លទ្ធផលសិក្សាថ្មី៖ អាចមានភព Alien កំណាចចំនួន «៤» នៅក្នុងកាឡាក់ស៊ីយើង (មានវីដេអូ)

2,116

(បរទេស)៖ កាឡាក់ស៊ី Milky Way គឺជាទីកន្លែងអាចមានភពចំនួនរាប់លាន ឲ្យជីវិតកកើតឡើងបាន ហើយប្រហែលចំនួន ៤ នៃភពទាំងនោះអាចកំពុងផ្ទុកនូវ អរិយធម៌មនុស្សក្រៅភព (Alien) ដ៏កាចសាហាវ ដែលនឹងធ្វើដំណើរមកឈ្លានពានភពផែនដីយើង ប្រសិនបើពួកគេអាចធ្វើទៅបាន។ នេះបើយោងតាមអត្ថបទស្រាវជ្រាវថ្មី ដែលត្រូវបានចុះផ្សាយលើវែបសាយ arXiv នៅថ្ងៃពុធ ទី០១ ខែមិថុនា ឆ្នាំ២០២២។

អត្ថបទនៃការសិក្សាថ្មី ដែលមិនទាន់ត្រូវបានត្រួតពិនិត្យលម្អិតចុងក្រោយនេះ បានចោទជាសំណួរចម្លែកមួយថា «តើថ្ងៃណាមួយមនុស្សអាចទាក់ទងជាមួយ អរិយធម៌មនុស្សក្រៅភពមានភាពសាហាវឃោឃៅ ដែលអាចឈ្លានពានភពផែនដីរបស់យើងឬទេ?»

លទ្ធផលសិក្សាថ្មី៖ អាចមានភព Alien កំណាចចំនួន «៤» នៅក្នុងកាឡាក់ស៊ីយើង…

ដើម្បីឆ្លើយសំណួរនេះ អ្នកនិពន្ធ និងសិក្សាតែមួយគត់លើប្រធានបទនេះ គឺលោក Alberto Caballero ដែលជានិស្សិតថ្នាក់បណ្ឌិតផ្នែកដោះស្រាយជម្លោះ នៅ ឯសាកលវិទ្យាល័យ Vigo ក្នុងប្រទេសអេស្ប៉ាញ បានចាប់ផ្តើមដោយការក្រឡេកមើល ប្រវត្តិសាស្រ្តរបស់មនុស្សជាតិ មុនពេលមើលទៅលើប្រព័ន្ធផ្កាយដទៃ។

លោក Caballero បានសរសេរនៅក្នុងអត្ថបទសិក្សានោះថា «អត្ថបទនេះកំពុងព្យាយាមផ្តល់នូវការប៉ាន់ប្រមាណ អំពីការពិតដែលអាចទៅរួច នៃអរិយធម៌ជីវិតក្រៅភពដែលមានសារជាតិសាហាវព្រៃផ្សៃ តាមរយៈការគណនាដោយប្រើប្រាស់រូបមន្តប្រូបាប ទៅលើលទ្ធភាពដែលមនុស្សលោកលើផែនដីនេះ នឹងត្រូវរងការវាយប្រហារ ឬឈ្លានពានពីសំណាក់ពួកគេទាំងនោះ»។

ដើម្បីឈានដល់ការប៉ាន់ស្មានខាងលើនេះ, ជាដំបូងលោក Caballero បានរាប់ចំនួនប្រទេស ដែលបានលុកលុយប្រទេសផ្សេងទៀតនៅចន្លោះឆ្នាំ ១៩១៥ ដល់ឆ្នាំ ២០២២។ លោកបានរកឃើញថា ប្រទេសចំនួន ៥១ នៃប្រទេសសរុបចំនួន ១៩៥ លើពិភពលោក បានបើកការឈ្លានពានតាមរយៈរូបភាពនានា ក្នុងអំឡុងពេលនោះ។ (សហរដ្ឋអាមេរិកឈរនៅកំពូលនៃបញ្ជី ដោយមានការលុកលុយចំនួន ១៤ ដងនៅក្នុងពេលនោះ។) បន្ទាប់មកលោក Caballero បានថ្លឹងថ្លែងពីភាពដែលអាចទៅរួច (តាមរូបមន្តប្រូបាប) របស់ប្រទេសនីមួយៗ ក្នុងការចាប់ផ្តើមការលុកលុយ ដោយផ្អែកលើភាគរយនៃប្រទេសទាំងនោះ ទៅនឹងការចំណាយលើយោធាសកល។ (ជាថ្មីម្តងទៀត សហរដ្ឋអាមេរិកបានឈរនៅ លំដាប់កំពូលជាមួយនឹង ៣៨% នៃការចំណាយផ្នែកយោធាលើពិភពលោក។)

