អបអរផង «កែវយឺត Kepler ទើបរកឃើញភពថ្មីចំនួន ០៣ បន្ថែមទៀត» ចម្ងាយ ៩៧ឆ្នាំពន្លឺ ពីភពផែនដី!
(អាមេរិក)៖ បេសកកម្មនៃកែវយឺតអវកាស Kepler របស់អង្គការ NASA ឬហៅថា K2 ទើបតែប្រកាសអំពីការរកឃើញភពថ្មីៗចំនួន ០៣ គោចរនៅជុំវិញព្រះអាទិត្យមួយ ដែលមានចម្ងាយ ៩៧ឆ្នាំពន្លឺពីភពផែនដីរបស់យើង ហើយវាត្រូវបានចាត់បញ្ចូលជាភពប្រភេទ «Super Earth» មានតែទំហំធំជាងភពផែនដី ប៉ុន្តែតូចជាភពណិបទូន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Space នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៧។

សម្រាប់កែវយឺតអវកាសដ៏ទំនើប Kepler ត្រូវបានចាប់ផ្តើមដំណើរការកាលពីឆ្នាំ២០០៩ ហើយមកទល់នឹងពេលនេះ វាកំពុងតែធ្វើការអង្កេតទៅលើផ្កាយចំនួនជាង ១៥០,០០០ ដើម្បីស្វែងរកភពដែលវិញជុំវិញផ្កាយដ៏ច្រើនមហិមាទាំងនោះ។ នៅក្នុងរយៈពេល ០៨ឆ្នាំមកនេះ Kepler បានរកឃើញភពតូចធំជាង ២,៤០០ភព ប៉ុន្តែសម្រាប់ភពដែលទើបរកឃើញថ្មីៗនេះ បូករួមទាំងភពទាំង ០៧ របស់ប្រព័ន្ធ Trappist-1 ផងដែរ គឺពួកវាពិតជាសំខាន់ និងគួរឲ្យចាប់អារម្មណ៍ជាងពេលណាៗទាំងអស់ ដោយសារតែគន្លងភពមួយចំនួន អាចជាគន្លងត្រឹមត្រូវដូចផែនដីយើង ដែលអាចទ្រទ្រង់ជីវិតបានក្នុងទម្រង់ណាមួយជាមិនខាន។

គួរបញ្ជាក់ថា ប្រព័ន្ធផ្កាយខាងលើនេះមានឈ្មោះថា GJ 9827 ដោយភពទាំង ០៣ ដែលវិលជុំវិញផ្កាយមួយដែលចាត់ទុកថា នៅជិតផែនដីគួសមផងដែរនេះ គឺជាសញ្ញាដ៏ល្អសម្រាប់ការសិក្សាអំពីបរិយាកាស និងគន្លងនៃភពទាំងនេះ នៅថ្ងៃអនាគត។ សម្រាប់ភពទាំងបីនេះ គឺមិនទាន់មានការបញ្ជាក់អ្វីលម្អិតបន្ថែមនោះទេ គ្រាន់តែតារាវិទូបានកំណត់ថា ពួកវាមានឈ្មោះថា GJ 9827 b, c និង d ហើយកំពុងគោចរនៅជិតផ្កាយរបស់វាណាស់ និងមានថេរវេលាគោចរតែ ០៦ថ្ងៃ នៃភពផែនដីប៉ុណ្ណោះក្នុងមួយជុំៗ។

សូមជំរាបបន្ថែមថា ព្រះអាទិត្យ GJ 9827 គឺជាប្រភេទ K-type dwarf star មានលក្ខណៈពន្លឺក្រហមខ្លាំងជាងព្រះអាទិត្យយើង និងមានទំហំតូចជាងផងដែរ។ វាត្រូវបានប្រទះឃើញ និងសិក្សាស្វែងយល់ដឹកនាំដោយ លោក Joseph Rodriguez សាស្ត្រាចារ្យ នៃមជ្ឈមណ្ឌលតារាសាស្ត្រ Harvard-Smithsonian របស់សាកលវិទ្យាល័យ Cambridge ក្នុងរដ្ឋ Massachusetts៕
