ការប្រទះឃើញ UFO ហោះលឿនជាងសំឡេង ត្រូវបានសហរដ្ឋអាមេរិក ជជែកដេញដោលជាសាធារណៈ!

745

(វ៉ាស៊ីនតោន)៖ មន្ត្រីនៃមន្ទីរការពារជាតិអាមេរិកបញ្ចកោណ (Pentagon) ក្នុងការថ្លែងនៅឯវេទិកាជាសាធារណៈលើកដំបូង គិតចាប់តាំងពីចាប់តាំងពីទសវត្សរ៍ ១៩៦០ ស្តីពីការប្រទះឃើញ វត្ថុហោះហើរមិនអាចកំណត់អត្តសញ្ញាណ (UFO) បានបង្ហាញវីដេអូដែលត្រូវបានថតកន្លងមកនេះ ស្តីពីបាតុភូតលើដែនអាកាស មិនអាចកំណត់អត្តសញ្ញាណ (UAP) ដែលជាវត្ថុអវកាសមួយ បានហោះឆ្វែលយន្តហោះចម្បាំងអាមេរិក នៅក្នុងល្បឿនលឿនជាងល្បឿននៃសំឡេង (ល្បឿននៃសំឡេងគឺ ១,២២៥គីឡូម៉ែត្រក្នុងមួយម៉ោង)

សម្រាប់វត្ថុលើផ្ទៃអាកាសដែលត្រូវបានថតជាប់តាមបង្អួចកាប៊ីន នៃយន្តហោះចម្បាំង FA-18 ក្នុងឆ្នាំ ២០២១ ក៏ត្រូវបានបញ្ជាក់ដោយអាកាសយានិក នៃយន្តហោះរបស់កងទ័ពជើងទឹកអាមេរិកមួយនេះ ដែលកំពុងបញ្ជាយន្តហោះ ហើយឧបករណ៍ចាប់សញ្ញាលើយន្តហោះ FA-18 នោះ ក៏បានចាប់សញ្ញាអំពីវត្ថុអវកាសនោះដូចគ្នាដែរ។ ប៉ុន្តែ អ្វី ដែលគេអាចប្រាប់បានពេលនេះ គឺវានៅតែរឿងអាថ៌កំបាំង…។

នាយករងផ្នែកស៊ើបការណ៍សម្ងាត់ នៃកងទ័ពជើងទឹកអាមេរិក លោក Scott Bray បានបង្ហាញវីដេអូនេះដល់ក្រុមអ្នកតំណាង ដែលចូលរួមក្នុងសវនាការជាសាធារណៈ ដែលធ្វើឡើងដោយ អនុគណៈកម្មាធិការស៊ើបការណ៍សម្ងាត់ នៃសភាសហរដ្ឋអាមេរិក។ នៅក្នុងឱកាសនៃសវនាការនោះ សមាជិកសភាមួយចំនួនបានជជីកសួរលោក Bray ព្រមជាមួយមន្ត្រីជំនាញផ្នែកស៊ើបការណ៍សម្ងាត់ និងការពារជាតិម្នាក់ទៀត លើរបាយការណ៍ជាច្រើនចេញពី ក្រុមអាកាសយានិកយោធាអាមេរិក អំពីបាតុភូតដ៏អាថ៌កំបាំងលើដែនអាកាស ដែលគេមិនស្គាល់អត្តសញ្ញាណ។

(Image from US media)

ការផ្តោតសំខាន់នៃសវនាការនេះ គឺទៅលើរបាយការណ៍របស់មន្ទីរបញ្ចកោណ កាលពីខែមិថុនា ឆ្នាំ២០២១ ដែលបានបង្ហាញថា ក្រុមអវកាសយានិកនៃ កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានរាយការណ៍ពីការមើលឃើញ UAP សរុប ១៤៤ លើក គិតចាប់តាំងពីឆ្នាំ ២០០៤ ដែលភាគច្រើននៃការប្រទះឃើញទាំងនោះ ត្រូវបានមន្ត្រីជំនាញរបស់ ក្រសួងការពារជាតិអាមេរិកសន្និដ្ឋានថា «ប្រហែលជាវត្ថុមានរូបរាងពិតប្រាកដ»។

