បែកធ្លាយឯកសារ! រដ្ឋាភិបាលអាមេរិកធ្លាប់សិក្សាអំពីការ «បំផ្ទុះនុយក្លេអ៊ែរលើព្រះចន្ទ»
(អាមេរិក)៖ កម្មវិធីសិក្សាដ៏គ្រោះថ្នាក់មួយហៅកាត់ថា AATIP (ត្រូវបានបោះបង់ចោលរួចទៅហើយ) របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ត្រូវបានវែបសាយមួយទម្លាយចេញថា ធ្លាប់បានចំណាយថវិកាជាតិរាប់លានដុល្លារ ដើម្បីសិក្សាអំពីការអភិវឌ្ឍ អាវបំបាំងកាយ (invisibility cloaks), ឧបករណ៍ផ្តាច់ទំនាញ (antigravity devices), ច្រកទ្វារធ្វើដំណើរផ្លូវកាត់ (traversable wormholes) និងការបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរនៅលើឋានព្រះចន្ទ ដើម្បីបង្កើតផ្លូវក្រោមដីជាដើម។ នេះបើយើងតាមអ្វីដែលមានសរសេរនៅក្នុង ឯកសារសម្ងាត់ជិត ១,៦០០ទំព័រ ដែលត្រូវបានទម្លាយចេញដោយវែបសាយ Vice.com។
ឯកសាររាប់ពាន់ទំព័រខាងលើនេះមានរួមបញ្ចូលទាំង របាយការណ៍, សេចក្តីព្រាង, កិច្ចព្រមព្រៀង និងកំណត់ហេតុកិច្ចប្រជុំនានា ដែលបានគូសបញ្ជាក់អំពី គោលដៅចម្លែកៗរបស់ AATIP។ AATIP គឺជាកម្មវិធីសិក្សាដ៏សម្ងាត់បំផុតមួយ របស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក ដែលត្រូវបានអនុវត្តចាប់ពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១២ ប៉ុន្តែវាទើបតែត្រូវបានទម្លាយចេញជាលើកដំបូង កាលពីឆ្នាំ ២០១៧ ប៉ុណ្ណោះ, គឺនៅពេលដែលអតីតនាយកដឹកនាំកម្មវិធីនេះ បានលាលែងចេញពីតំណែង នៅឯមន្ទីរការពារជាតិអាមេរិក បញ្ចកោណ (Pentagon)។
កាលពីឆ្នាំ ២០១៧ នោះ, AATIP ត្រូវបានគេបង្ហើបពាក់ព័ន្ធតែទៅលើ កម្មវិធីសិក្សាអំពីវត្តមានរបស់ វត្ថុហោះហើរមិនស្គាល់អត្តសញ្ញាណ (UFOs) តាមរយៈវីដេអូមួយចំនួន របស់កងទ័ពជើងទឹកអាមេរិកតែប៉ុណ្ណោះ ហើយដែលកាលណោះ បញ្ហាបែកធ្លាយបានបង្ខំឲ្យប្រធានដឹកនាំកម្មវិធី AATIP លោក Luis Elizondo លាលែងចេញពីតំណែង។

