បានសម្រេច! Hubble ទើបថតបានកាឡាក់ស៊ីមួយ ស្ថិតនៅតំបន់ដែលពិបាកថត (រូបភាពខាងក្នុង)

749

(បរទេស)៖ បាតុភូតចម្លែកៗនៅក្នុងចក្រវាលមួយនេះ នៅតែមានច្រើនឥតគណនា ហើយការរកឃើញពួកវាជាបន្តបន្ទាប់នោះ ក៏បង្ហាញអំពីសមត្ថភាពរបស់មនុស្សលោក ដែលកាន់តែខ្លាំងក្លាផងដែរ។ កាលពីពេលថ្មីៗនេះ, គឺនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ តេឡេស្កូបអវកាស Hubble របស់អង្គការ NASA និង ESA បានវែករកឃើញ កាឡាក់ស៊ីលាក់ខ្លួនមួយដែលត្រូវបានដាក់ឈ្មោះសម្គាល់ឲ្យថា IC 342 ឬ Caldwell 5

កាឡាក់ស៊ី Caldwell 5 (Image Credit: NASA/Hubble)

បើតាមអង្គការ NASA, ក្រុមតារាវិទូពិតជាបានជួបការលំបាកខ្លាំងណាស់ ក្នុងការផ្តិតយករូបភាពកាឡាក់ស៊ី Caldwell 5 ខាងលើនេះ ព្រោះតែការស្ថិតនៅទីតាំងលាក់បំពួនរបស់វា។ ក្រុមជំនាញបានពន្យល់ថា Hubble បានប្រឹងវែករកវត្តមានរបស់ Caldwell 5 ដោយទម្លុះតំបន់ជិតខ្សែអេក្វាទ័រ របស់បន្ទះឌីសនៃកាឡាក់ស៊ី Milk Way យើង ដែលពោពេញទៅដោយបណ្តុំពពកឧស្ម័ន និងកម្ទេចធូលីដ៏ខ្មៅងងឹតនៃទីអវកាស ព្រមជាមួយនឹងតារាស្អេកស្កាស ដែលបញ្ចេញពន្លឺភ្លឺចិញ្ចាច រំខានដល់ការស្វែងរកកាឡាក់មួយនេះ។

បានសម្រេច! Hubble ទើបថតបានកាឡាក់ស៊ីមួយ ស្ថិតនៅតំបន់ដែលពិបាកថត (រូបភាពខាងក្នុង)
តេឡេស្កូបអវកាស Hubble (Image Credit: NASA/ESA)

ដោយសារតែ Hubble មានសមត្ថភាពមើលទម្លុះកម្ទេចធូលីអវកាស និងចាប់យកពន្លឺ Infrared (ពន្លឺក្រហមអាំងហ្វ្រា) នោះទើបវាអាចឈានទៅចាប់យក រូបភាពនៃកាឡាក់ស៊ី Caldwell 5 ដែលកំពុងលាក់ខ្លួន នៅពីក្រោយរនាំងទាំងនោះបាន។ ពន្លឺ Infrared ពីកាឡាក់ស៊ី Caldwell 5 គឺបានរងការរាំងតិចតួចប៉ុណ្ណោះពីបណ្តុំពពកឧស្ម័ន និងធូលីអវកាស ដែលជាហេតុធ្វើឲ្យវានៅតែអាចបង្ហាញវត្តឲ្យ Hubble ចាប់បាន និងផ្តិតចេញជារូបភាពកាឡាក់ស៊ីដ៏ច្បាស់មួយ។

រចនាសម្ព័ន្ធនៃ Milky Way (Image Credit: Astronomy Magazine)

គួរបញ្ជាក់ថា បើគិតវិសាលភាពដ៏ធំធេងនៃចក្រវាល ដែលមិនទាន់អាចគណនាបាននោះ កាឡាក់ស៊ី Caldwell 5 ត្រូវបានចាត់ទុកថា មានរយៈចម្ងាយជិតកាឡាក់ស៊ី Milky Way យើងដែរ នោះគឺ ១១លានឆ្នាំពន្លឺ ខណៈកាឡាក់ស៊ីដែលស្ថិតនៅជិតយើងបំផុតនោះគឺ Andromeda ដែលមានចម្ងាយពី Milky Way ប្រមាណ ២.៥លានឆ្នាំពន្លឺ (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)។

កាឡាក់ស៊ី Andromeda (Image Credit: Hubble)

Caldwell 5 ជាកាឡាក់ស៊ីរាងគូទខ្យង ដែលមានអង្កត់ផ្ចិត ៥០,០០០ឆ្នាំពន្លឺ ឬប្រហាក់ប្រហែលនឹងពាក់កណ្តាល នៃអង្កត់ផ្ជិតកាឡាក់ស៊ី Milky Way យើង។ តេឡេស្កូបអវកាស Hubble ក៏ធ្លាប់បានសាកល្បង ថតរូបភាពរបស់ Caldwell 5 ចំនួន ២ដងរួចមកហើយដែរ នោះគឺកាលពីឆ្នាំ ២០១០ និងឆ្នាំ ២០១៧ ប៉ុន្តែមិនបានសម្រេចលទ្ធផលគាប់ប្រសើរ ដូចនៅឆ្នាំ ២០២២ នេះឡើយ៕

ប្រែសម្រួល៖ Cambo Space (រក្សាសិទ្ធិនៃអត្ថបទបកប្រែ)
ប្រភព៖ សារព័ត៌មាន Space (ថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០២២)

480×240 Banner