យល់ដឹង៖ ព្រះចន្ទ Europa និងកោះទឹកកក Greenland មានលក្ខណៈស្រដៀងគ្នាមួយ, តើវាអាចបញ្ជាក់អំពីអ្វី?

613

(អាមេរិក)៖ ភពអង្គារ (Mars), ព្រះចន្ទទីតាន (Titan) និង អ៊ែនសេឡាដឹស (Enceladus) នៃភពសៅរ៍ (Saturn) និងព្រះចន្ទ យូរ៉ូប៉ា (Europa) នៃភពព្រហស្បតិ៍ (Jupiter) តែងតែត្រូវបានចាត់ទុកថា ជាទីឋានល្អជាងគេប្រចាំនៅក្នុងប្រព័ន្ធព្រះអាទិត្យនេះ ដើម្បីឲ្យក្រុមអ្នកវិទ្យាសាស្ត្រ ធ្វើការស្រាវជ្រាវរកជីវិតដែលអាចកើតមាន ក្រៅពីភពផែនដី ដែលយើងទាំងអស់គ្នាតែងហៅថា «ជីវិតអេលៀន ឬ Alien life» នោះ។

ប៉ុន្តែ, នៅក្នុងចំណោមទីឋានពិសេសៗខាងលើនេះ មួយប៉ុណ្ណោះត្រូវបានចាត់ទុកថា ពិសេសជាងគេបំផុត នោះគឺព្រះចន្ទ Europa នៃភពព្រហស្បតិ៍តែម្តង ព្រោះនៅក្រោមស្រទាប់ទឹកកក ដែលមានកម្រាស់ចាប់ពី ១០-២០គីឡូម៉ែត្ររបស់ព្រះចន្ទនេះ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រដឹងថា មានផ្ទុកមហាសមុទ្រទឹករាវ ដែលអាចមានលាក់ជីវិតក្នុងទម្រង់ណាមួយ

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺកាលពីពេលថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្រទើបតែកំណត់បានមុខសញ្ញាថ្មីមួយ នោះគឺតំបន់កកើតទឹកកក នៅលើសំបកព្រះចន្ទ Europa មានដំណើរប្រែប្រួលស្រដៀងនឹងស្ថានភាព នៅលើកោះទឹកកកយក្ស ហ្គ្រីនលែនដ៍ (Greenland) នៅជាប់ប៉ូលខាងជើងផែនដីរបស់យើងនេះដែរ។

ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ បានឲ្យដឹងទៀតថា សំបកទឹកកករបស់ Europa មានរចនាសម្ព័ន្ធផ្សាភ្ជាប់គ្នាដោយជ្រលងៗ និងជួរភ្នំទឹកកកភ្លោះ (double ridge) ស្ថិតនៅចន្លោះៗគ្នាយ៉ាងប្រទាក់ក្រឡា ហើយខ្សែសង្វាក់ទាំងអស់នេះ មានប្រវែងរាប់រយគីឡូម៉ែត្រឯណោះ។ គ្រប់ផ្នែកនៃសំបកទឹកកករបស់ Europa សុទ្ធតែបង្ហាញនូវទិដ្ឋភាពនៃជួរភ្នំទឹកកកភ្លោះ ដែលអូសកាត់ទទឹងគ្នាបែបនេះ ដោយក្រុមអ្នកវិទ្យាសាស្ត្រមិនទាន់អាចដឹងថា តើទិដ្ឋភាពបែបនេះ ត្រូវបានបង្កឡើងដោយបាតុភូតអ្វីនៅឡើយទេ។

ប៉ុន្តែ, យោងទៅលើទិន្នន័យរូបភាពពីផ្កាយរណប ត្រូវបានទម្លាយកាលពីពេលថ្មីៗនេះឲ្យដឹងថា ទិដ្ឋភាពជួរភ្នំទឹកកកស្រដៀងៗនៅលើ Europa នោះ បានកកើតឡើងលើកោះ Greenland តាំងតែពី ១០ឆ្នាំមុនមកម្ល៉េះ។ និស្សិតទើបបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Stanford លោក Riley Culberg បានប្រាប់ Space.com ថា «នេះជាលើកទីមួយដែលយើងបានមើលឃើញ ជួរភ្នំទឹកកកភ្លោះបែបនេះ នៅលើភពផែនដីដែរ»។

យល់ដឹង៖ ព្រះចន្ទ Europa និងកោះទឹកកក Greenland មានលក្ខណៈស្រដៀងគ្នាមួយ, តើវាអាចបញ្ជាក់អំពីអ្វី?

តាមរយៈការសិក្សាអំពីអ្វី ដែលបានកើតមានឡើងនៅក្រោមជួរភ្នំទឹកកកភ្លោះនោះ, ក្រុមការងាររបស់លោក Culberg បានសន្និដ្ឋានថា ទាំងនៅលើផែនដី និង Europa សុទ្ធតែត្រូវបានបង្កើតឡើងដោយទឹករាវ ស្ថិតនៅក្រោមស្រទាប់ទឹកកកនោះដូចគ្នា ហើយនៅពេលទឹកក្រោមស្រទាប់ទឹកកកនោះ ច្រាលឡើងទៅខាងលើ វាបានធ្វើស្រទាប់ទឹកកកខាងលើពើងឡើង និងប្រេះ បង្កើតចេញជាជួរភ្នំទឹកកកភ្លោះ។

ប្រសិនបើការពន្យល់ខាងលើនេះ គឺជារឿងត្រឹមត្រូវ, នោះ Europa នឹងមិនត្រឹមតែជាព្រះចន្ទ ដែលមានលាក់មហាសមុទ្រទឹករាវ នៅក្នុងស្រទាប់ដ៏ជ្រៅមួយរបស់វាប៉ុណ្ណោះទេ តែវាក៏អាចមានកំនប់ទឹកផ្សេងៗទៀត នៅក្រោមស្រទាប់ទឹកកក (រាក់) របស់វាផងដែរ។ លោក Culberg បានរំលឹកថា បុគ្គលិកលក្ខណៈនៃជួរភ្នំទឹកកកលើ Europa គឺពិតជាស្រដៀងនឹងនៅលើកោះ Greenland ខ្លាំងណាស់ (ប្រសិនបើយើងគណនាបម្រែបម្រួលនេះ ឲ្យត្រឹមត្រូវទៅតាមភាពខុសគ្នា នៃកម្លាំងទំនាញរវាងភពផែនដី និង Europa)។

(Image Credit: NASA)

ទោះបីជាចលនានៃទឹកក្រោមទឹកកក មានលក្ខណៈខុសប្លែកគ្នាបន្តិចមែនរវាង ផែនដី និង Europa ប៉ុន្តែវដ្តន៍ចុះឡើងរបស់ទីឋានទាំងពីរនេះ គឺស្ថិតក្នុងចំនួនច្រើនដូចគ្នា។ គ្រឿងយន្តអវកាស Europa Clipper ដែលនឹងត្រូវបាញ់បង្ហោះនៅឆ្នាំ ២០២៤ ត្រូវបានគេរំពឹងថា នឹងអាចប្រើប្រាស់ភ្នែករបស់វា សម្លឹងចូលយ៉ាងជ្រៅទៅក្នុងស្រទាប់ទឹកកករបស់ Europa មិនខុសពីផ្កាយរណបលើភពផែនដី បានធ្វើទៅលើ Greenland នោះឡើយ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២)

480×240 Banner