យល់ដឹង៖ ហេតុអ្វី James Webb ត្រៀមសិក្សាភពក្តៅៗ «២» នៅចម្ងាយខ្ទង់ «៥០ឆ្នាំពន្លឺ» ពីផែនដីនោះ?
(អាមេរិក)៖ កាតព្វកិច្ចចម្បងរបស់តេឡេស្កូបអវកាស James Webb របស់អង្គការ NASA នោះគឺការសិក្សាស្វែងយល់ អំពីការចាប់កំណើតនៃចក្រវាល ប៉ុន្តែក្រៅពីនេះ ការស្វែងរកភពដែលអាចមានលាក់ជីវិតនោះ ក៏ជាគោលដៅធំមួយផងដែរ។ សម្រាប់ភពថ្មក្តៅ (hot rocky planet) ចំនួន ២ នោះគឺភព 55 Cancri e និងភព LHS 3844 b ស្ថិតនៅចម្ងាយខ្ទង់ ៥០ឆ្នាំពន្លឺពីភពផែនដីយើងនេះ ហាក់នឹងក្លាយជាបេក្ខភាពដំបូងៗគេ សម្រាប់តេឡេស្កូបមួយនេះឆ្លុះមើល។
* តើកត្តាអ្វីខ្លះបានជំរុញឲ្យភព 55 Cancri e និងភព LHS 3844 b មានភាពលេចធ្លោបែបនេះ?
ជាធម្មតាសម្រាប់ពពួកភពថ្ម (rocky planet) គឺមិនងាយឲ្យតេឡេស្កូបនានា ធ្វើការវែករកមើលវត្តមានរបស់ពួកវានោះឡើយ ព្រោះតែភពប្រភេទនោះ តែងតែមានទំហំប្រហាក់ប្រហែលនឹងផែនដី និងស្ថិតនៅកៀកៗផ្កាយមេរបស់ពួកវាខ្លាំង ផ្ទុយពីពពួកភពឧស្ម័នយក្ស ដែលមានទំហំធំ និងគោចរនៅឆ្ងាយពីផ្កាយមេរបស់ពួកវា។

ប៉ុន្តែសម្រាប់ពពួកភពថ្ម (rocky planet) តែងតែជាបេក្ខភាពដ៏ប្រសើរបំផុត នៅក្នុងការកំណត់គោលដៅ ស្វែងរកជីវិតអេលៀន (Alien) ព្រោះតែពួកវាមួយចំនួន អាចស្ថិតនៅក្នុងគន្លងត្រឹមត្រូវ និងបរិស្ថានស្រដៀងនឹងភពផែនដី។ ហេតុដូច្នេះទើបភព 55 Cancri e និង LHS 3844 b ដែលមានទំហំធំជាងផែនដី តែតូចជាភពណិបទូន (ជាពពួកភពផែនដីយក្ស ឬ Super-Earth) ក្លាយជាបេក្ខភាពចម្បងៗសម្រាប់ James Webb ធ្វើការសង្កេត។
* លក្ខណៈសម្បត្តិនៃភព 55 Cancri e
55 Cancri e ស្ថិតនៅចម្ងាយប្រមាណ ៤១ឆ្នាំពន្លឺ ពីព្រះអាទិត្យយើង។ ភពអេលៀននេះ មានមុខកាត់ស្មើនឹងមុខកាត់របស់ផែនដី ០២ដង ហើយមានម៉ាស់ធ្ងន់ជាងភពរបស់យើងដល់ទៅ ០៨ដង។ 55 Cancri e ត្រូវបានគេប្រទះឃើញកាលពីឆ្នាំ២០០៤ និងគោចរនៅចម្ងាយត្រឹម ២.៣លានគីឡូម៉ែត្រ ពីផ្កាយមេរបស់វាប៉ុណ្ណោះ។ វាគឺជារយៈចម្ងាយយ៉ាងកកៀក ដែលមួយឆ្នាំនៅលើភពនេះមានត្រឹម ១៨ម៉ោង។

