ដំណឹងល្អសម្រាប់ Elon Musk! ទីបំផុតអាមេរិកអនុញ្ញាតឲ្យបន្ត ការធ្វើតេស្តនាវាអវកាស, ប៉ុន្តែ SpaceX ត្រូវ…

581

(អាមេរិក)៖ ក្រោយការត្រួតពិនិត្យអស់ជាច្រើនខែ នៅទីបំផុតរដ្ឋបាលអាកាសចរណ៍ (FAA) នៃសហរដ្ឋអាមេរិក បានអនុញ្ញាតឲ្យក្រុមហ៊ុន SpaceX របស់លោក Elon Musk បន្តធ្វើការអភិវឌ្ឍ និងតេស្តនាវាអវកាសនៅលើទឹកដីភាគខាងត្បូងតិចសាស់ (Texas) ឡើងវិញហើយ ប៉ុន្តែក្រុមហ៊ុនអវកាសឯកជនមួយនេះ ត្រូវតែប្រឹងប្រែងឲ្យខ្លាំងក្លាបន្ថែមទៀត ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន នៅតំបន់ដែលខ្លួនធ្វើតេស្តនោះ ឲ្យដល់កម្រិតមួយដែលអាជ្ញាធរទាមទារ។

Image: SpaceX’s Starship and Elon Musk

ជាច្រើនខែមកនេះ, រដ្ឋបាល FAA បានធ្វើការត្រួតពិនិត្យ និងវាយតម្លៃអំពីផលប៉ះពាល់ដល់បរិស្ថាន តាមរយៈកម្មវិធីមួយហៅកាត់ថា PEA ទៅលើការធ្វើតេស្តនាវាអវកាស (Starship) របស់ក្រុមហ៊ុន SpaceX នៅឯមូលដ្ឋាន Starbase ក្បែរទីក្រុង Brownsville នៃរដ្ឋតិចសាស់។ តាមពិតទៅ PEA បានគ្រោងចេញលទ្ធផលនៃការសិក្សា តាំងតែពីអំលុងចុងឆ្នាំ ២០២១ មកម្ល៉េះ ប៉ុន្តែរដ្ឋបាល FAA បានជំរុញឲ្យក្រុមការងារនេះ បង្កើនការសិក្សា និងវាយតម្លៃបន្ថែមទៀត ជាពិសេសទៅលើការត្រួតពិនិត្យ មតិយោបល់ពីសាធារណជន ជុំវិញការធ្វើតេស្តនាវាអវកាសរបស់ SpaceX និងផលប៉ះពាល់ដល់បរិស្ថាន។

Image: SpaceX’s Starship

ទីបំផុតនៅថ្ងៃចន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០២២, FAA បានចេញសេចក្តីប្រកាសជាផ្លូវការ ហើយដែលបានក្លាយជាដំណឹងដ៏ល្អមួយ សម្រាប់ក្រុមហ៊ុន SpaceX។ គ្រប់គ្នាបានដឹងហើយថា SpaceX បានដាក់នាវាអវកាសរបស់ខ្លួន ថ្មីមួយនៅទីលានរួចជាសម្រេច អស់ជាច្រើនសប្តាហ៍មកហើយ ដើម្បីត្រៀមធ្វើការបាញ់បង្ហោះ ដោយរង់ចាំតែការអនុញ្ញាត ពីអាជ្ញាធរអាមេរិកតែប៉ុណ្ណោះ។ ការធ្វើតេស្តនាពេលខាងមុខនេះ គឺជាការបញ្ជូន Starship ឡើងទៅកាន់គន្លងគោចរជុំវិញភពផែនដី (orbital test flight) ជាលើកដំបូង។

Image: SpaceX’s Starship

គួរបញ្ជាក់ថា ក្រុមហ៊ុន SpaceX ក៏បានប្រកាសអំពីដំណឹងល្អនេះ នៅលើគណនី Twitter របស់ខ្លួនផងដែរ ប៉ុន្តែពួកគេមិនទាន់អាចបញ្ជាក់អំពី ពេលវេលាជាក់លាក់ដែល Starship អាចចាប់ផ្តើមធ្វើតេស្តនៅឡើយទេ។ យ៉ាងណាក៏ដោយ, មិនមែនអ្វីៗសុទ្ធតែអាចប្រព្រឹត្តទៅ ដោយមិនមានការធានាសុវត្ថិភាពនោះឡើយ។ កម្មវិធី PEA របស់អាជ្ញាធរអាកាសចរណ៍អាមេរិក បានទាមទារឲ្យ SpaceX បំពេញការងារចំនួន ៧៥ ចំណុចឲ្យបានរួចរាល់ជាមុនសិន ដើម្បីកាត់បន្ថយផលប៉ះពាល់ចំពោះបរិស្ថាន មុននឹងការធ្វើតេស្ត Starship អាចដំណើរការទៅរួច។

ដំណឹងល្អសម្រាប់ Elon Musk! ទីបំផុតអាមេរិកអនុញ្ញាតឲ្យបន្ត ការធ្វើតេស្តនាវាអវកាស, ប៉ុន្តែ SpaceX ត្រូវ…
Image: SpaceX’s Starship

ជាធម្មតា, រាល់ការធ្វើតេស្តរ៉ុក្កែត និងនាវាអវកាស SpaceX ម្តងៗ តំបន់នៅជុំវិញនោះ ទាំងលើគោក, អាកាស និងផ្ទៃសមុទ្រ តែងតែត្រូវទទួលការដាក់បម្រាម មិនឲ្យមានការធ្វើដំណើរឆ្លងកាត់នោះឡើយ។ ជុំវិញបញ្ហានេះ, FAA បានទាមទារឲ្យ SpaceX ធ្វើការកំណត់ពេលវេលាឲ្យបានច្បាស់លាស់ នៅរាល់ពេលធ្វើតេស្តម្តងៗ ដើម្បីកុំឲ្យកើតមានការពន្យារពេលញឹកញាប់ ដែលនាំឲ្យសកម្មភាពនៅជុំវិញតំបន់ធ្វើតេស្តនោះ ត្រូវរាំងស្ទះ។ បន្ថែមពីនេះ ការធ្វើតេស្តរ៉ុក្កែត និងនាវាអវកាស តែងតែបង្កសំឡេងរំខាន និងផ្សែងពុល ដែលបញ្ហាទាំងអស់នេះ គឺជាប្រធានបទក្តៅគគុកមួយ ដែល FAA បាននិងកំពុងទាមទារឲ្យ SpaceX ព្យាយាមកាត់បន្ថយ ឲ្យមកស្ថិតនៅកម្រិតទាបបំផុត៕

ប្រែសម្រួល៖ Cambo Space (រក្សាសិទ្ធិនៃការបកប្រែ)
ប្រភព៖ Space/SpaceX (ថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០២២)

480×240 Banner