ជុំវិញសំណួររបស់អ្នកចូលរួមសវនាការខាងលើនេះ អំពីបុគ្គលិកលក្ខណៈនៃវត្ថុហោះហើរអាថ៌កំបាំងទាំងនោះ លោក Scott Bray បាននិយាយថា «ខ្ញុំមិនអាចធ្វើការពន្យល់ឲ្យជាក់លាក់ ទៅលើវត្ថុទាំងនោះទេ»។ ចាប់តាំងពីការចេញផ្សាយរបាយការណ៍ កាលពីឆ្នាំមុន ចំនួននៃការមើលឃើញរបស់ UAP ដែលត្រូវបានរាយការណ៍បានកើនឡើងដល់ជាង ៤០០លើក ហើយឧបទ្ទវហេតុទាំងនោះ ភាគច្រើនបានកើតឡើងនៅក្នុង ទីកន្លែងហ្វឹកហ្វឺនយោធា និងដែនអាកាសដែលត្រូវបានហាមឃាត់ ហើយពួកវាទាំងនោះ នៅតែមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណ… ការប្រទះឃើញ នៅតែបន្តកើតឡើងជារឿយៗ…»។

ការប្រទះឃើញ UFO ហោះលឿនជាងសំឡេង ត្រូវបានសហរដ្ឋអាមេរិក ជជែកដេញដោលជាសាធារណៈ!
(Image from US media)

ក្នុងចំណោមការមើលឃើញ UAP ចំនួន ១៤៤ករណី ដែលមាននៅក្នុងរបាយការណ៍ កាលពីខែមិថុនា ឆ្នាំ២០២១ នោះ មាន ១៨ករណី បានបង្ហាញអាកប្បកិរិយានៃការហោះហើរ «មិនធម្មតាបំផុត» ដោយវត្ថុអាថ៌កំបាំងទាំងនោះហាក់ដូចជាបាន «នៅស្ងៀមក្នុងទីតាំងដែលមានខ្យល់បក់ខ្លាំង, ផ្លាស់ទីបញ្ច្រាសខ្យល់, ធ្វើចលនាភ្លាមៗ ឬផ្លាស់ទីក្នុងល្បឿនមិនធម្មតា» ដោយគ្មាននរណាដឹងថា មានមធ្យោបាយអ្វីបានជំរុញឲ្យពួកវាធ្វើដូច្នោះបានឡើយ», នេះបើតាមរបាយការណ៍។

សម្រាប់វីដេអូឃ្លីបដែលត្រូវបានចេញផ្សាយ ក៏បានបង្ហាញផងដែរនូវយាន ដែលមិនស្គាល់កម្លាំងរុញច្រានមួយចំនួន បានធ្វើចលនាក្នុងល្បឿនលឿនជាងសំឡេង (ដូចដែលសារព័ត៌មាន Live Science បានរាយការណ៍ពីមុន) ហើយខ្សែវីដេអូមួយ (ថតដោយកងទ័ពជើងទឹកសហរដ្ឋអាមេរិក) ហាក់ដូចជាបង្ហាញអំពី UFO មានរាងស្វ៊ែរហោះលើអាកាស ហើយចល័តភ្លាមៗពីចំណុចម្ខាង ទៅចំណុចម្ខាងទៀតយ៉ាងរហ័សបំផុត មុននឹងវាធ្លាក់ចូលទៅក្នុងទឹកសមុទ្រ។

(Image from US media)

សមាជិកសភាលោក André Carson មកពីរដ្ឋ Indiana បានថ្លែងនៅក្នុងសុន្ទរកថាបើករបស់លោកថា «សវនាការលើកនេះ និងការងារផ្នែកត្រួតពិនិត្យរបស់យើង មានគំនិតសាមញ្ញមួយនៅស្នូលនោះគឺ៖ បាតុភូតក្នុងដែនអាកាស ដែលគេមិនស្គាល់អត្តសញ្ញាណ គឺជាការគំរាមកំហែងសន្តិសុខជាតិដ៏គួរឲ្យព្រួយបារម្ភ ហើយពួកគេ (UAP) ទាំងនោះ ត្រូវតែទទួលការឆ្លើយតបទៅវិញ»។

