ដំណឹងល្អ! NASA ទើបសម្រេចចិត្តបន្តដង្ហើមឲ្យ បេសកកម្មអវកាសចំនួន «៨»
(អាមេរិក)៖ អង្គការអវកាសអាមេរិក NASA ទើបតែបានសម្រេចបន្ថែមពេលវេលា ឲ្យបេសកកម្មស្រាវជ្រាវនៅទីអវកាសចំនួន ៨ ក្នុងនោះគឺពាក់ព័ន្ធនឹង ភពព្រះអង្គារ, ព្រះចន្ទរបស់ផែនដីយើង និងអាចម៍ផ្កាយផងដែរ។
សេចក្តីថ្លែងការណ៍របស់អង្គការ NASA បានគូសបញ្ជាក់ថា ការសម្រេចចិត្តបន្តបេសកកម្មទាំងអស់នេះ ក៏ព្រោះតែក្រុមជំនាញបានពិនិត្យឃើញថា គ្រឿងយន្តទាំងអស់នោះ នៅតែមានគុណភាព និងសមត្ថភាពអាចបន្តការស្រាវជ្រាវ ដើម្បីឲ្យក្រុមអ្នកវិទ្យាសាស្ត្រយល់ដឹងកាន់តែស៊ីជម្រៅបន្ថែមទៀត ទៅលើទីកន្លែងនានា នៅក្នុងប្រព័ន្ធព្រះអាទិត្យយើង។
ខាងក្រោមនេះ គឺជាឈ្មោះនៃបេសកកម្ម ដែលទើបទទួលបានការបន្ថែមពេលវេលា ដើម្បីបន្តការស្រាវជ្រាវទៅមុខទៀត៖
១៖ បេសកកម្មយាន Curiosity លើភពព្រះអង្គារ៖ យាននេះបានចុះទៅដល់ភពអង្គារ កាលពីឆ្នាំ២០១២។ ទោះបីការស្រាវជ្រាវក្នុងរណ្តៅយក្ស Gale Crater មានរយៈពេល ១០ឆ្នាំទៅហើយ និងបានបង្កើតរបកគំហើញជាច្រើនរួចមកហើយក្តី ក៏យានមួយនេះ នៅតែអាចដំណើរការបានយ៉ាងល្អប្រសើរ។ អង្គការ NASA បានសម្រេចបន្តបេសកកម្មរបស់វាជាលើកទី ៤ ដើម្បីស្វែងយល់អំពីទឹក និងអតីតកាលដែលអាចមានជីវិតកើតឡើង នៅលើភពក្រហមនោះ។

២៖ បេសកកម្មផ្កាយរណប LRO (Lunar Reconnaissance Orbiter) នៅជុំវិញឋានព្រះចន្ទ៖ ផ្កាយរណបនេះត្រូវបានដាក់ឲ្យដំណើរការ តាំងតែពីឆ្នាំ ២០០៩ មកម្ល៉េះនៅជុំវិញព្រះចន្ទ ហើយអង្គការ NASA ទើបតែបានសម្រេចចិត្ត បន្ថែមពេលវេលា ៣ឆ្នាំទៀតឲ្យវា គិតចាប់ពីឆ្នាំ២០២២ នេះតទៅ ដើម្បីបន្តអង្កេតមើលប្រភពទឹក ដែលកំពុងកកនៅក្នុងសំបកព្រះចន្ទ។

៣៖ គ្រឿងយន្តអវកាស OSIRIS-REx ដែលនឹងសិក្សានៅជុំវិញអាចម៍ផ្កាយ Apophis៖ បេសកកម្ម OSIRIS-REx ដែលនឹងនាំគំរូតាង (កម្ទេចកម្ទីអាចម៍ផ្កាយ) Bennu មកទម្លាក់លើភពផែនដីនៅឆ្នាំ ២០២៣ ឆាប់ៗខាងមុខនេះ នឹងបន្តការងាររបស់វា ទៅកាន់អាចម៍ផ្កាយមួយទៀតឈ្មោះ Apophis ដែលត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រព្រួយបារម្ភថា នឹងអាចគំរាមកំហែងភពផែនដីនៅឆ្នាំ ២០៦៨។ បេសកកម្មថ្មីនេះនឹងមានឈ្មោះថា OSIRIS-Apophis Explorer (APEX)។
បេសកកម្ម APEX នឹងគោចរជុំវិញ Apophis នៅពេលអាចម៍ផ្កាយមួយនេះ ឆ្លងកាត់ភពផែនដីដោយសុវត្ថិភាពនៅឆ្នាំ ២០២៩ ខាងមុខ ក្នុងរយៈចម្ងាយតែ ៣២,០០០គីឡូម៉ែត្រប៉ុណ្ណោះពីភពផែនដី។

