មិនធម្មតា! ចិនអាចនឹងចូលរួមលេងល្បែងស្វែងរក «ភពអេលៀន» ​ដូចគេឯងនាពេលឆាប់ៗ!

524

(ប៉េកាំង)៖ ឆាប់ៗខាងមុខនេះ ប្រទេសចិនអាចនឹងឈានជើងចូលក្នុងក្រុមប្រទេស ដែលប្រឹងប្រែងស្វែងរកភពផែនដីទី ២ (Earth 2.0)ភពអេលៀន (Alien) ដូចគេឯងដែរហើយ តាមរយៈគម្រោងផលិត តេឡេស្កូបអវកាស របស់មហាយក្សអាស៊ីមួយនេះ ដែលនឹងអាចដាក់ឲ្យដំណើរការនៅឆ្នាំ២០២៦ ប្រសិនបើសេចក្តីព្រាងមួយរបស់ មន្ទីរអង្កេតតារាប្រចាំទីក្រុងសៀងហៃ ប្រទេសចិន (SAO) ត្រូវបានអនុម័ត ដោយរដ្ឋាភិបាលចិន នៅរដូវក្តៅនៃឆ្នាំ២០២២នេះ។

មន្ទីរអង្កេតតារាប្រចាំទីក្រុងសៀងហៃ ប្រទេសចិន (SAO)

តេឡេស្កូបរបស់ចិន ដែលនឹងមានតួនាទីចម្បងក្នុងការស្វែងរក Earth 2.0 ខាងលើនេះ នឹងត្រូវបាញ់បញ្ជូនទៅកាន់គន្លងគោចរ L2 (Lagrange point 2) ដែលមានចម្ងាយ ១.៥លានគីឡូម៉ែត្រពីភពផែនដី ជាទីដែលតេឡេស្កូបអវកាស James Webb របស់អាមេរិក កំពុងគោចរនៅតំបន់នោះស្រាប់ ព្រមទាំងតេឡេស្កូបអវកាស ESA Euclid របស់អឺរ៉ុប ដែលនឹងទៅកាន់ទីនោះដូចគ្នានៅឆ្នាំ២០២៣។

ដំណើរការស្វែងរកភពអេលៀន (exoplanet) របស់តេឡេស្កូបចិន ក៏នឹងមិនសូវខុសពីដំណើរការរបស់ តេឡេស្កូបអវកាសអឺរ៉ុប និងអាមេរិក បានធ្វើនាប៉ុន្មានឆ្នាំកន្លងមកនេះដែរ នោះគឺការសម្ងំអង្កេតមើលតារានានា នៅក្នុងកាឡាក់ស៊ី Milky Way យើងនេះ ដើម្បីរកមើលភពគោចរឆ្លងកាត់ពន្លឺផ្កាយ (transit) រួចទើបបោះជំហានទៅសិក្សាអំពី តំបន់អំណោយផលដល់ការកកើតជីវិត សម្រាប់ភពដែលជាប់ឈ្មោះជាបេក្ខភាពល្អជាងគេ។

(Image Credit: NASA)

ជុំវិញផែនការរបស់ចិនខាងលើនេះដែរ, សាស្ត្រាចារ្យ Ge Jian នៃ SAO បានប្រាប់សារព័ត៌មាន Space.com តាមរយៈសារ email ថា តេឡេស្កូបអវកាសចិនសម្រាប់ប្រើក្នុងបេសកកម្ម Earth 2.0 នឹងមានសមត្ថភាពក្នុងការស្វែងរក បងប្អូនភ្លោះរបស់ផែនដី ឬភពដែលមានលក្ខណៈស្រដៀងគ្នា ដោយវានឹងអាចគណនាអំពីទំហំភពទាំងនោះ និងថេរវេលានៃដំណើរគោចររបស់ពួកវាជាដើម ដើម្បីតាមដានរកបេក្ខភាពដ៏ស័ក្តិសមបំផុត ក្នុងការក្លាយជាគោលដៅសម្រាប់បន្តការសិក្សា អំពីបរិស្ថានដែលអាចទ្រទ្រង់ជីវិត នៅទីឋានទាំងនោះ។

មិនធម្មតា! ចិនអាចនឹងចូលរួមលេងល្បែងស្វែងរក «ភពអេលៀន» ​ដូចគេឯងនាពេលឆាប់ៗ!
(Exoplanet/Getty Image)

គួរបញ្ជាក់តាមសាស្ត្រាចារ្យ Ge បានឲ្យដឹងទៀតថា បេសកកម្មរបស់ចិនខាងលើនេះ នឹងបន្តការសិក្សាទៅលើតំបន់ផ្ទៃមេឃ ដែលតេឡេស្កូបអវកាសអាមេរិក Kepler បានសិក្សាស្វែងរកឃើញភព exoplanet រាប់ពាន់ភពរួចមកហើយ គិតចាប់ពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៨ (៩ឆ្នាំ)។ ប៉ុន្តែបើតាមការសង្កត់ធ្ងន់ពីសាស្ត្រាចារ្យ Ge, តេឡេស្កូបអវកាស Earth 2.0 របស់ចិន នឹងអាចមើលឃើញកាន់តែទូលំទូលាយ ជាងបេសកកម្មរបស់ NASA ទៅទៀត ដោយយោងទៅលើ ការសម្លឹងមើលផ្ទៃមេឃបានកាន់តែធំធេង និងតារាកាន់តែច្រើនដួង៕

ប្រែសម្រួល៖ Cambo Space (រក្សាសិទ្ធិ)
ប្រភព៖ Space.com (ថ្ងៃចន្ទ ទី០៩ ខែឧសភា ឆ្នាំ២០២២)

480×240 Banner