ការផ្តល់សក្ខីកម្មនៅក្នុងសវនាការ ក៏ត្រូវបានចូលរួមផងដែរពីសំណាក់ អនុរដ្ឋមន្ត្រីការពារជាតិអាមេរិក ទទួលបន្ទុកស៊ើបការណ៍សម្ងាត់ និងសន្តិសុខ លោក Ronald Moultrie ដែលជាទីប្រឹក្សារបស់រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin និងជាអ្នករៀបចំនៃក្រុមកំណត់អត្តសញ្ញាណវត្ថុហោះហើរលើដែនអាកាស ដើម្បីតាមដាន UAPs។ លោក Moultrie បានថ្លែងថា «មន្ទីរបញ្ចកោណមិនអាចច្រានចោលបានទេ នូវលទ្ធភាពដែលការប្រទះឃើញ (UAP ឬ UFO) កន្លងមកនេះ អាចយកទៅភ្ជាប់ជាមួយនឹងជីវិតក្រៅភពនោះ»។

លោក Moultrie បាននិយាយដោយសំដៅទៅលើអង្គការ NASA ថា «មានធាតុផ្សំនៃរដ្ឋាភិបាលរបស់យើង ដែលចូលរួមក្នុងការស្វែងរកជីវិតក្រៅភព… គោលដៅរបស់យើង គឺមិនមែនដើម្បីបិទបាំងអ្វីមួយនោះទេ តែដើម្បីយល់ពីអ្វីមួយ ដែលប្រហែលជាអាចមាននៅទីនោះ…»។

(Image from US media)

ទោះជាយ៉ាងណាក៏ដោយ សម្រាប់លោក Bray វិញបានច្រានចោល ការយល់ឃើញទាំងស្រុងមួយចំនួនដែលថា UAP មានប្រភពដើមពីជីវិតមកក្រៅពីភពផែនដី។ លោកបានសង្កត់ធ្ងន់ថា «យើងបានរកឃើញថា មិនមានទស្សនៈណាមួយនៅក្នុងក្រុមការងារតាមដាន UAP ដែលបង្ហាញថា វាជាអ្វីដែលមិនមែនមានប្រភពដើម នៅលើផែនដីយើងនោះឡើយ»។ លោក Bray បាននិយាយទៀតថា គ្មានវត្ថុ ឬបំណែកណាមួយចេញពីបាតុភូតទាំងនោះ ត្រូវបានរកឃើញទេ ហើយអាកាសយានិកនៃកងទ័ពជើងទឹក ក៏មិនដែលបានព្យាយាមទាក់ទងជាមួយវត្ថុទាំងនោះដែរ។

លោក Bray និងលោក Moultrie បានប្រាប់ក្រុមសមាជិកសភា និងមន្ត្រីអាមេរិកថា ការមើលឃើញភាគច្រើន គឺមិនអាចពន្យល់បាន ហើយថែមទាំងអាចមានគ្រោះថ្នាក់ផងដែរ ដោយលោក Bray បានគូសបញ្ជាក់ថា UAP បានជាប់ពាក់ព័ន្ធក្នុងហេតុការណ៍ «ស្ទើរតែប៉ះទង្គិចគ្នា» ជាមួយយន្តហោះយោធាសហរដ្ឋអាមេរិក ១១ករណីមកហើយ។ ចំពោះការជួបប្រទះគ្នាខ្លះ ថែមទាំងត្រូវបានអះអាងថា បានកើតឡើងពីលើតំបន់ដ៏រសើប នោះគឺកន្លែងស្តុកអាវុធនុយក្លេអ៊ែរ ដ៏ដូចជាឧប្បត្តិហេតុដែលគេចោទប្រកាន់ នៅឯមូលដ្ឋានទ័ពអាកាស Malmstrom ក្នុងរដ្ឋ Montana ជាកន្លែងដែលតម្កល់មីស៊ីលផ្លោងអន្តរទ្វីប (ICBMs) ចំនួន ១០គ្រាប់ ខណៈដែលពន្លឺភ្លើងមូលពណ៌ក្រហមមួយ ត្រូវបានគេមើលឃើញពីលើទីតាំងនោះ។

(Image from US media)