យ៉ាងណាក៏ដោយ, ថ្មីៗនេះវែបសារ Vice.com បានទម្លាយចេញនូវរឿងរ៉ាវបន្ថែមទៀត ដែលនាំឲ្យសាធារណជនទូទាំងពិភពលោក ជាពិសេសនៅក្នុងសហរដ្ឋអាមេរិកផ្ទាល់ បានដឹងកាន់តែច្បាស់ថា AATIP មានគោលដៅធំជាងការស្វែងរក UFOs ទៅទៀត នោះគឺការសិក្សាអំពីការបង្កើត អាវបំបាំងកាយ (invisibility cloaks), ឧបករណ៍ផ្តាច់ទំនាញ (antigravity devices), ច្រកទ្វារធ្វើដំណើរផ្លូវកាត់ (traversable wormholes) និងការបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរ នៅលើឋានព្រះចន្ទ ដើម្បីបង្កើតផ្លូវក្រោមដីនោះឯង។
ប្រហែលជាអ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុត នៅក្នុងចំណោមឯកសារខាងលើនេះ គឺឯកសារយោងមួយចំនួន ទៅលើរបាយការណ៍ស៊ើបការណ៍សម្ងាត់ ផ្នែកការពារជាតិ (DIRDs) ដែលពិភាក្សាអំពីលទ្ធភាព ក្នុងការទទួលបានជោគជ័យទៅលើការអភិវឌ្ឍ «បច្ចេកវិទ្យាកម្រិតខ្ពស់ៗ» ជាច្រើន។ បណ្តុំឯកសារទាំងនោះ មានរួមបញ្ចូលរបាយការណ៍ស្តីពី traversable wormholes, ច្រកទ្វារតារា (stargate)និងថាមពលអវិជ្ជមាន (negative energy), ការបង្កើតបច្ចេកវិទ្យាធ្វើទំនាក់ទំនង ដោយរលកទំនាញប្រេកង់ខ្ពស់ (high-frequency gravitational wave communications), បច្ចេកវិទ្យា warp drive, ថាមពលងងឹត (dark energy) និងការស្វែងរកវិមាត្រ (dimensions) បន្ថែមទៀតជាដើម បូករួមទាំងប្រធានបទជាច្រើនទៀត ដែលស្តាប់ទៅនឹងធ្វើឲ្យលោកអ្នកនឹកឃើញដល់ «រឿងប្រឌិតបែបវិទ្យាសាស្ត្រ» ដែលអ្នកគាំទ្រផ្នែកនេះតែងតែលើមកជជែកដេញដោល។

ទោះជាយ៉ាងណា, នៅក្នុងការពិនិត្យត្រួសៗលើឯកសារខាងលើនេះ យើងបានមើលឃើញ ភាពមិនអាចទៅរួច ឬហួសហេតុចំពោះគោលដៅសិក្សា លើប្រធានបទមួយចំនួនរួចទៅហើយ ក្នុងនោះមានដូចជាការស្រាវជ្រាវរក «លោហធាតុដែលស្រាលជាងដែក ១០០,០០០ដង តែនៅតែរឹងមាំដូចដែក» ដែលអាចមានវត្តមាននៅស្នូលព្រះចន្ទ និងការប្រើប្រាស់គ្រាប់បែកនុយក្លេអ៊ែរ បំផ្ទុះបង្កើតផ្លូវរូងក្រោមដី ដើម្បីចូលទៅក្នុងសំបក (crust) និងស្រទាប់រឹង (mantle) របស់ព្រះចន្ទជាដើម។
ជាការពិតសម្រាប់ពេលនេះ, អង្គការអវកាសអាមេរិក NASA គ្មានផែនការណាមួយ ដើម្បីបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរ នៅលើឋានព្រះចន្ទនោះឡើយ ឬសូម្បីតែគម្រោងសម្រាប់ពេលឆាប់ៗខាងមុខ។ គម្រោង Artemis របស់អង្គការ NASA ដើម្បីនាំមនុស្សទៅកសាងមូលដ្ឋានលើព្រះចន្ទ នៅឆ្នាំ ២០២៤ គឺជាគម្រោងបង្កើតមូលដ្ឋានស្នាក់នៅ និងស្រាវជ្រាវលើឋានព្រះចន្ទ ប្រកបដោយចីរភាព។ ដូច្នេះការបំផ្ទុះនុយក្លេអ៊ែរណាមួយលើព្រះចន្ទ ប្រាកដណាស់នឹងក្លាយជាទិសដៅផ្ទុយ ទៅនឹងគម្រោងនេះជាក់ជាមិនខាន៕
(លោកអ្នកអាចអានឯកសារទាំង ៥១ច្បាប់ ស្មើនឹងជិត ១,៦០០ទំព័រខាងលើនេះបានដោយ copy លីងមួយនេះ >> https://www.documentcloud.org/app?q=%2Bproject%3Adia-files-207723%20 រួចដាក់ចូលទៅក្នុង browser)

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០២២)