នៅក្នុងការសិក្សានោះ លោក Caballero បានបន្ថែមប្រូបាប៊ីលីតេរៀងៗខ្លួនរបស់ប្រទេសនីមួយៗ ក្នុងការជំរុញទៅរកការឈ្លានពាន រួចបន្ទាប់មកទើបបែងចែកផលបូក ដោយចំនួនប្រទេសទាំងអស់នៅលើផែនដី។ នៅទីបញ្ចប់លោកក៏បានគណនាចេញនូវ លទ្ធផលនៃ «ប្រូបាប៊ីលីតេរបស់មនុស្សបច្ចុប្បន្ន ដែលនឹងអាចរងការលុកលុយ ពីអរិយធម៌ក្រៅភព»។

យោងតាមគំរូនេះផងដែរ សមត្ថភាពបច្ចុប្បន្នរបស់មនុស្សលើផែនដី ដែលអាចទៅឈ្លានពានភពមួយផ្សេងទៀតនោះ គឺតែ ០.០២៨% ប៉ុណ្ណោះ ដែលជាភាគរយទាបជាទីបំផុត។ ទោះជាយ៉ាងណាក៏ដោយ លោក Caballero បានសរសេរថា ប្រូបាប៊ីលីតេសំដៅទៅលើស្ថានភាពបច្ចុប្បន្ន នៃអរិយធម៌របស់មនុស្ស ហើយមនុស្សបច្ចុប្បន្នមិនមានលទ្ធភាព ក្នុងការធ្វើដំណើរទៅកាន់ផ្កាយដទៃនោះទេ។ យោងទៅលើអត្រា នៃការជឿនលឿនផ្នែកបច្ចេកវិទ្យាបច្ចុប្បន្ន ការធ្វើដំណើររវាងតារានឹងមិនអាចទៅរួចនោះឡើយ សម្រាប់រយៈពេល ២៥៩ឆ្នាំទៅមុខទៀតឯណោះ។ នេះជាការគណនារបស់លោក Caballero ដោយប្រើមាត្រដ្ឋាន Kardashev (ជាប្រព័ន្ធដែលចាត់ថ្នាក់ថា អរិយធម៌អាចជឿនលឿនដល់កម្រិតណានោះ គឺផ្អែកលើការចំណាយថាមពល របស់អរិយធម៌នោះ)។

ដោយសន្មត់ថា អត្រានៃការលុកលុយរបស់មនុស្ស បន្តធ្លាក់ចុះក្នុងរយៈពេល ៥០ឆ្នាំចុងក្រោយនេះ អត្រានៃការឈ្លានពានរវាងប្រទេសនិងប្រទេស លើភពផែនដី ក៏បានធ្លាក់ចុះដូចគ្នា (ជាមធ្យម – ១.១៥% ក្នុងមួយឆ្នាំ)។ ជាលទ្ធផល អត្រានៃលទ្ធភាពមនុស្ស ដែលអាចធ្វើការឈ្លានពានទៅលើភពមួយផ្សេងទៀត នៅពេលដែលយើងមានសមត្ថភាព អាចឆ្លងកាត់ទៅផ្កាយផ្សេងក្នុងរយៈពេល ២៥៩ឆ្នាំទៀតនោះ ក៏បានធ្លាក់ចុះពី ០.០២៨% មកនៅត្រឹម ០.០១៤% ផងដែរ។

ស្តាប់មើលទៅអាចថា មានលទ្ធភាពស្តួចស្ដើងណាស់ រហូតដល់អ្នកចាប់ផ្តើមគុណគូរវានឹងចំនួនភពរាប់លាន ដែលអាចរស់នៅបាននៅក្នុង កាឡាក់ស៊ី Milky Way យើងនេះ។ សម្រាប់ការគណនាចុងក្រោយរបស់ Caballero លោកបានងាកទៅរក លទ្ធផលនៃការសិក្សាមួយកាលពីឆ្នាំ ២០១២ ដែលបានបោះពុម្ពនៅក្នុងទស្សនាវត្តី Mathematical SETI ដែលក្នុងនោះអ្នកស្រាវជ្រាវបានទស្សន៍ទាយថា អរិយធម៌ក្រៅភពចំនួន ១៥,៧៨៥ អាចកំពុងស្ថិតនៅក្នុងកាឡាក់ស៊ី Milky Way ជាមួយមនុស្សលោកយើងដែរ។

លោក Caballero បានសន្និដ្ឋានថា ចំនួនតិចជាង ១ នៃអរិយធម៌ Alien ប្រភេទទី ១ (Type 1) (បើយើងគិតជាចំនួនច្បាស់លាស់គឺ ០.២២) នឹងមានភាពសាហាវក្នុងការឲ្យមនុស្សធ្វើការទាក់ទងជាមួយ។ ទោះជាយ៉ាងណាក៏ដោយ ចំនួនអរិយធម៌ក្រៅភព ដែលមានគំនិតអាក្រក់នឹងកើនឡើងដល់ចំនួន ៤.៤២ (ឬអាចយកត្រឹមចំនួន ៤ ដូចមានបញ្ជាក់ក្នុងសេចក្តីផ្តើម) នៅពេលរាប់បញ្ចូលនូវអរិយធម៌ ដែលត្រូវបានសន្មត់ថា ដូចនឹងមនុស្សសម័យទំនើប នោះគឺពពួក Alien ដែលមិនទាន់មានលទ្ធភាព ក្នុងការធ្វើដំណើរឆ្លងកាត់ផ្កាយនៅឡើយ។

