រលកសញ្ញា «Wow!» មកពីប្រព័ន្ធផ្កាយផ្សេង កាលពីជិតកន្លះសតវត្សរ៍មុន នៅតែជារឿងអាថ៌កំបាំង (មានវីដេអូ)

2,175

(បរទេស)៖ កាលពីជិតកន្លះសតវត្សរ៍មុន មនុស្សលោកលើផែនដីនេះ បានចាប់បានរលកសញ្ញាដ៏ពិសេសមួយ ដែលត្រូវបានគេសម្រាយចេញជាពាក្យថា «Wow!» ហើយដែលកាលពីសម័យនោះ មនុស្សមួយចំនួនមានការជឿជាក់ថា វាអាចជាសារផ្ញើមកពីជីវិតក្រៅភព ឬពួក Alien នោះឯង។

រលកសញ្ញា Wow! ដ៏អាថ៌កំបាំងខាងលើនេះ ត្រូវបានចាប់យកដោយតេឡេស្កូបមួយ នៅលើផ្ទៃផែនដីកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៩៧៧។ វាត្រូវបានគេអះអាងថ្មីៗនេះថា អាចជះមកពីប្រព័ន្ធផ្កាយមួយឈ្មោះ 2MASS 19281982-2640123 ដែលស្រដៀងនឹងព្រះអាទិត្យយើង និងស្ថិតនៅចម្ងាយ ១,៨០០ឆ្នាំពន្លឺ (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) ពីភពផែនដី (មានទីតាំងស្ថិតក្នុងកញ្ចុំផ្កាយ Sagittarius នៅលើផ្ទៃមេឃ)។

(2MASS 19281982-2640123, a sunlike star in the Sagittarius constellation (Image credit: PanSTARRS/DR1))

តារាវិទូមួយរូបឈ្មោះ Alberto Caballero បានប្រាប់សារព័ត៌មាន Live Science កាលពីពេលថ្មីៗនេះថា «រលកសញ្ញា Wow! គឺត្រូវបានមជ្ឈមណ្ឌលតារាសាស្ត្រ SETI ចាត់ទុកជា បេក្ខភាពល្អជាងគេបំផុត ដែលត្រូវបានតេឡេស្កូបលើផែនដីចាប់បាន នៅក្នុងដំណើរការស្វែងរកជីវិតឆ្លាតវៃ ឬ Alien នៅប្រព័ន្ធផ្កាយដទៃ»។ បើតាមអង្គការ NASA ដំណើរការនេះបានចាប់ផ្តើមឡើង តាំងតែពីពាក់កណ្តាលសតវត្សរ៍ទី ២០ មកម្ល៉េះ។

ជុំវិញការសិក្សាស្វែងយល់ អំពីបាតុភូតខាងលើនេះ, តារាវិទូ Jerry Ehman មកពីសាកលវិទ្យាល័យរដ្ឋ Ohio តាមរយៈការស្រាវជ្រាវរបស់មជ្ឈមណ្ឌល SETI ដោយប្រើប្រាស់តេឡេស្កូបមួយឈ្មោះ Big Ear បានពន្យល់ថា «រលកសញ្ញា Wow! គឺពិតជាខ្លាំងក្លាមិនគួរឲ្យជឿ ប៉ុន្តែវាមានរយៈពេលខ្លីប៉ុណ្ណោះ ដោយអូសបន្លាយប្រមាណ ១នាទី និង ១២វិនាទី»។

(Image credit: Big Ear Radio Observatory and North American Astrophysical Observatory (NAAPO))

យ៉ាងណាក៏ដោយ ក្រោយការសិក្សាប៉ុន្មានទសវត្សរ៍មកនេះ ក្រុមអ្នកវិទ្យាសាស្ត្រនៅតែមិនទាន់អាចដឹងថា រលកសញ្ញាសម្រាយចេញជាពាក្យ Wow! នោះត្រូវបានបង្កើតឡើងដោយអ្វីនៅឡើយទេ។ បើតារាវិទូ Caballero បានពន្យល់ថា Wow! នោះក៏អាចត្រូវបានបង្កើតឡើង ដោយព្រឹត្តិការណ៍អវកាសមួយចំនួន ដូចជាការឆ្លងកាត់នៃផ្កាយដុះកន្ទុយ (comet) ជាដើម និងមិនមែនជា Alien អ្វីនោះឡើយ។

ទោះជាបែបនេះក្តី បើយើងយកការគិតថា Alien ពិតជាមានមែននោះ វាក៏មិនខុសពីអ្វីដែលមនុស្សលើភពផែនដី ធ្លាប់បានធ្វើនោះដែរ។ រលកសញ្ញា Wow! នេះអាចមិនខុសពីរលកសញ្ញាជាពាក្យ «Hello ឬ សួស្តី!» ដែលកាលពីឆ្នាំ ១៩៧៤ មនុស្សលោកបានផ្ញើទៅកាន់កញ្ចុំផ្កាយដ៏ធំមួយឈ្មោះ M13 ដែលមានចម្ងាយជាង ២២,០០០ឆ្នាំពន្លឺពីយើងនោះឡើយ។

រលកសញ្ញា «Wow!» មកពីប្រព័ន្ធផ្កាយផ្សេង កាលពីជិតកន្លះសតវត្សរ៍មុន នៅតែជារឿងអាថ៌កំបាំង…

គួរបញ្ជាក់ថា មិនទាន់មានការរកឃើញ ឬក៏មានគម្រោងសិក្សារកភពនៅជុំវិញផ្កាយ 2MASS 19281982-2640123 ដែលជាអាចប្រភពដើមនៃការបញ្ចេញរលកសញ្ញា Wow! នោះនៅឡើយទេ។ យ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្ត្របានឲ្យយោបល់ថា គួរតែធ្វើការសិក្សាទៅលើប្រភេទតារា ដែលខុសប្លែកពីព្រះអាទិត្យផង ប្រសិនបើយើងចង់ឲ្យលទ្ធផលទទួលបានកាន់តែទូលំទូលាយ ព្រោះកន្លងមកនេះ ក្រុមតារាវិទូបានប្រឹងផ្តោតតែទៅលើពពួកតារា ដែលស្រដៀងៗនឹងព្រះអាទិត្យយើងប៉ុណ្ណោះ៕

ប្រែសម្រួល៖ Cambo Space (រក្សាសិទ្ធិនៃអត្ថបទបកប្រែ)
ប្រភព៖ Live Science (ថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២)

480×240 Banner