ដោយសារសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន! បេសកកម្ម ExoMars ទៅកាន់ភពព្រះអង្គារ ត្រូវជួបបញ្ហាធំ (មានវីដេអូ)

298

(អឺរ៉ុប)៖ បេសកកម្មស្រាវជ្រាវស្វែងរកដាននៃជីវិតលើភពព្រះអង្គារ មានឈ្មោះថា «ExoMars» ដែលបានគ្រោងបញ្ជូនទៅភពអង្គារ តាំងតែពីឆ្នាំ ២០២០ តែត្រូវបានពន្យារពេលម្តងរួចមកហើយនោះ, ឥឡូវនេះត្រូវបានគេដឹងថា នឹងពន្យារពេលជាលើកទី និងយូរជាងមុនទៅទៀត នោះគឺរហូតដល់ឆ្នាំ ២០២៨ ឯណោះ ព្រោះតែសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន។

កិច្ចសហការរវាងអង្គការអវកាសអឺរ៉ុប ESA និងអង្គការអវកាសរុស្ស៊ី ROSCOSMOS គឺទៅលើការបាញ់បញ្ជូនយានស្រាវជ្រាវមួយគ្រឿងឈ្មោះ Rosalind Franklin (របស់ ESA) ទៅកាន់ភពក្រហមនោះ ដែលពីដំបូងឡើយត្រូវបានគ្រោងធ្វើឡើងនៅឆ្នាំ២០២០ ដំណាលគ្នានឹងប្រទេសចិន សហរដ្ឋអាមេរិក និងអេមីរ៉ាត់អារ៉ាប់រួមដែរ ប៉ុន្តែក្រោយមកត្រូវបានខកខានវិញ ព្រោះតែបញ្ហាផ្នែកបច្ចេកទេស។

(Image Credit: ESA)

តាមពិតទៅ, ExoMars ត្រូវបានគ្រោងនឹងបាញ់បញ្ជូនទៅភពអង្គារ នៅក្នុងខែកញ្ញា ឆ្នាំ ២០២២ នេះ ដើម្បីឲ្យស្របទៅនឹងពេលវេលា ដែលភពព្រះអង្គារ គោចរសន្សឹមៗមកកៀកនឹងភពផែនដី (ភពអង្គារ និងភពផែនដី តែងតែគោចរមកចំណុចប្រកៀកគ្នាបំផុត នៅរៀងរាល់ ២៦ខែម្តង)។ ប៉ុន្តែសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានបង្ខំឲ្យអង្គការ ESA ផ្អាកការបាញ់បញ្ជូននេះវិញ ដែលអាចនឹងត្រូវអូសបន្លាយដល់ឆ្នាំ ២០២៨

ដោយសារសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន! បេសកកម្ម ExoMars ទៅកាន់ភពព្រះអង្គារ ត្រូវជួបបញ្ហាធំ…

គួរបញ្ជាក់ថា ការពន្យារពេលយូរបែបនេះ គឺព្រោះតែ ESA ត្រូវការពេលដើម្បីដកប្រព័ន្ធបាញ់បង្ហោះយានរបស់រុស្ស៊ីចេញ ហើយដាក់បញ្ចូលនូវប្រព័ន្ធបាញ់បង្ហោះថ្មីវិញ។ សេចក្តីប្រកាសអំពីផែនការនេះ ត្រូវបានធ្វើឡើងក្រោយកិច្ចប្រជុំរបស់ ESA កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ ហើយប្រព័ន្ធបាញ់បង្ហោះថ្មី ដែលអង្គការអវកាសអឺរ៉ុបត្រូវជ្រើសយកនោះ នឹងត្រូវប្រកាសប្រាប់ប្រទេសជាសមាជិកទាំងអស់ នៅក្នុងខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃព្រហស្បតិ៍ ទី០៥ ខែឧសភា ឆ្នាំ២០២២)

480×240 Banner