អង្គការ NASA ចង់បានមតិពីលោកអ្នក ជុំវិញផែនការដឹកកម្ទេចថ្មពីភពអង្គារ មកកាន់ផែនដី (មានវីដេអូ)
(អាមេរិក)៖ ឆ្លើយតបចំពោះការកែប្រែមួយចំនួន ទៅលើផែនការដឹកគំរូតាង (កម្ទេចថ្ម និងដី) (Mars sample return) នៃភពព្រះអង្គារត្រឡប់មកកាន់ផែនដីវិញ ដូចជាការកែសម្រួលកាលបរិច្ឆេទ នៃការចាប់ផ្តើមបំពេញបេសកកម្ម និងការបង្កើនចំនួនយានដឹកជញ្ជូនរហូតដល់ ២ នោះ, អង្គការអវកាសអាមេរិក NASA និងអង្គការអវកាសអឺរ៉ុប ESA ដែលជាដៃគូក្នុងផែនការដ៏ធំធេងនេះ នឹងស្មើសុំមតិយោបល់ពីអ្នកទាំងអស់គ្នា។ ទស្សនាវីដេអូ Animation នៃបេសកកម្ម Mars Sample Return៖
អង្គការ NASA និង ESA កំពុងប្តេជ្ញានាំយកគំរូតាងពីភពអង្គារ ដែលយាន Perseverance បាននិងកំពុងជីក រួចច្រកទុកក្នុងបំពង់ជាបណ្តើរៗនៅក្នុងរណ្តៅ Jezero មកកាន់ភពផែនដីឲ្យបាននៅឆ្នាំ ២០៣៣ ខណៈក្រុមអ្នកវិទ្យាសាស្ត្រកំពុងអន្ទះសា ដើម្បីស្វែងរកដាននៃជីវិត ដែលអាចមានបង្កប់នៅក្នុងកម្ទេចថ្ម និងដីទាំងនោះ ព្រមទាំំងការយល់ដឹងបន្ថែម អំពីអតីតកាលដ៏អាថ៌កំបាំង របស់ភពក្រហមនោះផងដែរ។

សម្រាប់ការទទួលយកមតិយោបល់របស់លោកអ្នក នឹងអាចធ្វើទៅបានតាមប្រព័ន្ធ online ឬតាមរយៈសារអេឡិចត្រូនិក (mail) នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ (ពេលវេលានៅអាមេរិក) ដោយលោកអ្នកគ្រាន់តែចូលទៅក្នុងវែបសាយ (https://www.jpl.nasa.gov/) របស់មន្ទីរពិសោធន៍ JPL (jet propulsion laboratory) នៃអង្គការ NASA រួចស្វែងរកកន្លែងដែលអាចបញ្ចេញមតិយោបល់ នោះជាការស្រេច។
* តើអង្គការ NASA ចង់បានមតិអ្វីពីលោកអ្នក?
មតិយោបល់របស់លោកអ្នក គឺអាចជាការយល់ឃើញ ឬសំណូមពរ ទៅលើទិដ្ឋភាពនៃបេសកកម្ម Mars Sample Return ទាំងមូល ដែលនឹងត្រូវលើកយកទៅពិភាក្សាលម្អិត តាមរយៈកិច្ចប្រជុំ ៣ថ្ងៃ (ថ្ងៃទី៤, ទី៥ និងទី៦ ខែឧសភានេះ) ដោយលោកអ្នកអាចរង់ចាំស្វែងយល់លម្អិត អំពីគោលដៅនៃកិច្ចប្រជុំជាមុនសិន មុននឹងធ្វើការបញ្ចេញមតិយោបល់។

កិច្ចប្រជុំខាងលើនេះ នឹងលើកឡើងអំពីប្រធានបទជាច្រើន ក្នុងនោះមានទាំងការចូលរួមរបស់ស្ថាប័ន Utah Test និង Training Range របស់កងទ័ពអាកាសអាមេរិក ស្ថិតក្នុងប្រធានបទ «កិច្ចការពារភព ឬ planetary protection» ដើម្បីកំណត់ទីតាំងដែលត្រូវទម្លាក់គំរូតាងភពអង្គារ នៅលើភពផែនដី ប្រកបដោយសន្តិសុខ និងសុវត្ថិភាព។

គួរបញ្ជាក់ថា ក្រៅពីការសម្រេចពន្យារពេលបញ្ជូនយាន ទៅដឹកយកគំរូតាងពីភពអង្គារ មកកាន់ផែនដីរយៈពេល ២ឆ្នាំទៀត (ធ្វើឲ្យការបញ្ជូនយានទៅភពអង្គារ ត្រូវពន្យារពេលដល់ឆ្នាំ ២០២៨ និងការដឹកគំរូតាងត្រឡប់មកផែនដីវិញ នឹងកើតឡើងរហូតដល់ឆ្នាំ ២០៣៣), អង្គការ NASA និង ESA ក៏បានពិចារណាបង្កើតយានថែមមួយទៀតផងដែរ ដោយសារតែតម្រូវការនៃបេសកកម្មមានការកើនឡើង។

យានទី ២ ដែលនឹងត្រូវបង្កើតនោះ គឺមានតួនាទីសម្រាប់ដឹករ៉ូបូត Fetch Rover ដែលផលិតឡើងដោយ ESA និងមានតួនាទីក្នុងការដើរប្រមូលយកបំពង់ស្តុកគំរូតាង ដែលយាន Perseverance បានច្រកទុក និងទម្លាក់លើផ្ទៃភពអង្គារជាស្រេចនោះ ខណៈយានទី ១ គឺសម្រាប់ដឹកជើងទម្របាញ់ផលិតដោយ NASA (NASA-developed Mars ascent vehicle ឬ MAV) ដែលមានតួនាទីវេចខ្ចប់ និងបាញ់គំរូតាងចេញពីផ្ទៃភពអង្គារ សំដៅមករកយានផ្ទេរ (ស្ថិតនៅគន្លងគោចរជុំវិញភពអង្គារ) ដើម្បីដឹកមកកាន់ភពផែនដីវិញ ខណៈពីដំបូងឡើយបេសកកម្មទាំងពីរនេះ គ្រោងប្រើប្រាស់យានចុះចត (lander) តែមួយគ្រឿងប៉ុណ្ណោះ៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com/NASA (ថ្ងៃអង្គារ ទី០៣ ខែឧសភា ឆ្នាំ២០២២)
