ទីបំផុត NASA បញ្ចេញព័ត៌មានថ្មីៗពីយាន Voyager 1 សម្រាប់ឆ្នាំ២០២២នេះ! វាទំនងជាមានបញ្ហា (Video)

779

(អាមេរិក)៖ សម្រាប់រយៈពេលជិត​ ៤៥ឆ្នាំ ឆ្លងកាត់ប្រព័ន្ធព្រះអាទិត្យ គឺពិតជាការបំបែកកំណត់ត្រារួចទៅហើយ សម្រាប់យានអវកាសមួយ។ បេសកកម្ម វ៉ូយែកឺ ១ (Voyager 1) របស់អង្គការ NASA ដែលត្រូវបានបាញ់បង្ហោះកាលពីឆ្នាំ ១៩៧៧ នោះ បានឆ្លងទៅដល់អ្វីដែលក្រុមអ្នកវិទ្យាសាស្ត្រហៅថា តំបន់អន្តរអវកាស ឬអន្តរតារា (interstellar space) កាលពីឆ្នាំ ២០១២ ហើយក៏នៅតែកំពុងបន្តដំណើរទៅមុខដដែល។

ទីបំផុត NASA បញ្ចេញព័ត៌មានថ្មីៗពីយាន Voyager 1 សម្រាប់ឆ្នាំ២០២២នេះ! វាទំនងជាមានបញ្ហាហើយ…
(Voyager mission: NASA/JPL)

Voyager 1 ពេលនេះកំពុងស្ថិតនៅចម្ងាយ ២៣.៣ពាន់លានគីឡូម៉ែត្រពីផែនដី ហើយខណៈពេលដែលយានអវកាសនេះ នៅតែអាចដំណើរការបានត្រឹមត្រូវ ក្រុមអ្នកវិទ្យាសាស្ត្រថ្មីៗនេះបានកត់សម្គាល់ឃើញថា វាហាក់ដូចជាបានកើតមានភាព «ភ័ន្តច្រឡំ» អំពីទីតាំងរបស់វានៅក្នុងលំហ ដោយមិនបាននាំឲ្យវា ដាក់ខ្លួនឯងចូលទៅក្នុងមុខងារការពារសុវត្ថិភាព (safe mode) ឬក៏ការបញ្ចេញសំឡេងរោទិ៍ (alarm) នៅពេលជួបបញ្ហានោះឡើយ។

(Voyager mission: NASA/JPL)

ជុំវិញភាពមិនប្រក្រតីខាងលើនេះ, លោកស្រី ស៊ូហ្សាន ដូដ (Suzanne Dodd) អ្នកគ្រប់គ្រងគម្រោងសិក្សាលើយាន Voyager 1 និងកូនភ្លោះមួយទៀតគឺ Voyager 2 នៅឯមន្ទីរពិសោធន៍ Jet Propulsion (JPL) របស់អង្គការ NASA ស្ថិតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាបាននិយាយថា «អាថ៌កំបាំងមួយប្រភេទនេះ គឺស្របគ្នាទៅនឹងអ្វីដែលមានក្នុងការសិក្សា សម្រាប់ក្នុងការដំណាក់នេះ ទៅលើបេសកកម្ម Voyager»។

លោកស្រី Dodd បានថ្លែងបន្ថែមទៀតថា «យានអវកាសទាំងពីរនេះមានអាយុជិត ៤៥ឆ្នាំទៅហើយ ដែលលើសពីអ្វីដែលអ្នករៀបចំផែនការបេសកកម្ម បានរំពឹងទុកទៅទៀត។ យើងក៏ស្ថិតនៅក្នុងលំហអន្តរអវកាស ដែលជាបរិស្ថានប្រកបដោយធាតុវិទ្យុសកម្មខ្ពស់ ដែលគ្មានយានអវកាសណា ធ្លាប់បានហោះហើរឆ្លងកាត់ពីមុនមកឡើយ»។

(Voyager mission: NASA/JPL)

