ទស្សនាបណ្តុំរូបភាពយានដំបូង ជាប្រវត្តិសាស្ត្រនៃ Boeing ចូលចតនៅស្ថានីយអវកាស ដោយជោគជ័យ!

555

(អាមេរិក)៖ មិនមែនញឹកញាប់នោះឡើយ ដែលលោកអ្នកអាចមើលឃើញ យានអវកាសថ្មីអាចចល័តទៅចូលចត នៅស្ថានីយអវកាសអន្តរជាតិ (ISS) នោះ ប៉ុន្តែពេលនេះយានអវកាស Starliner OFT-2 របស់ក្រុមហ៊ុនយក្សអាមេរិក Boeing បានចូលចតនៅ ISS ប្រកបដោយជោគជ័យហើយ កាលពីយប់ថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២ (ពេលវេលានៅសហរដ្ឋអាមេរិក)។

(Image Credit: NASA/Boeing)

ទោះជាយ៉ាងណា Starliner OFT-2 ត្រឹមជាបន្ទប់យាន (capsule) សាកល្បងថ្មីមួយទៀតរបស់ Boeing ប៉ុណ្ណោះ ដោយមានន័យថា វាជាបន្ទប់ទទេគ្មានអវកាសយានិកជិះ នៅក្នុងនោះឡើយ។ ប្រការនេះក៏មិនខុសពីយានអវកាស Crew Dragon របស់ក្រុមហ៊ុន SpaceX ដែលបានធ្វើតេស្តជាច្រើនលើក មុននឹងសម្រេចចិត្តបញ្ជូនអវកាសយានិកមែនទែន ទៅចូលចតនៅ ISS និងចុះមកកាន់ភពផែនដីវិញប្រកបដោយសុវត្ថិភាពនោះដែរ។

(Image Credit: NASA/Boeing)

ភាពជោគជ័យរបស់ Boeing ក្នុងដំណាក់កាលសាកល្បង OFT-2 (Orbital Flight Test 2) គឺពិតជាសំខាន់ខ្លាំងណាស់ ព្រោះក្រុមហ៊ុនផលិតយន្តហោះអាមេរិកមួយនេះ នឹងត្រូវទទួលរ៉ាប់រងក្នុងការដឹកជញ្ជូន អវកាសយានិករបស់អង្គការ NASA ទៅកាន់ស្ថានីយអវកាសអន្តរជាតិ និងត្រឡប់មកកាន់ភពផែនដីវិញ។

(Image Credit: NASA/Boeing)

គួរបញ្ជាក់ថា យានអវកាសសាកល្បង Starliner OFT-2 បានហោះចេញពី ស្ថានីយកងទ័ពអវកាស Cape Canaveral នៃរដ្ឋ Florida សហរដ្ឋអាមេរិក ឡើងទៅកាន់ទីអវកាសតាមរយៈគ្រាប់រ៉ុក្កែត Atlas V កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅអាមេរិក)។ វារាងយឺតជាង SpaceX បន្តិចដែរ ព្រោះក្រុមហ៊ុន Boeing នៅតែកំពុងស្ថិតនៅក្នុងដំណាក់កាលសាកល្បងនៅឡើយ បន្ទាប់ពីក្រុមហ៊ុនយក្សទាំងពីរនេះ បានចុះកិច្ចព្រមព្រៀងជាមួយអង្គការ NASA ដើម្បីបម្រើសេវាកម្មដឹកជញ្ជូនអវកាសយានិកទៅកាន់ ISS កាលពីឆ្នាំ ២០១៤

ទស្សនាបណ្តុំរូបភាពយានដំបូង ជាប្រវត្តិសាស្ត្រនៃ Boeing ចូលចតនៅស្ថានីយអវកាស ដោយជោគជ័យ!
(Image Credit: NASA/Boeing)

ខណៈក្រុមហ៊ុន SpaceX អាចបម្រើសេវាកម្មខាងលើនេះជូនអង្គការ NASA តាំងតែពីខែឧសភា ឆ្នាំ២០២០, ក្រុមហ៊ុន Boeing វិញបានបន្តស្ថិតក្នុងការត្រួតពិនិត្យនៅឡើយ នៅក្រោយការធ្វើតេស្តបរាជ័យមួយ កាលពីខែធ្នូ ឆ្នាំ២០១៩ ដោយយាន Starliner សាកល្បងលើកទី ១ មិនអាចចូលចតនៅ ISS បាននោះឡើយ។ បន្ថែមពីនេះទៀត កាលពីខែសីហា ឆ្នាំ២០២១ ការប៉ុនប៉ងធ្វើតេស្តលើកទី ២ ត្រូវបានលុបចោលវិញ ព្រោះតែសន្ទះបិទបើករបស់យាន Starliner មានបញ្ហា៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០២២)

480×240 Banner