តាមដានព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ប្រចាំថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ (ចុចអាន)

129

(បរទេស)៖ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ប្រចាំថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ មានដូចខាងក្រោមនេះ៖

* លោកប្រធានាធិបតីអាមេរិក Joe Biden បានចេញទាមទារឱ្យមានច្បាប់កាំភ្លើងដ៏តឹងរឹងបំផុត នៅក្នុងទឹកដីអាមេរិកនាសុន្ទរកថារបស់លោក នាល្ងាចថ្ងៃព្រហស្បត៍កន្លងទៅ។ លោកបានទទូចអង្វរកឱ្យការពិភាក្សាផ្លូវច្បាប់បន្ថែមនានា ដែលកំពុងតែរងចាំនោះ។ បើសិនជាអង្គសមាជិកសភា មិនអាចហាមប្រាមការបាញ់បោះ លោកបន្ថែមដោយឌឺដងថា ពួកគេតែកំណត់ស្តង់ដារអាយុអ្នកទិញអាវុធចាប់ពី ២១ឆ្នាំឡើងទៅ។ សរុបកន្លងមកមានការបាញ់ប្រហារធំដុំអស់រយៈពេល ១៨ថ្ងៃ ក្នុងទីក្រុង Buffalo, New York រដ្ឋ Uvalde រដ្ឋតិចសាស និងទីក្រុង Tulsa នៃរដ្ឋ Oklahoma ដែលបង្កឱ្យមនុស្សចំនួន ៣៥នាក់បានបាត់បង់ជីវិត។ ក្រុមសមាជិកព្រឹទ្ធសភាចម្រុះ កំពុងមានភាពចម្រូងចម្រាសនឹងគ្នាចំពោះកិច្ចព្រមព្រៀងនោះ ខណៈភាគីគណបក្សសាធារណរដ្ឋ កំពុងសម្តែងការមិនពេញចិត្ត និងជំទាស់រារាំងដល់កំណែទម្រង់ច្បាប់នេះ។

* ក្រុមអ្នកស៊ើបអង្កេតក្នុងប្រទេសអ៊ុយក្រែន កំពុងប្រមូលព័ត៌មានស្តីអំពីឧក្រិដ្ឋកម្មសង្គ្រាម ដែលអាចកើតមានឡើង។ ពួកគេកំពុងធ្វើសេចក្តីសន្និដ្ឋានអំពីការសង្ស័យ ពីការបង្ខំឱ្យកុមារនិរទេសខ្លួនទៅកាន់ប្រទេសរុស្ស៊ី ដែលអាចជាផ្នែកមួយនៃអំពើប្រល័យពូជសាសន៍។ អតីតប្រធានផ្នែកសិទ្ធិមនុស្សអ៊ុយក្រែន បានលើកឡើងថា រុស្ស៊ីបាននាំយកកុមារចំនួនប្រមាណ ២១០,០០០នាក់ ធ្វើការផ្លាស់ទីដោយបង្ខំអំឡុងមានជម្លោះ។ ទន្ទឹមនឹងនេះ លោក Volodymyr Zelensky មេដឹកនាំអ៊ុយក្រែនថា មកដល់ពេលនេះកងកម្លាំងរុស្សី កំពុងគ្រប់គ្រងទឹកដីអ៊ុយក្រែនប្រហែល មួយភាគប្រាំទៅហើយ។

* រដ្ឋាភិបាលក្រុង Lugansk បានឱ្យដឹងថា ទីក្រុង Severodonetsk ត្រូវបានបែងចែកច្រើនឬតិច ក្នុងទីលានកណ្តាលនៃការប្រទាញប្រទង់ការកាន់កាប់ ពីកងកម្លាំងរុស្ស៊ី និងអ៊ុយក្រែន។ មានសេចក្តីរាយការណ៍ថា ៧០% នៃទីតាំងយុទ្ធសាស្រ្តសំខាន់នាតំបន់ភាគខាងកើតនៃទីក្រុងនេះ ត្រូវបានដណ្តើមការគ្រប់គ្រងបានដោយកងទ័ពរុស្ស៊ី ទល់នឹងការវាយបកវិញរបស់កងកម្លាំងអ៊ុយក្រែន។ ខណៈមានសេចក្តីរាយការណ៍បន្ថែមថា រដ្ឋធានី Kyiv មានករណីផ្ទុះអាវុធ នាព្រឹកព្រលឹមថ្ងៃអាទិត្យនេះ។

* កូរ៉េខាងជើងបានធ្វើការតេស្តមីស៊ីលដ៏ធំបំផុតមួយរបស់ខ្លួន នៅមួយថ្ងៃបន្ទាប់ពីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានបញ្ចប់សមយុទ្ធយោធារួមមួយ។ អាជ្ញាធរកូរ៉េខាងត្បូងបានផ្តល់សេចក្តីរាយការណ៍ថា កូរ៉េខាងជើងបានបាញ់មីសីលប្រភេទឧបទ្វីប Ballistic ក្នុងរយៈចម្ងាយខ្លីយ៉ាងតិចណាស់ចំនួន ៨ នាភាគខាងកើតដែនសមុទ្រខ្លួន ដែលគេសន្និដ្ឋានថាវាជា «ការសាកល្បងនិងការប្រជែងឥទ្ធិពល» ចំពោះវិស័យសន្តិសុខរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងថ្មី ។

* មនុស្ស ៦នាក់ត្រូវបានចាប់ខ្លួនក្នុងទីក្រុងហុងកុង ដោយប៉ូលីស ខណៈអាជ្ញាធរក្រុងនេះព្យាយាមបំបាត់ ការប៉ុនប៉ងប្រារព្ធខួបរំលឹកនៃការសម្លាប់រង្គាលប្រជាជន ដែលបានកើតឡើងនៅទីលានប្រជាធិបតេយ្យ Tiananmen កាលពីឆ្នាំ ១៩៨៩។ រាល់បុគ្គលណាដែលកាន់កម្រងផ្ការ ឬស្លៀកពាក់ខ្មៅ ត្រូវបានកំណត់ជាគោលដៅកម្ចាត់ដោយអាជ្ញាធរក្រុងនេះ។ ទល់នឹងឆ្នាំ២០១៩ ក្រុងហុងកុងគឺជាទីកន្លែងតែមួយគត់ក្នុងទឹកដីចិន ដែលអនុញ្ញាតឱ្យមានការប្រារព្ធពិធីគោរពវិញាណក្ខន្ធ ដល់ជនរងគ្រោះនាទីលាន Tiananmen។ សព្វថ្ងៃ រដ្ឋបាលក្រុងហុងកុងបានធ្វើការគាបសង្កត់ មិនឱ្យមានសកម្មភាពនេះកើតឡើង ដោយទទួលឥទ្ធិពលពីចិនដីគោក៕

តាមដានព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ប្រចាំថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ (ចុចអាន)

ប្រភព៖ Reuters, AP, Al Jazeera, The Kyiv Post, South China Morning Post

480×240 Banner