តាមពិត 55 Cancri e មានគន្លងគោចរលក្ខណៈបិទគាំងជាប់ ដែលមានន័យថា ផ្ទៃមួយចំហៀងរបស់វា (ផ្ទៃខាងពេលថ្ងៃ) បែរមុខប្រឈមនឹងតារាមេរបស់វា 55 Cancri A ជានិច្ច (បាតុភូតនេះដូចទៅនឹងចលនាផែនដី និងព្រះចន្ទយើងដែរ)។
យោងតាមលទ្ធផលសិក្សា ដែលចេញផ្សាយកាលពីឆ្នាំ២០១៧ បរិយាសរបស់ 55 Cancri e ទំនងជាផ្ទុកនូវអុកស៊ីសែន អាសូត និងចំហាយទឹកជាដើម ដែលស្រដៀងនឹងខ្យល់របស់ភពផែនដី ក៏ប៉ុន្តែក្រាស់ជាង និងមានសម្ពាធខ្លាំងជាង។ យ៉ាងណាមិញ បើតាមមាត្រដ្ឋាននៅភពរបស់យើង 55 Cancri e មានសភាពសែនក្តៅខ្លាំងមែនទែន ដោយផ្ទៃខាងពេលថ្ងៃរបស់មាន សីតុណ្ហភាពប្រមាណ ២,៣០០អង្សាសេ និងផ្ទៃខាងពេលយប់ប្រហែលពី ១,៣០០ – ១,៤០០អង្សាសេឯណោះ។
* លក្ខណៈសម្បត្តិនៃភព LHS 3844 b
LHS 3844 b ស្ថិតនៅចម្ងាយជាង ៥០ឆ្នាំពន្លឺពីផែនដី និងមានកាំ (radius) វែងជាងផែនដី ១.៣២ដង។ ភពនេះត្រូវបានរកឃើញដោយតេឡេស្កូបអវកាស TESS កាលពីឆ្នាំ ២០១៨ ហើយវាគោចរជុំវិញផ្កាយរបស់វា ដែលជាប្រភេទតារាក្រហមទំហំមធ្យម (Red Dwarf) មួយជុំដោយប្រើពេលតែ ១១ម៉ោងប៉ុណ្ណោះ (ស្មើនឹង ១ឆ្នាំរបស់វា)។
ក្រុមអ្នកវិទ្យាសាស្ត្របានសន្និដ្ឋានថា ផ្ទៃស្រទាប់លើ (សំបក) នៃភព LHS 3844 b គឺមានលក្ខណៈមិនសូវខុសពីព្រះចន្ទ ឬក៏ភពពុធរបស់យើងនោះឡើយ ដូច្នេះវាទំនងជាគ្មានបរិយាកាស ស្រោបជុំវិញខ្លួនវាទេ។ សម្រាប់សីតុណ្ហភាពនៅលើផ្ទៃរបស់វា គឺអាចស្ថិតក្នុងចន្លោះពី ៧៧០ – ១,៤១០ អង្សាសេឯណោះ។

* តើមូលហេតុអ្វីទើប James Webb ត្រូវចោលមុខព្រួញរកភពក្តៅទាំងពីរនេះ បើដឹងថាគ្មានជីវិតនៅទីនោះផង?
ជាការពិតណាស់, បើគិតពីបុគ្គលិកលក្ខណៈរបស់ 55 Cancri e និងភព LHS 3844 b គឺប្រាកដជាគ្មានជីវិតណា អាចកកើតក្នុងបរិស្ថានបែបនោះបានឡើយ ប៉ុន្តែវាគឺជាការធ្វើតេស្តសមត្ថភាពសង្កេត និងវែកញែករបស់ James Webb ក្នុងការរកមើលធាតុផ្សំ នៅក្នុងបរិយាកាសរបស់ភពទាំងនោះ ជាពិសេសទៅលើពពួកភពមួយចំនួន ដែលត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រអះអាងថា កំពុងជួបប្រទះនូវដំណើរវិវត្តន៍ ដូចភពផែនដីកាលពីទើបកកើតដំបូងនោះ។

គួរបញ្ជាក់ថា តេឡេស្កូបអវកាស James Webb ដែលកំពុងស្ថិតនៅចម្ងាយ ១.៥លានគីឡូម៉ែត្រពីភពផែនដី នឹងបើកដំណើរការជាផ្លូវការសម្រាប់រយៈពេល ៦ខែ (ជាការបំពេញបេសកកម្មស្នូល) ហើយសម្រាប់បេសកកម្មបន្តទៅមុខទៀត (ដូចអ្វីដែល Hubble និង Kepler បានធ្វើ) វានឹងបំពេញការងារតាមការបញ្ជា រហូតដល់ទៅរយៈពេល ២០ឆ្នាំ។ James Webb នឹងដំណើរការជាផ្លូវការចាប់ពីខែមិថុនា ឆ្នាំ២០២២ តទៅ៕
ប្រែសម្រួល៖ Cambo Space (រក្សាសិទ្ធិនៃអត្ថបទបកប្រែ)
ប្រភព៖ សារព័ត៌មាន Space (ថ្ងៃអង្គារ ទី៣១ ខែឧសភា ឆ្នាំ២០២២)