លោក Bray បានបកស្រាយជុំវិញហេតុការណ៍ខាងលើនេះថា «សម្រាប់ទិន្នន័យបែបនោះ មិនស្ថិតនៅក្នុងការកាន់កាប់របស់ក្រុមការងារតាមដាន UAP នោះទេ។ ខ្ញុំ​បាន​ដឹងឮ​រឿង​រ៉ាវ​ទាំងនោះហើយ… ប៉ុន្តែខ្ញុំ​មិន​បាន​ឃើញ​ទិន្នន័យ​ផ្លូវការ​ អំពី​រឿងរ៉ាវទាំង​នោះ​ទេ»។ លោក Bray បានបញ្ជាក់ផងដែរថា UAP ក៏ត្រូវបានកំណត់អត្តសញ្ញាណ ដោយយោធានៃប្រទេសដទៃទៀតដូចគ្នា។ «សម្ព័ន្ធមិត្តយើងខ្លះបានឃើញពួកវា (UAP) ទាំងនេះ។​ ដោយឡែក, ប្រទេសចិនវិញបានបង្កើតក្រុមការងារតាមដាន UAP ផងដែរ យើងបាន​ចែករំលែក​ទិន្នន័យ​ជាមួយប្រទេសមួយចំនួន និង​ប្រទេសមួយចំនួនទៀត​បានចែករំលែក​ទិន្នន័យ​ជាមួយ​យើងវិញ»។ នេះបើតាមលោក Bray បានបង្ហើបឲ្យដឹង។

សម្រាប់វីដេអូមួយទៀតដែលត្រូវបានចេញផ្សាយ ក្នុងអំឡុងពេលធ្វើសវនាការ បានបង្ហាញពីការថតទិដ្ឋភាពពេលយប់ ទៅលើវត្ថុមានពន្លឺរាងត្រីកោណជាច្រើន ហោះហើរលើដែនអាកាស (multiple flashing triangles gliding through the air)។ លើក​នេះ​មន្ត្រីអាមេរិក​បាន​ធ្វើការ​ពន្យល់​ដោយ​និយាយ​ថា​ វត្ថុ​លើមេឃ​ដែល​គេបានមើល​ឃើញ​នោះ គឺជាពន្លឺសិប្បនិមិត្តបង្កើត​ឡើង​ដោយ​​យន្តហោះ Drone ​ដែល​ហោះ​ពី​លើយើង ​ខណៈ​​ពន្លឺប្រភេទនេះ នៅពេលឆ្លងកាត់តាមកញ្ចក់​វ៉ែនតា​សម្រាប់មើល​ពេល​យប់ នោះនឹងឃើញទិដ្ឋភាពបែបនោះឯង។

(Image from US media)

លោក Bray បាននិយាយថា «លើកនេះឧបករណ៍ផ្សេងៗទៀតរបស់ កងទ័ពជើងទឹកអាមេរិក ក៏បានសង្កេតឃើញប្រព័ន្ធហោះហើរលើអាកាស ដែលគ្មានមនុស្សបើក (unmanned aerial systems) នៅក្បែរនោះផងដែរ ហើយឥឡូវនេះយើងមានទំនុកចិត្តដោយសមហេតុផលថា ភ្លើងត្រីកោណទាំងនោះ អាចជាប់ទាក់ទងនឹងប្រព័ន្ធហោះហើរលើអាកាស ដែលគ្មានមនុស្សបើកមួយនេះ…»។

លោក André Carson បានថ្លែងនាឱកាសនោះថា ចំពោះសវនាការដែលត្រូវបានផ្សាយបន្តផ្ទាល់នេះ គឺជាការប៉ុនប៉ងដោយសមាជិកសភាអាមេរិក ដើម្បីនាំមកនូវតម្លាភាពថែមមួយកម្រិតទៀត ដល់ដំណើរការដែលមន្ទីរបញ្ចកោណ កំពុងស៊ើបអង្កេតជុំវិញបាតុភូត ដែលមិនទាន់អាចពន្យល់បាន និងដើម្បីច្រានចោលនូវការអះអាងមិនពិតជាច្រើន អំពីរឿងរ៉ាវដែលគ្រប់គ្នាមិនទាន់ដឹងថា ជាអ្វីឲ្យប្រាកដផងនោះ។

