពាន់លានឆ្នាំពន្លឺ!
(បរទេស)៖ នេះជាការបំបែកកំណត់ត្រាថ្មី ដោយប្រើប្រាស់ពេលតែមួយយប់ប៉ុណ្ណោះ ខណៈក្រុមអ្នកវិទ្យាសាស្ត្រនៅដើមខែមេសា ឆ្នាំ២០២២នេះ បានអង្កេតឃើញការជះចេញនូវពន្លឺ (megamaser) ដ៏ខ្លាំងមហិមា ស្ថិតនៅរយៈចម្ងាយឆ្ងាយបំផុតរហូតដល់ទៅ ៥ពាន់លានឆ្នាំពន្លឺពីភពផែនដី។

Megamaser គឺជារលកនៃពន្លឺ (light wave ឬ light beam) ដ៏ខ្លាំងមហិមាមួយ ដែលកើតចេញពីបាតុភូតអវកាស ជាច្រើនប្រភេទ ប៉ុន្តែពន្លឺដែលក្រុមអ្នកវិទ្យាសាស្ត្រ ទើបប្រទះឃើញក្តៅៗនេះ គឺជាប្រភេទទូទៅមួយ ដែលបង្កើតឡើងដោយអាតូមអុកស៊ីសែន (oxygen) មួយ និងអាតូមអ៊ីដ្រូសែន (hydrogen) មួយ។ ក្រុមអ្នកវិទ្យាសាស្ត្របានសន្មត់ថា megamaser ថ្មីចុងក្រោយនេះ គឺជាការជះចេញនូវពន្លឺភ្លឺខ្លាំងបំផុត ដែលគេមិនធ្លាប់បានជួបប្រទះពីមុនមក។
គួរបញ្ជាក់ថា សម្រាប់ megamaser ប្រភេទទូទៅខាងលើនេះ គឺចង់សំដៅទៅលើពន្លឺ ដែលកើតចេញពីការបុកបញ្ចូលគ្នា (collision) រវាងកាឡាក់ស៊ីនានា ហើយការស្ថិតនៅរយៈចម្ងាយ ៥ពាន់លានឆ្នាំពន្លឺនោះក៏មានន័យថា វាបានកើតមានឡើងកាលពី ៥ពាន់លានឆ្នាំមុនផងដែរ ទម្រាំពន្លឺនោះជះមកដល់ភពផែនដីយើង។

អ្នកវិទ្យាសាស្ត្រមួយរូប គឺលោក Jeremy Darling ដែលស្ថិតក្នុងក្រុមដឹកនាំ ការសិក្សាអំពីបាតុភូតខាងលើ មកពីសាកលវិទ្យាល័យរដ្ឋ Colorado សហរដ្ឋអាមេរិក បានបកស្រាយថា «នៅពេលដែលកាឡាក់ស៊ីពីរដូចជា កាឡាក់ស៊ី Milky Way របស់យើង និងកាឡាក់ស៊ី Andromeda ប៉ះទង្គិចគ្នា ពន្លឺ beam នឹងជះចេញទៅកាន់ទីអវកាស នៅក្នុងរយៈចម្ងាយឆ្ងាយ។ អ៊ីដ្រូសែន megamaser ប្រៀបបីដូចជាពន្លឺដ៏ភ្លឺចិញ្ច្រាច ដែលប្រាប់ដំណឹងឲ្យយើងដឹងថា មានការប៉ះទង្គិចរវាងកាឡាក់ស៊ីនានា ហើយតារាថ្មីកំពុងចាប់កំណើត និងប្រហោងខ្មៅ (black hole) នានាកំពុងរីកធំធាត់ (តាមរយៈការលេបយកវត្ថុអវកាស ដែលស្ថិតនៅក្បែរខ្លួនប្រហោងខ្មៅទាំងនោះ)»។
អ្នកវិទ្យាសាស្ត្រមួយរូបទៀត ដែលចូលរួមដឹកនាំការសិក្សាថ្មីខាងលើនេះផងដែរ គឺលោកស្រី Hayley Roberts បានពន្យល់បន្ថែមថា «megamaser ទាំងឡាយអាចកើតចេញមកបាន ក៏ដោយសារតែការប៉ះទង្គិចដ៏ខ្លាំងមហិមា ជាទីបំផុតនៅក្នុងទីអវកាសនោះឯង»។

សម្រាប់ការអង្កេតឃើញពន្លឺ megamaser ខាងលើនេះ, ក្រុមអ្នកវិទ្យាសាស្ត្របានប្រើប្រាស់បណ្តាញតេឡេស្កូប MeerKAT ស្ថិតនៅប្រទេសអាហ្វ្រិកខាងត្បូង ដោយវាមានបណ្តាចាប់រលកសញ្ញា (receptor) រហូតដល់ទៅ ៦៤គ្រឿងឯណោះ។ បណ្តាញតេឡេស្កូបនេះ អាចឲ្យក្រុមអ្នកវិទ្យាសាស្ត្រចាប់បាន បាតុភូតនានាមកពីទីអវកាស គិតចាប់តាំងពីចក្រវាល (Universe) ទើបមានអាយុមិនដល់ ៥ពាន់លានឆ្នាំ៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃសុក្រ ទី០៨ ខែមេសា ឆ្នាំ២០២២)
