អាមេរិកប្តេជ្ញា «មិន» ធ្វើតេស្តដ៏គ្រោះថ្នាក់នេះឡើយ និងប្រាប់ប្រទេសនានា ឲ្យយកគំរូតាមខ្លួន
(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានប្តេជ្ញាថា នឹងមិនធ្វើតេស្ត «មីស៊ីលកម្ទេចផ្កាយរណប» ដែលជាទង្វើដ៏គ្រោះថ្នាក់បំផុត ដល់ទីលំហអវកាសនោះឡើយ ហើយសហរដ្ឋអាមេរិកក៍ចង់ឲ្យប្រជាជាតិទាំងឡាយ នៅលើភពផែនដី ប្តេជ្ញាបែបនេះដូចគ្នា។

ការប្តេជ្ញាចិត្តខាងលើនេះ ត្រូវបានធ្វើឡើងនាឱកាសដែល អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) ធ្វើទស្សនកិច្ច និងថ្លែងសុន្ទរកថាមួយ នៅឯមូលដ្ឋានទ័ពអាកាស Vandenberg នៃរដ្ឋកាលីហ្វ័រញ៉ា នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២។ លោកស្រីបានគូសបញ្ជាក់ថា រដ្ឋបាលទីក្រុងវ៉ាស៊ីនតោន ចង់បង្ហាញនូវគំរូដ៏ល្អប្រសើរមួយ នៃអាកប្បកិរិយាប្រកបដោយភាពទទួលខុសត្រូវ នៅក្នុងទីលំហអវកាស។

គួរបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ប្រទេសរុស្ស៊ីបានធ្វើតេស្តសាកល្បងនូវ គ្រាប់មីស៊ីលបាញ់កម្ទេចផ្កាយរណប ដែលបានបង្ខំឲ្យស្ថានីយអវកាសអន្តរជាតិ (ISS) ងាករេចេញពីគន្លងរបស់ខ្លួន ដែលស្ថិតនៅក្នុងរយៈកម្ពស់ ៤០០គីឡូម៉ែត្រផ្ទៃដី ដើម្បីគេចចេញពីការប៉ះទង្គិច ជាមួយនឹងកម្ទេចកម្ទីរផ្កាយរណបរុស្ស៊ី ដែលត្រូវបានគ្រាប់មីស៊ីល បុកកម្ទេចចេញជាបំណែកៗនាពេលនោះ។

មិនមែនការប្រកាសនេះមានន័យថា សហរដ្ឋអាមេរិកមិនមានសមត្ថភាព នៅក្នុងការធ្វើបែបនេះឡើយ ប៉ុន្តែបន្ទាប់ពីប្រទេសនានាដូចជា ចិន និងឥណ្ឌា ក៏មានសមត្ថភាពប្រើប្រាស់មីស៊ីល ដើម្បីបាញ់កម្ទេចផ្កាយរណបដែរ, សហរដ្ឋអាមេរិកខ្លួនឯងបានដឹងកាន់តែច្បាស់ថា វានឹងក្លាយជាគ្រោះមហន្តរាយធំធេង ចំំពោះការអភិវឌ្ឍនៅទីអវកាស ខណៈដែលផ្កាយរណបភាគច្រើនបំផុតលើលោក គឺជារបស់សហរដ្ឋអាមេរិកផ្ទាល់។ នេះបើតាមក្រុមអ្នកវិភាគអន្តរជាតិ៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០២២)