លោក Carson បានបន្តទៀតថា អស់រយៈពេលយូរពេកហើយ ដែលការមើលស្រាលទាក់ទងនឹង UAP បានកើតឡើង និងបានក្លាយឧបសគ្គរាងរាំងដល់ការស៊ើបអង្កេតដ៏ល្អ។ អាកាសយានិកយន្តហោះចម្បាំងមួយចំនួន បានសម្រេចចិត្តមិនរាយការណ៍ ឬត្រូវបានគេសើចចំអក នៅពេលពួកគេរាយការណ៍ អំពីការមើលឃើញ UAP ទាំងនោះ។ មន្រ្តីនៃក្រសួងការពារជាតិអាមេរិក (DOD) កន្លងមកធ្លាប់បានទម្លាក់បញ្ហាទាំងនេះ ទៅកាន់មន្ត្រីក្រោមឱវាទ ឬក៏បិទទុកវានៅក្នុងទូរឯកសារទាំងស្រុងតែម្តង ដោយខ្លាច​សហគមន៍​សន្តិសុខ​ជាតិមានការសង្ស័យ។

លោក André Carson បាន​សង្កត់ធ្ងន់ថា «ថ្ងៃនេះយើងដឹងកាន់តែច្បាស់។ ការអះអាងដែលថា UAP ជាបាតុភូតដែលមិនអាចពន្យល់បាននោះ គឺជាការពិត។ ប៉ុន្តែ UAP ពិតជាមានប្រាកដមែន, ដូច្នេះយើងត្រូវតែស៊ើបអង្កេតទៅលើពួកវា។ ហើយជុំវិញការគំរាមកំហែងណាមួយ ដែលពួកវាអាចបង្កឡើង ក៏ត្រូវតែកាត់បន្ថយផងដែរ»។

ទោះបីជាមានការជំរុញ ដើម្បីស្វែងរកតម្លាភាពឲ្យបានក៏ដោយ ប៉ុន្តែភាគច្រើននៃអ្វីដែលអ្នកជំនាញលើវិស័យការពារជាតិ និងស៊ើបការណ៍ បានដឹងអំពីការមើលឃើញ រួមជាមួយនឹងបច្ចេកវិទ្យាដែលពួកគេមាន ដើម្បីធ្វើការអង្កេតនោះ គឺនៅតែត្រូវបានចាត់ថ្នាក់ទៅក្នុងការតាមដាន ក្រោមហេតុផលសន្តិសុខជាតិប៉ុណ្ណោះ។

(Image from 7news)

លោក Carson បានថ្លែងបន្តទៀតថា «កង្វល់មួយរបស់សភាអាមេរិក គឺទៅលើផ្នែកសាខាប្រតិបត្តិ និងរដ្ឋបាល ដោយភាគីទាំងពីរបាននិងកំពុងព្រួយបារម្ភអំពី UAP នៅក្រោមរនាំងបាំងមួយប៉ុណ្ណោះ ព្រោះតែការប្រឹងផ្តោតតែទៅលើ ព្រឹត្តិការណ៍ដែលអាចពន្យល់បាន និងជៀសវាងពីអ្វីដែលមិនអាចពន្យល់បាន។ តើអ្នកអាចនិយាយអ្វីខ្លះ ដើម្បីផ្តល់ឱ្យប្រជាជនអាមេរិកនូវទំនុកចិត្តលើយើងថា យើងមិនមែនគ្រាន់តែកំពុងសម្លឹងមើលផ្លែឈើ ដែលស្ថិតនៅលើមែកទាបៗ និងការពន្យល់បែបងាយៗនោះ?»។

លើកចុងក្រោយបំផុតនៃការស៊ើបអង្កេតប្រភេទនេះ បានកើតឡើងកាលពីឆ្នាំ ១៩៦៩ នៅពេលដែលការស៊ើបអង្កេតរបស់ កងទ័ពអាកាសសហរដ្ឋអាមេរិកលើ UFO ដែលមានឈ្មោះថា «Project Blue Book» បានបញ្ចប់ដោយចាត់ទុកថា «គ្មានវត្ថុហោះហើរដែលមិនអាចពន្យល់បាន ត្រូវបានរកឃើញនោះឡើយ ហើយក៏គ្មានប្រការណាមួយត្រូវបានគេវាយតម្លៃថា អាចគំរាមកំហែងដល់សន្តិសុខជាតិនោះដែរ»។

