គួរឲ្យព្រឺព្រួច! Hubble ចាប់បានផ្កាយមួយដួងនៅរស់ ក្រោយផ្កាយក្បែរវាផ្ទុះស្លាប់ (មានវីដេអូ)

1,094

(អាមេរិក)៖ តេឡេស្កូបអវកាសចាស់វស្សារបស់អង្គការ NASA នោះគឺ Hubble ទើបតែបានប្រើកាមេរ៉ាគុណភាពខ្ពស់ «Wide Field Camera 3» ផ្តិតយកទិដ្ឋភាពផ្កាយមួយដួង ស្ថិតក្នុងកាឡាក់ស៊ី NGC 3287 ដែលមានចម្ងាយ ៤៧លានឆ្នាំពន្លឺពីភពផែនដី ដោយវានៅតែអាចរក្សារូបរាងបាន ក្រោយការផ្ទុះផ្កាយជាដៃគូ (ផ្កាយភ្លោះ) របស់វាមួយទៀតយ៉ាងកក្រើក។

(Image credit: NASA, ESA, Leah Hustak (STScI))

ជាធម្មតា, នៅពេលតារាធំមួយដួងឈានដល់វ័យកំណត់ វាតែងតែផ្ទុះឡើង ឬស្លាប់ ដែលយើងហៅថា ស៊ូពើណូវ៉ា (Supernova)។ ការផ្ទុះបែបនេះ តែងតែជះពន្លឺចេញពាសពេញកាឡាក់ស៊ី ហើយកាឡាក់ស៊ីក្បែរខាងរបស់វា ក៏អាចមើលឃើញពន្លឺនៃស៊ូពើណូវ៉ានោះផងដែរ។

Hubble បានសង្កេតមើលបន្ទុះស៊ូពើណូវ៉ា ដែលមានឈ្មោះសម្គាល់់ថា SN 2013ge ខាងលើនេះ ក្រោយពីវាបានថយចុះពន្លឺវិញសន្សឹមៗ គិតចាប់តាំងពីឆ្នាំ ២០១៦។ យ៉ាងណាក៏ដោយ នៅក្រោយការផ្ទុះនោះ ផ្កាយជាដៃគូ (binary star) របស់វាបានបាត់ខ្លួនមួយរយៈ នៅក្នុងបរិស្ថានដ៏ចលាចលក្រោយបន្ទុះ supernova។

កាឡាក់ស៊ី NGC 3287 (Image Credit: NASA)

ជុំវិញទិដ្ឋភាពខាងលើនេះ, តារាវិទូ Ori Fox មកពីវិទ្យាស្ថានវិទ្យាសាស្ត្រតេឡេស្កូប នៃរដ្ឋ Maryland សហរដ្ឋអាមេរិក និងជាអ្នកដែលចូលរួមក្នុងកម្មវិធីសិក្សា ដោយប្រើប្រាស់ Hubble ផងដែរនោះបានថ្លែងថា «នេះជាខណៈពេលដែលយើងបាន ទន្ទឹងរង់់ចាំជាយូរមកហើយ នោះគឺការមើលឃើញវត្តមានផ្កាយជាដៃគូ នៃផ្កាយដែលបានផ្ទុះខ្ទេចក្នុងបាតុភូត supernova។

គួរបញ្ជាក់ថា ការសិក្សាអំពីបន្ទុះ supernova ឈ្មោះ SN 2013ge ដែលស្ថិតនៅក្នុងប្រព័ន្ធផ្កាយភ្លោះនោះ បានជួយឲ្យក្រុមអ្នកវិទ្យាសាស្ត្រស្វែងយល់បន្ថែម ទៅលើតារាមួយចំនួន ដែលបានអស់ឧស្ម័នអ៊ីដ្រូសែន នៅពេលជិតកើតមានបន្ទុះ supernova។ បាតុភូតនេះអាចបណ្តាលមកពីផ្កាយជាដៃគូរបស់វា បានស្រូបយកអ៊ីដ្រូសែននោះអស់ មុនពេលកើតមានបន្ទុះ supernova។

គួរឲ្យព្រឺព្រួច! Hubble ចាប់បានផ្កាយមួយដួងនៅរស់ ក្រោយផ្កាយក្បែរវាផ្ទុះស្លាប់ (supernova)

អ្វីបន្ថែមពីនេះ, ក្រុមអ្នកវិទ្យាសាស្ត្រកំពុងឈ្វេងយល់ថា ការរក្សាវត្តមានដដែលរបស់តារាជាដៃគូ នៅក្រោយបន្ទុះ supernova ឈ្មោះ SN 2013ge កើតឡើង គឺជាការយល់់ដឹងអំពីបុគ្គលិកលក្ខណៈនៃតារា ដែលបានផ្ទុះនោះ ព្រោះបន្ទាប់មកទៀត វាតែងតែវិវត្តទៅជា តារាណឺត្រុង (Netron Star) ឬប្រហោងខ្មៅ (Black Hole)។ SN 2013ge គឺជាប្រភេទតារាមានម៉ាស់ធំ ដូច្នេះអនាគតទៅមុខរបស់វា ក៏នឹងអាចក្លាយជាតារាណឺត្រុង ឬក៏អាចក្លាយទៅជាប្រហោងខ្មៅនោះឯង៕

ប្រែសម្រួល៖ Cambo Space (រក្សាសិទ្ធិ)
ប្រភព៖ Space.com (ថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ២០២២)

480×240 Banner