វាជា «ផ្កាយដុះកន្ទុយធំបំផុត» ដែលយើងមិនធ្លាប់បានឃើញ, Hubble ទើបផ្តិតរូបភាពបាន (វាស្មើភ្នំ Everest x ១៥ដង)

819

(បរទេស)៖ ផ្កាយដុះកន្ទុយ (Comet) ដែលមានលេខសម្គាល់ C/2014 UN271 (អាចហៅឈ្មោះថា Bernardinelli-Berstei) ទើបតែត្រូវបានតេឡេស្កូបអវកាស Hubble ផ្តិតរូបភាពបាន និងធ្វើឲ្យកក្រើកពិភពអ្នកវិទ្យាសាស្ត្រតែម្តង ព្រោះវាមានទំហំធំធេងបំផុត ដែលមិនធ្លាប់ត្រូវបានជួបប្រទះនោះឡើយពីមុនមក។

C/2014 UN271 មានមុខកាត់ ១២៩គីឡូម៉ែត្រឯណោះ ហើយបើគិតទៅលើទំហំបែបនេះ គឺវាធំជាងទំហំទូទៅនៃផ្កាយដុះកន្ទុយធម្មតា រហូតដល់ទៅ ៥០%។ ក្រុមអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យរដ្ឋ California សហរដ្ឋអាមេរិកបានអះអាងថា ការរកឃើញផ្កាយដុះកន្ទុយនេះ គឺពិតជាគួរឲ្យភ្ញាក់ផ្អើល ហើយវាប្រៀបបីដូចជាផ្ទាំងទឹកកកដ៏គគ្រេចកំពុងហោះ និងរំសាយកន្ទុយ។

ផ្កាយដុះកន្ទុយតូចៗធម្មតា គឺមិនអាចត្រូវបានមើលឃើញ នៅពេលស្ថិតនៅឆ្ងាយនោះឡើយ ប៉ុន្តែដោយសារតែ C/2014 UN271 មានទំហំធំធេងនោះ ដូច្នេះទើបក្រុមអ្នកវិទ្យាសាស្ត្រនៅតែអាចមើលឃើញវា។ C/2014 UN271 បច្ចុប្បន្នកំពុងស្ថិតនៅចម្ងាយជាង ៣.២ ពាន់លានគីឡូម៉ែត្រពីផែនដី និងបានរំកិលមករកព្រះអាទិត្យបន្តិចៗម្តងប្រមាណជាង ១លានឆ្នាំមកហើយ។

វាជា «ផ្កាយដុះកន្ទុយធំបំផុត» ដែលយើងមិនធ្លាប់បានឃើញ, Hubble ទើបផ្តិតរូបភាពបាន (វាស្មើភ្នំ Everest x ១៥ដង)

គួរបញ្ជាក់ថា ផ្កាយដុះកន្ទុយធំបំផុតកាលពីមុន គឺមានឈ្មោះថា C/2002 VQ94 ត្រូវបានរកឃើញកាលពីឆ្នាំ ២០០២ ដោយមានមុខកាត់ត្រឹមតែ ៩៦គីឡូម៉ែត្រប៉ុណ្ណោះ។ សម្រាប់ផ្កាយដុះកន្ទុយ C/2014 UN271 គឺត្រូវបានរកឃើញដំបូងកាលពីឆ្នាំ ២០១០ តាមរយៈមន្ទីរអង្កេតតារារបស់អាមេរិក Cerro Tololo ស្ថិតនៅក្នុងប្រទេសឈីលី។ ជាមួយនឹងមុខកាត់ ១២៩គីឡូម៉ែត្របែបនេះ, C/2014 UN271 ស្មើនឹងភ្នំ Everest ដែលខ្ពស់បំផុតលើផែនដីយើងនេះ គុណនឹង ១៥ដងឯណោះ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃពុធ ទី១៣ ខែមេសា ឆ្នាំ២០២២)

480×240 Banner