រយៈពេលជិត ៥០ឆ្នាំក្រោយមក នោះគឺនៅក្នុងឆ្នាំ ២០១៧, សារព័ត៌មាន Politico និង New York Times បានទម្លាក់របាយការណ៍ជាចង្កោម ដូចគេបំផ្ទុះគ្រាប់បែកជាបន្តបន្ទាប់ អំពីការិយាល័យស្រាវជ្រាវ UFO សម្ងាត់របស់មន្ទីរបញ្ចកោណ ដែលមានការផ្តល់សក្ខីកម្មមួយចំនួន ពីអាកាសយានិកកងទ័ពជើងទឹក និងនាវិកគ្រប់គ្រងប្រព័ន្ធរ៉ាដា ដែលបានជួបប្រទះវត្ថុចម្លែកនៅលើដែនអាកាស ហើយស្ទើរតែកើតមានជាប្រចាំថ្ងៃ។

បន្ទាប់ពីទទួលបានរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយទាំងនេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បានដាក់បញ្ចូលបញ្ហានេះទៅក្នុងអាទិភាព ពាក់ព័ន្ធនឹងកម្មវិធីការពារជាតិថ្មី ដោយយោធាត្រូវបង្កើតការិយាល័យថ្មី ដើម្បីស៊ើបអង្កេតលើ UAP រួមជាមួយនឹងការសរសេររបាយការណ៍ប្រចាំឆ្នាំ និងការសង្ខេបរបាយការណ៍បឋមប្រចាំឆ្នាំ ដើម្បីផ្ញើជូនទៅសភា។

(Image from US media)

បណ្តុំរបាយការណ៍នៅឆ្នាំ ២០២១ មិនមែនជាការលាតត្រដាងថ្មីតែមួយគត់ ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក បានកត់ត្រាដោយសម្ងាត់ នូវសកម្មភាពចម្លែកៗ ដែលហាក់ដូចជាមិនអាចពន្យល់បាននោះទេ។ កាលពីអំលុងខែមេសា ឆ្នាំ២០២២នេះ ច្បាប់ស្តីពីសេរីភាពសារព័ត៌មាន (FOIA) មួយ ដែលត្រូវបានស្នើឲ្យបង្កើតឡើងដោយកាសែត Sun នៃសហរដ្ឋអាមេរិក បាននាំយកឯកសារដែលទាក់ទងនឹង UFO សរុបជាង ១,៥០០ ទំព័រ ទៅឲ្យមានការពិនិត្យពិច្ច័យជាសាធារណៈ។

មូលដ្ឋាននៃបណ្តុំទិន្នន័យ ដែលត្រូវបានបង្កើតឡើងដោយ កម្មវិធីសម្ងាត់ដើម្បីវែករកមើល វត្ថុហោះហើរមិនអាចកំណត់សញ្ញាណ ដែលអាចបង្កការគំរាមកំហែង (Advanced Aerospace Threat Identification Program ឬ AATIP) ដែលបានដំណើរការចាប់ពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១២ បានរួមបញ្ចូលនូវរបាយការណ៍នានា ស្តីពីប្រភពពីផ្នែកវេជ្ជសាស្រ្តជាង ៣០០ ប្រភព នៃការអះអាងរបស់មនុស្សដែលសន្មត់ថា ពួកគេបានពើបប្រទះនឹង UFO ហើយក្នុងនោះ មួយចំនួនបានបង្ហាញនូវការរងគ្រោះដោយមាន របួស រលាក និងការប៉ះពាល់ដល់ផ្នែកខួរក្បាល ព្រមទាំងការខូចខាតផ្នែកសរសៃប្រសាទ បេះដូង និងអការៈឈឺក្បាល ក្រោយពីពួកគេបានជួបប្រទះដោយផ្ទាល់ជាមួយនឹង «យានខុសប្រក្រតី» (anomalous vehicles)

ប្រែសម្រួល៖ Cambo Space (រក្សាសិទ្ធិ)
ប្រភព៖ Live Science (ថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០២២)

480×240 Banner