អាចម៍ផ្កាយចំនួន ២ (១ធំ) នឹងមកសួរសុខទុក្ខភពផែនដី នៅប៉ុន្មានថ្ងៃខាងមុខនេះ…

1,766

(បរទេស)៖ អាចម៍ផ្កាយចំនួន ២ នឹងហោះឆ្វែលភពផែនដីនៅប៉ុន្មានថ្ងៃខាងមុខនេះ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្របានប្រាប់ទុកជាមុនថា គ្មានអ្វីដែលត្រូវឲ្យមនុស្សម្នា ផ្ទុះការព្រួយបារម្ភនោះឡើយ។ ក្នុងចំណោមអាចម៍ផ្កាយទាំង ២ នោះ, មួយមានឈ្មោះសម្គាល់ថា 2009 JF1 នឹងហោះឆ្លងកាត់ភពផែនដីនៅថ្ងៃទី០៦ ខែឧសភា និងមួយទៀតឈ្មោះ 467460 (2006 JF42) នឹងមកដល់នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ (ពេលវេលានៅសហរដ្ឋអាមេរិក)។

ការិយាល័យគ្រប់គ្រង និងសម្របសម្រួលលើកិច្ចការពារភព (PDSO) របស់អង្គការ NASA និងដៃគូពាក់ព័ន្ធរបស់ខ្លួន បានប្រើប្រាស់តេឡេស្កូបនៅផែនដី ដើម្បីតាមដានយ៉ាងដិតដល់ ចំពោះអាចម៍ផ្កាយទាំងពីរខាងលើនេះ បន្ទាប់ពីអាចម៍ផ្កាយមួយទៀតឈ្មោះ 418135 (2008 AG33) មានមុខកាត់ ៧៨០ម៉ែត្រ ទើបតែបានហោះឆ្លងកាត់ផែនដី ដោយសុវត្ថិភាពក្នុងគម្លាត ៣.២លានគីឡូម៉ែត្រ កាលពីថ្ងៃទី២៨ ខែមេសា កន្លងទៅថ្មីៗនេះ។

ចរាចរណ៍អាចម៍ផ្កាយនៅតំបន់ប្រព័ន្ធព្រះអាទិត្យក្នុង – Inner Solar System (Image credit: NASA/JPL)

គួរបញ្ជាក់ថា អាចម៍ផ្កាយដែលមានទំហំមុខកាត់ចាប់ពី ១៥០ម៉ែត្រឡើងទៅ ដែលនឹងហោះមកកៀកភពផែនដី នៅក្រោមគម្លាត ៧.៥លានគីឡូម៉ែត្រ នោះនឹងត្រូវដាក់បញ្ចូលទៅក្នុងបញ្ជីនៃការតាមដាន ដើម្បីឲ្យប្រាកដថា ពួកវានឹងមិនអាចបង្កការគម្រាមកំហែងដល់ភពរបស់យើង។ យោងតាមអង្គការ NASA និងដៃគូនានាបានធានាថា ភពផែនដីយើងនេះ នឹងគ្មានការគំរាមកំហែងដោយអាចម៍ផ្កាយធំៗនោះទេ គិតចាប់ពីពេលនេះ រហូតដល់យ៉ាងហោចណាស់ ១០០ឆ្នាំទៀត។

អាចម៍ផ្កាយចំនួន ២ (១ធំ) នឹងមកសួរសុខទុក្ខភពផែនដី នៅប៉ុន្មានថ្ងៃខាងមុខនេះ…

សម្រាប់អាចម៍ផ្កាយ 2009 JF1 គឺត្រឹមជាដុំថ្មអវកាសធម្មតា ដែលមានមុខកាត់ ១០ម៉ែត្រតែប៉ុណ្ណោះ ដែលមិនមានឥទ្ធិពលអាចបង្កការគំរាមកំហែង ដល់ភពផែនដីនោះឡើយ។ ដោយឡែកអាចម៍ផ្កាយមួយទៀតគឺ 467460 (2006 JF42) ដែលមានមុខកាត់ចន្លោះពី ៣៨០ម៉ែត្រ ទៅ ៨៦០ម៉ែត្រ គឺត្រូវបានចាត់ទុកថា មានទំហំធំ ប៉ុន្តែដោយសារវានឹងហោះមកកៀកផែនដី នៅក្នុងគម្លាតរហូតដល់ ៥.៧លានគីឡូម៉ែត្រនោះ គ្រប់គ្នានៅតែអាចបន្តគេងលក់ដោយស្កប់ស្កល់បាន៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃព្រហស្បតិ៍ ទី០៥ ខែឧសភា ឆ្នាំ២០២២)

480×240 Banner