ចិនអះអាងថា ប្រហែលជាបានរកឃើញ «សញ្ញាពួកអេលៀន» ដែលមានអរិយធម៌ជឿនលឿន…

1,452

(បរទេស)៖ ក្រុមអ្នកវិទ្យាសាស្ត្រនៅក្នុងប្រទេសចិនបានអះអាងថា ពួកគេទំនងជាបានរកឃើញ សញ្ញាបញ្ជូនមកពីជីវិតភពផ្សេង (Alien) ដែលមានអរិយធម៌ជឿនលឿន ខណៈសញ្ញាដ៏គួរឲ្យសង្ស័យមួយចំនួន (suspicious signals) ទើបតែត្រូវបានចាប់យកមកពីទីអវកាស និងកំពុងស្ថិតក្នុងដំណើរការវិភាគយ៉ាងល្អិតល្អន់។

តេឡេស្កូបយក្សចិន FAST (Image: China Daily)

សញ្ញាគួរឲ្យសង្ស័យខាងលើនេះ ត្រូវបានចាប់យកដោយតេឡេស្កូបយក្សចិន FAST, ជាតេឡេស្កូបស្ទាក់ចាប់រលកវិទ្យុសញ្ញា ដែលមានរហស្សនាមថា «កែវភ្នែកមេឃា» (Sky Eye)។ ជាមួយនឹងមុខកាត់ប្រវែង ៥០០ម៉ែត្រ, FAST គឺជាចានតេឡេស្កូបធំជាងគេបំផុត នៅលើពិភពលោកយើងនេះហើយ ដោយចាប់តាំងពីឆ្នាំ ២០២០ មក វាបានចូលរួមនៅក្នុងបេសកកម្មស្វែងរកជីវិត Alien ដែលអាចមានក្នុងកាឡាក់ស៊ី Milky Way យើងនេះ។

តួយ៉ាងកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២, កាសែតបច្ចេកវិទ្យា និងវិទ្យាសាស្ត្ររដ្ឋចិនមួយឈ្មោះ Science and Technology Daily បានរាយការណ៍ថា សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រចិនលោក Zhang Tongjie ដែលដឹកនាំកម្មវិធីសិក្សាអរិយធម៌ជីវិតក្រៅភព នៃសាកលវិទ្យាល័យទីក្រុងប៉េកាំង បានអះអាងពីការរកឃើញ «សញ្ញាសង្ស័យ» ដែលអាចត្រូវបានបញ្ជូនមកពីជីវិតអេលៀន ស្ថិតនៅជ្រុងណាមួយនៃទីអវកាស។

តេឡេស្កូបយក្សចិន FAST (Image: China Daily)

គួរបញ្ជាក់ថា តេឡេស្កូបយក្ស FAST តែងតែធ្វើការស្គែនផ្ទៃមេឃជាប្រចាំ ដើម្បីស្វែងរករលកសញ្ញាសង្ស័យនានា ដែលបានជះចេញពីគ្រប់ជ្រុងនៃទីអវកាស។ ជួនកាល FAST ក៏អាចតម្រង់មុខព្រួញរបស់វា ទៅរកភព exoplanet មួយចំនួន ដែលកំពុងគោចរនៅជុំវិញផ្កាយដ៏ទៃផងដែរ ក្រែងលោមានសញ្ញាពិសេសណាមួយ ដែលជះចេញពីភពសង្ស័យទាំងនោះ។

ចិនអះអាងថា ប្រហែលជាបានរកឃើញ «សញ្ញាពួកអេលៀន» ដែលមានអរិយធម៌ជឿនលឿន…
ភព Alien ក្នុងក្តីស្រមៃរបស់អ្នកវិទ្យាសាស្ត្រ (Image: Live Science)

បើតាមសាស្ត្រាចារ្យ Zhang Tongjie, រលកសញ្ញាដ៏គួរឲ្យសង្ស័យខាងលើនេះ មិនទាន់អាចឲ្យយើងសន្មត់ថា មានប្រភពមកពីពួក Alien តែម្តងនោះឡើយ ព្រោះវាក៏អាចជារលកសញ្ញាវិទ្យុធម្មតាៗក៏ថាបានដែរ។ យ៉ាងណាក៏ដោយ ដើម្បីទទួលបានចម្លើយដ៏ជាក់លាក់នោះ គឺមានតែតម្រូវឲ្យក្រុមអ្នកវិទ្យាសាស្ត្រ បន្តធ្វើការសិក្សា និងវែកញែកទៅមុខទៀត ហើយវាអាចនឹងត្រូវការពេលយូរផងដែរ៕

ប្រែសម្រួល៖ Cambo Space (រក្សាសិទ្ធិនៃការបកប្រែ)
ប្រភព៖ News Week (ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០២២)

480×240 Banner