សម្រាប់ភាព «ខុសឆ្គង ឬភ័ន្តច្រឡំ» នេះ គឺទាក់ទងនឹងប្រព័ន្ធគ្រប់គ្រងការចល័ត និងឥរិយាបថរបស់យាន Voyager 1 ឬយើងហៅថា ប្រព័ន្ធ «AACS» ដែលរក្សាយានអវកាស និងអង់តែនរបស់វា ឱ្យស្ថិតក្នុងការតំរង់ទិសត្រឹមត្រូវ កន្លងមក AACS ហាក់ដូចជាដំណើរការបានល្អ ដោយសារយានអវកាសនេះ កំពុងទទួលការបញ្ជាឲ្យធ្វើសកម្មភាពលើពួកវា និងបញ្ជូនទិន្នន័យវិទ្យាសាស្ត្រមកផែនដីវិញ ជាមួយនឹងកម្លាំងរលកសញ្ញាដូចធម្មតា។ យ៉ាង​ណា​ក៏ដោយ AACS កំពុងបញ្ជូនទិន្នន័យមកក្រុមអ្នកវិទ្យាសាស្ត្រវិញ ដោយគ្មានតួលេខជាក់លាក់ ឬជាទិន្នន័យមិនអាចប្រើការបាន។

ទោះជាបែបនេះក្តី សេចក្តីថ្លែងការណ៍របស់ NASA មិនបានបញ្ជាក់ថា តើបញ្ហាដូចខាងលើនេះ បានចាប់ផ្តើមនៅពេលណា ឬអស់រយៈពេលប៉ុន្មានរួចមកហើយនោះឡើយ។ NASA បានត្រឹមបកស្រាយថា បុគ្គលិកគ្រប់គ្រងលើបេសកកម្ម Voyager នឹងបន្តស៊ើបអង្កេតលើបញ្ហានេះ ហើយព្យាយាមជួសជុល ឬសម្របខ្លួនទៅនឹងបញ្ហានេះ។ វាគឺជាដំណើរការដ៏យឺតមួយ ព្រោះបច្ចុប្បន្ននេះ ការបញ្ជូនសញ្ញាបញ្ជាទៅពីភពផែនដី នឹងត្រូវការពេលវេលា ២០ ម៉ោង និង ៣៣ នាទី ទើបទៅដល់ Voyager 1 ហើយការឆ្លើយតបរបស់យានអវកាសនោះ មកកាន់ភពផែនដីវិញ ក៏នឹងត្រូវការពេលដូចគ្នានេះដែរ។

(Voyager mission: NASA/JPL)

គួរបញ្ជាក់ថា សម្រាប់់យានអវកាស NASA មួយទៀតនោះគឺ Voyager 2 ដែលត្រូវបានបាញ់បង្ហោះក្នុងឆ្នាំ ១៩៧៧ ដូច Voyager 1 ក៏កំពុងដំណើរការជាធម្មតាដូចគ្នាដែរ។ តែយ៉ាងណា ថាមពលដែលយានអវកាសទាំងពីរនេះអាចផលិតបាន គឺតែងតែធ្លាក់ចុះ ហើយសមាជិកក្រុមបេសកកម្មបានសម្រេចចិត្ត បិទមុខងារមួយចំនួនរបស់ពួកវា ដើម្បីសន្សំសំចៃថាមពល ជាវិធានការដែលពួកគេសង្ឃឹមថា នឹងអាចរក្សាដំណើរការរបស់ Voyager ទាំងពីរគ្រឿងរហូតដល់ឆ្នាំ ២០២៥

លោកស្រី Dodd បានសង្កត់ធ្ងន់​ជាចុងក្រោយថា «មាន​បញ្ហា​ប្រឈម​ធំ​ៗមួយ​ចំនួន​សម្រាប់​ក្រុម​វិស្វកម្ម។ ប៉ុន្តែ​ខ្ញុំ​គិត​ថា យើងមាន​វិធី​ដោះស្រាយបញ្ហារបស់ AACS ហើយក្រុម​របស់យើង​នឹង​រក​ឲ្យឃើញបញ្ហានោះ»៕

ប្រែសម្រួល៖ Cambo Space (រក្សាសិទ្ធិ)
ប្រភព៖ Space.com/NASA (ថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២)

480×240 Banner