រកឃើញកាឡាក់ស៊ីចម្លែក! ហេតុអ្វីកាឡាក់ស៊ីទាំងនោះ គ្មានផ្កាយសោះ? (មានវីដេអូ)

832

(បរទេស)៖ មានបាតុភូតចម្លែកទៀតហើយ ត្រូវបានរកឃើញនៅក្នុងចក្រវាល របស់យើងនេះ ឬយើងអាចហៅជាបណ្តោះអាសន្នថា «កាឡាក់ស៊ីកម្រ»។ រហូតមកទល់នឹងពេលនេះ ក្រុមអ្នកវិទ្យាសាស្ត្រអាចកំណត់ឈ្មោះបច្ចេកទេស សម្រាប់ហៅកាឡាក់ស៊ីកម្រទាំងនោះសិនថា post-starburst galaxies ឬ PSBs

PSBs គឺជាពពួកកាឡាក់ស៊ី ដែលមិនមែនកំពុងបង្កើតផ្កាយនោះឡើយ ព្រោះពួកវាជាកាឡាក់ស៊ីដែលបានកើតចេញ ពីការប៉ះទង្គិចរវាងកាឡាក់ស៊ីនានា ដ៏ចលាចលជាទីបំផុត ដែលនាំឲ្យបរិស្ថានក្រោយការប៉ះទង្គិចនោះ មិនត្រូវបានអនុញ្ញាតឲ្យផ្កាយកកើតឡើងបាន ខណៈឧស្ម័ន និងធូលី ដែលបែកខ្ញែកចេញនោះ គឺស្ថិតនៅទ្រឹង ឬមិនអាចឲ្យកកើតចេញជាផ្កាយថ្មីៗបាន។

រកឃើញកាឡាក់ស៊ីចម្លែក! ពួកវាមិនមែនកំពុងផលិតផ្កាយ ដូចកាឡាក់ស៊ីធម្មតាទេ…
បណ្តាញតេឡេស្កូប ALMA នៅប្រទេសឈីលី (ស៊ីលី) (Chile)

ការសិក្សាខាងលើនេះ បានប្រើប្រាស់តេឡេស្កូប ALMA ស្ថិតនៅប្រទេសឈីលី ដើម្បីសិក្សាស្រាវជ្រាវ ចំពោះបាតុភូតក្នុងចក្រវាល ដ៏ចម្លែកទាំងនោះ។ ALMA បាននាំឲ្យក្រុមអ្នកវិទ្យាសាស្ត្រអង្កេតដឹងថា ក្រោយការបុកបញ្ចូលគ្នា (merging) នៃកាឡាក់ស៊ីទាំងនោះ, ពួកវានៅតែកំពុងរក្សាវត្តមានឧស្ម័ន (gas) ដដែល ដោយគេមិនឃើញមានសកម្មភាពបង្កើតផ្កាយណាមួយ ដែលគួរឲ្យកត់សម្គាល់នោះឡើយ។

នៅពេលកាឡាក់ស៊ី ២ រួមបញ្ចូលគ្នា ជាធម្មតាតែងតែនាំឲ្យមានការកកើតផ្កាយថ្មីៗ។ ប៉ុន្តែនៅក្នុងករណីនៃកាឡាក់ស៊ីកម្រ PSBs វិញ គឺគ្មានផ្កាយណាកកើតសោះតែម្តង។ ក្រុមអ្នកវិទ្យាសាស្ត្របានធ្វើការសន្និដ្ឋានជាបឋមថា បាតុភូតចម្លែកបែបនេះ គឺទំនងជាបណ្តាលមកពីប្រភេទឧស្ម័ន និងធូលី ដែលជាធាតុផ្សំសំខាន់ៗ ក្នុងការជំរុញឲ្យមានផ្កាយថ្មីកកើតឡើងនោះ បានខ្ទាតចេញទៅកាន់ទីអវកាស នៅពេលកាឡាក់ស៊ី ២នោះបុកគ្នា។

កាឡាក់ស៊ីពីរកំពុងរួមបញ្ចូលគ្នា ឬ merging (Image Credit: NASA)

ប៉ុន្តែបើយោងតាមទិន្នន័យពី ALMA នៅក្នុងការសិក្សាថ្មីវិញ ខណៈដែលកាឡាក់ស៊ីកម្រ PSBs អាចបង្ហាប់ឧស្ម័នរបស់ពួកវា ដែលគួរតែក្លាយជាឥន្ធនៈគ្រប់គ្រាន់ ក្នុងការជំរុញសកម្មភាពបង្កើតផ្កាយនោះ ពួកវាហាក់នៅតែស្ងប់ស្ងាត់ដដែល។

ជុំវិញចម្ងល់ខាងលើនេះ, តារាវិទូ Adam Smercina មកពីសាកលវិទ្យាល័យ Washington សហរដ្ឋអាមេរិក ដែលជាអ្នកចូលរួមការស្រាវជ្រាវអំពី PSBs បានពន្យល់ថា «ខណៈដែលឧស្ម័នរួមគ្នានេះ គួរតែជាឱកាសបង្កើតផ្កាយប្រកបដោយប្រសិទ្ធភាព តែវាបែរជាមិនដូចការគិតទេ។ តាមពិតទៅ វាមានប្រសិទ្ធភាពមិនដល់ ១០% នោះឡើយ នៃឧស្ម័នប្រកបដោយប្រសិទ្ធភាព (សម្រាប់ការបង្កើតផ្កាយ)»

រូបបង្កើតតាមកុំព្យូទ័រអំពី «កាឡាក់ស៊ី PSB» ដែលអត់មានផ្កាយកកើត (Image credit: ALMA (ESO/NAOJ/NRAO)/S. Dagnello (NRAO/AUI/NSF))

ស្របពេលដែលអ្នកស្រាវជ្រាវមិនប្រាកដទាំងស្រុងថា ហេតុអ្វីបានជាផ្កាយមិនត្រូវបានបង្កើតនោះ ពួកគេបានបង្កើតទ្រឹស្តីមួយ ដើម្បីពន្យល់ស្ថានភាពនោះ។ តារាវិទូ Smercina បានបកស្រាយថា «ក្នុងករណីនេះ ការបង្កើតផ្កាយអាចនឹងត្រូវបានបង្ក្រាប ដោយសារតែភាពច្របូកច្របល់ខ្លាំងនៅក្នុងបណ្តុំឧស្ម័ន…។ ទោះជាយ៉ាងណាក៏ដោយ ការបង្កើតផ្កាយក៏អាចត្រូវបានរារាំង ដោយភាពច្របូកច្របល់ផងដែរ ដូចជាខ្យល់អាចបក់ឲ្យភ្លើង កាន់តែឆេះកញ្ជ្រោលឡើងជាដើម… ដូច្នេះការយល់ដឹងអំពីអ្វី ដែលកំពុងជំរុញឲ្យមានបរិស្ថានដ៏ច្របូកច្របល់នេះ និងថាតើវាបាននិងកំពុងរួមចំណែក ដល់ការរាំងស្ទះ (ដំណើរបង្កើតផ្កាយ) ក្នុងកម្រិតណានោះ គឺសុទ្ធសឹងជាសំនួរ ដែលនៅសេសសល់ក្នុងកិច្ចការងារនេះ»

ប្រែសម្រួល៖ Cambo Space (រក្សាសិទ្ធិ)
ប្រភព៖ Space.com (ថ្ងៃពុធ ទី០៤ ខែឧសភា ឆ្នាំ២០២២)

480×240 Banner