តើភពទី៩ «Planet Nine» ពិតជាមានមែន ឬទេ? ពេលនេះអ្នកវិទ្យាសាស្ត្របង្ហាញតំរុយថ្មីៗ ដ៏គួរឲ្យចាប់អារម្មណ៍…
(ឡុងដ៍)៖ ភពទី០៩ (Planet Nine) ប្រហែលជាមិនមែនមានប្រភពមកពីក្រៅប្រព័ន្ធអាទិត្យរបស់យើងនោះឡើយ បើតាមការប្រមើលមើលទៅ។ ភពយក្សនិងពោពេញដោយអាថ៌កំបាំង ដែលក្រុមតារាវិទូគិតថា ប្រហែលជាធ្វើដំណើរគោចរ នៅឆ្ងាយផុតពីភពភ្លុយតូ (Pluto) នោះ តាមពិតទំនងបានកកើតឡើង តាំងតែពីដើមឡើយជាមួយភពដទៃៗទៀត នៅក្នុងប្រព័ន្ធផ្កាយរបស់យើងដែរ ជាជាងត្រូវបានឆក់យកមកពីផ្កាយដទៃផ្សេង ឬមួយក៏តំបន់អវកាសចន្លោះផ្កាយ (Interstellar Space)។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយវិទ្យាសាស្រ្ត-អវកាស New Scientist នៅល្ងាចថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០១៧។

យើងនៅតែមិនទាន់បានឃើញភព Planet Nine ដោយផ្ទាល់ដដែល ដើម្បីបញ្ជាក់ពីវត្តមានរបស់វា ហើយប្រសិនបើវាពិតជាកំពុងស្ថិតនៅចុងប្រព័ន្ធព្រះអាទិត្យមែននោះ យើងមិនច្បាស់នោះឡើយថា វាមកដល់ទីនោះដោយរបៀបណា។ យ៉ាងណាមិញ បើតាមចលនាចម្លែកៗ នៃវត្ថុអវកាសមួយចំនួន នៅតំបន់ខ្សែក្រវាត់ខៃភើបែល (Kuiper Belt) ក្រុមអ្នកស្រាវជ្រាវបានប៉ាន់ប្រមាណថា បើសិនជាភពមួយមានវត្តមាននៅទីនោះ វាគួរតែមានម៉ាសប្រហែល ១០ដង ធំជាងផែនដី។
Planet Nine ទំនងជាមិនបានកកើតឡើង នៅកន្លែងដែលវាស្ថិតនៅសព្វថ្ងៃនេះឡើយ ដោយសារតែវាស្ទើរតែពុំអាចទៅរួចឡើយ សម្រាប់ភពទំហំធំយ៉ាងដូច្នេះ អាចចាប់កំណើតឡើង នៅសែនឆ្ងាយពីផ្កាយរបស់វាបែបនេះ ពីព្រោះថាបរិមាណនៃសារធាតុចាំបាច់ផ្សេងៗ ដើម្បីកសាងភពមួយ ត្រូវថយចុះ នៅពេលដែលវានៅឆ្ងាយទៅៗ។ ប្រការហេតុនេះ វាបានបន្សល់ទុកនូវលទ្ធភាពចំនួនពីរគឺ ដំបូងឡើយភពមួយនេះត្រូវបង្កើតឡើងនៅក្បែរព្រះអាទិត្យ ហើយក៏បានរសាត់ចេញទៅឆ្ងាយ ឬក៏វាត្រូវឆក់យកមកពីផ្កាយមួយផ្សេងទៀត។

ជុំវិញការស្វែងរកចម្លើយនៃរឿងនេះ ក្រុមអ្នកវិទ្យសាស្រ្តមកពីសាកលវិទ្យាល័យ Sheffield នៃចក្រភពអង់គ្លេស បានធ្វើការពិសោធទ៍ឃើញថា វាភាគរយតិចតួចណាស់ និងទំនងជាមិនអាចទៅរួចនោះឡើយ ដែលប្រព័ន្ធអាទិត្យ បានឆក់យកភព Planet Nine ពីផ្កាយមួយផ្សេងទៀត ឬក៏តំបន់ Interstellar Space។ ផ្ទុយទៅវិញ វាអាចទៅរួចដែលថា Planet Nine ត្រូវបានរុញច្រានទៅក្រៅ ចេញពីតំបន់ផ្នែកកណ្តាលនៃប្រព័ន្ធព្រះអាទិត្យ នៅពេលដែលភពឧស្ម័នយក្សបានធ្វើការរុះរើក៏ដូចជាកែសម្រួលគន្លងគោចររបស់ពួកវា។
បើតាមលោក Mattew Payne នៃសាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក Planet Nine ប្រហែលជាបានចាប់កំណើតឡើង នៅចន្លោះភពអុយរ៉ាណុស (Uranus) ឬក៏ណិបទូន (Neptune) ហើយក្រោយមកត្រូវបានរុញច្រានចេញពីក្រៅ ប៉ុន្តែមិនទាំងស្រុងនោះឡើយ។ លោក Payne បានលើកឡើងថា ជាទូទៅអ្នកច្បាស់ជារំពឹងថា វានឹងត្រូវបានទាញខ្ទាតចេញពីប្រព័ន្ធផ្កាយរបស់វាទាំងស្រុង ជាជាងនៅក្រឡឹងក្បែរនោះ។

ដោយឡែកលោក Kat Volk មកពីសាកលវិទ្យាល័យអាមេរិក Arizona បាននិយាយថា វាពិបាកខ្លាំងណាស់ ក្នុងការច្រានចោលទ្រឹស្តីណាមួយពាក់ព័ន្ធនឹង Planet Nine នាខណៈពេលនេះ ជាពិសេសទៅទៀតនោះ គឺដោយសារតែយើង មិនទាន់ទាំងប្រាកដច្បាស់ ១០០ភាគរយ នោះឡើយថា ភពដ៏អាថ៌កំបាំងមួយនេះ ពិតជាមានវត្តមាននៅចុងប្រព័ន្ធព្រះអាទិត្យមែនដែរ ឬក៏អត់ផង៕