៤៖ ផ្កាយរណប MAVEN នៅភពអង្គារ៖ បេសកកម្មស្រាវជ្រាវភពអង្គារ ដែលបានចាប់ផ្តើមឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០១៣ មួយនេះ មានតួនាទីស្វែងយល់ អំពីបរិយាកាសភពអង្គារ និងការបាត់បង់ទឹកចេញពីស្រទាប់លើ នៃភពក្រហមនោះ។ អង្គការ NASA បានសម្រេចចិត្តបង្កើនបេសកកម្មឲ្យ MAVEN រយៈពេល ៣ឆ្នាំទៀត គិតចាប់ពីឆ្នាំ ២០២២ នេះតទៅ។

៥៖ បេសកកម្មយាន InSight លើភពអង្គារ៖ ទោះបីបេសកកម្មខួងដីភពអង្គារ ៥ម៉ែត្រ បានទទួលបរាជ័យ តែគ្រឿងយន្ត InSight នៅតែអាចបន្តបេសកកម្មសំខាន់ៗមួយចំនួនទៀត ដូចជាសិក្សាសម្ពាធខ្យល់ និងជាពិសេសគឺបាតុភូតរញ្ជួយដីលើភពអង្គារតែម្តង។
អង្គការ NASA ទើបតែបានសម្រេចចិត្ត បន្តបេសកកម្មរបស់ InSight រហូតដល់ខែធ្នូ ឆ្នាំ២០២២ ព្រោះយាននេះនៅតែមានគុណភាពល្អ។ គួរបញ្ជាក់ថា InSight ដែលជាប្រភេទគ្រឿងយន្តនៅស្ងៀមមួយកន្លែង បានចុះទៅដល់ផ្ទៃភពអង្គារកាលពីចុងឆ្នាំ ២០១៨។

៦៖ បេសកកម្មយានអវកាស New Horizons នៅខ្សែក្រវាត់អាចម៍ផ្កាយ Kuipter Belt៖ យាន New Horizons ត្រូវបានបាញ់បង្ហោះចេញពីភពផែនដីកាលពីឆ្នាំ ២០០៦ និងមានគោលដៅទៅកាន់ភព ភ្លូថូ (Pluto)។ វាបានទៅដល់ និងថតបានរូបភាពភពភ្លូតូជាច្រើនកាលពីឆ្នាំ ២០១៥ ហើយក៏បន្តឆ្ពោះទៅរក វត្ថុអវកាសធំមួយឈ្មោះ Arrokoth (2014 MU69) កាលពីឆ្នាំ២០១៩។
អង្គការ NASA បានសម្រេចចិត្តបន្តបេសកកម្មរបស់ New Horizons បន្ថែមទៀត ដើម្បីស្រាវជ្រាវនៅតំបន់ចុងប្រព័ន្ធព្រះអាទិត្យនោះ, ប៉ុន្តែសម្រាប់កាលកំណត់ជាក់លាក់ នៅមិនទាន់ត្រូវបានប្រកាសចេញនោះឡើយ។

៧៖ ផ្កាយរណប Odyssey នៅភពព្រះអង្គារ៖ យានអវកាសស្រាវជ្រាវភពអង្គារ Mars Odyssey ដែលបានបំពេញកិច្ចការងារតាំងតែពីឆ្នាំ ២០០១ នៅតែបន្តបេសកកម្មរបស់វាជាប់ជានិច្ចប្រមាណ ៣ទសវត្សរ៍មកហើយ។ NASA ទើបតែបានសម្រេចចិត្ត បន្តបេសកកម្មឲ្យផ្កាយរណបជុំវិញភពអង្គារនោះ រយៈពេលយ៉ាងហោចណាស់ ៣ឆ្នាំទៀត។ Mars Odyssey មានតួនាទីអង្កេតមើល ថ្ម និងទឹកកក នៅស្រទាប់ក្រោមសំបកភពអង្គារ។

៨៖ បេសកកម្មផ្កាយរណប MRO (Mars Reconnaissance Orbiter) នៅភពព្រះអង្គារ៖ អាចចាត់ទុកថា វាជាបេសកកម្មដ៏សកម្ម និងល្បីល្បាញជាងគេនៅភពព្រះអង្គារ ដែលបានចាប់ផ្តើមឡើងតាំងតែពីឆ្នាំ ២០០៥។ ផ្កាយរណបនេះ មានសមត្ថភាពអង្កេតផ្ទៃភពអង្គារទាំងមូលតែម្តង។
អង្គការ NASA បានសម្រេចចិត្តបន្តបេសកកម្មរបស់ MRO រយៈពេល ៣ឆ្នាំទៀត ដោយវានឹងបន្តអង្កេតមើលផ្ទៃភពអង្គារ, ទឹកកក, ទីតាំងភូមិសាស្ត្រសកម្ម, ព្រមទាំងបរិយាកាស និងអាកាសធាតុរបស់ភពក្រហមនេះជាដើម។ MRO ក៏ជាដៃជើងដ៏សំខាន់ នៃបេសកកម្មជាច្រើនលើផ្ទៃភពអង្គារផងដែរ ដូចជាយាន Curiosity និង Perseverance៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ NASA/Space.com (ថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២)