លោក Caballero បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំមិនបញ្ជាក់អំពីអរិយធម៌ចំនួន ៤.៤២ តែម្តង នៅក្នុងក្រដាសរបស់ខ្ញុំទេ ពីព្រោះបញ្ហាទី១៖ យើងមិនដឹងថា តើអរិយធម៌ទាំងអស់នៅក្នុងកាឡាក់ស៊ីដូចយើង ឬអត់នោះទេ… និងទី២៖ អរិយធម៌ដូចមនុស្សលោកយើង ប្រហែលជាមិនអាចបង្កការគំរាមកំហែង ដល់អរិយធម៌មួយផ្សេងទៀតបានទេ ព្រោះយើងមិនទាន់មានបច្ចេកវិទ្យា ក្នុងការធ្វើដំណើរទៅកាន់ភពផ្សេងនៅឡើយ»។

លោក Caballero បានសង្កត់ធ្ងន់ថា បើមើលទៅលើចំនួនតែ «៤» នៃអរិយធម៌ជីវិតក្រៅភព ដែលនឹងមកបង្កអរិភាពចំពោះមនុស្សលោកនោះ វាហាក់ដូចជាមិនមែនរឿងដែលយើង ត្រូវព្រួយបារម្ភច្រើននោះឡើយ។ លើសពីនេះ ប្រូបាប៊ីលីតេដែលមនុស្សលោក អាចទាក់ទងជាមួយអរិយធម៌ដ៏អាក្រក់ និងត្រូវបានឈ្លានពានដោយពួកគេទាំងនោះ គឺកាន់តែស្តួចស្តើងទៅៗ។

លោក Caballero បានសរសេរនៅក្នុងអត្ថបទរបស់លោកថា «លទ្ធភាពដែលអរិយធម៌ភពផ្សេង អាចបង្កការគំរាមកំហែង ឬវិនាសហិនហោច ដល់ពូជពង្សមនុស្សលើភពផែនដីនោះ គឺពិតជាទាបជាងឆ្ងាយណាស់ ប្រសិនបើយកទៅធៀបជាមួយនឹង ការគំរាមកំហែងដោយអាចម៍ផ្កាយ មកលើភពផែនដី។ បើគិតជាភាគរយវិញ អាចម៍ផ្កាយអាចមានឱកាស បំផ្លាញភពផែនដីរហូតដល់ទៅ ១០០ដង លើសពីលទ្ធភាពដែលពពួក Alien អាចធ្វើ»។

ទោះបីជាការសិក្សារបស់ Caballero នឹងបង្កើតការពិសោធន៍លើគំនិត ដ៏គួរឱ្យចាប់អារម្មណ៍ក៏ដោយ ក៏អ្នកនិពន្ធបានទទួលស្គាល់ថា គំរូម៉ូដែលរបស់លោក គឺមានព្រំដែនកំណត់។ ប្រូបាប៊ីលីតេនៃការលុកលុយ គឺផ្អែកលើជ្រុងដ៏តូចចង្អៀតមួយ នៃប្រវត្តិសាស្រ្តរបស់មនុស្សប៉ុណ្ណោះ ហើយវាធ្វើឱ្យមានការសន្មត់ជាច្រើន អំពីការអភិវឌ្ឍនាពេលអនាគត នៃអំបូរមនុស្សលោកយើង។ លោក Caballero បានគូសបញ្ជាក់ថា គំរូនេះក៏សន្មត់ថា ភាពវៃឆ្លាតរបស់ពួក Alien នោះ នឹងមានសមត្ថភាពខួរក្បាល ការឲ្យតម្លៃ និងអារម្មណ៍នៃការយល់ចិត្តគ្នា ស្រដៀងនឹងមនុស្សលោក ដែលប្រហែលជាមិនមែលករណី ដែលត្រូវលើកឡើងនោះទេ។

លោក Caballero បាន​និយាយ​ជាចុងក្រោយថា​ «​ខ្ញុំ​បាន​សរសេរអត្ថបទនេះ ដោយ​ផ្អែក​លើ​ជីវិត (មនុស្សលោក) ដូច​ដែល​យើង​យល់ដឹង​តែប៉ុណ្ណោះ។ យើង​មិន​ដឹង​ពី​គំនិត​របស់​មនុស្ស​ក្រៅ​ភព​ទេ (ព្រោះគ្មានការរកឃើញនៅឡើយ)៕

ប្រែសម្រួល៖ Cambo Space (រក្សាសិទ្ធិនៃអត្ថបទបកប្រែ)
ប្រភព៖ Vice/Live Science/arXiv (ថ្ងៃព្រហស្បតិ៍ ទី០២ ខែមិថុនា ឆ្នាំ២០២២)

480×240 Banner