គួរឲ្យព្រឺព្រួច! រកឃើញប្រហោងខ្មៅយក្ស រីកធំធាត់លឿនបំផុត! តែ១វិនាទីអាចលេបវត្ថុប៉ុនផែនដី១ចូលបាត់!
(បរទេស)៖ ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ ទើបតែបានប្រកាសពីការរកឃើញ ប្រហោងខ្មៅថ្មីមួយ ដែលបាននិងកំពុងរីកលូតលាស់លឿនបំផុត (Fastest-growing Black Hole) ស្ថិតនៅចម្ងាយ ៧ពាន់លានឆ្នាំពន្លឺពីភពផែនដី ដោយក្នុងពេលតែ ១វិនាទីប៉ុណ្ណោះ វាអាចស្រូបកម្ទេចកម្ទីជុំវិញខ្លួនវា ដែលមានទំហំសរុបប៉ុនភពផែនដីយើង ១ ចូលក្នុងខ្លួនវាបានយ៉ាងងាយបំផុត។
ប្រហោងខ្មៅដែលទើបត្រូវប្រកាសចេញខាងលើនេះ ត្រូវបានដាក់ឈ្មោះសម្គាល់ជាបណ្តោះអាសន្នថា SMSS J114447.77-430859.3 ឬអាចហៅយ៉ាងខ្លីថា «J1144» មានម៉ាស់ស្មើនឹង ៣ពាន់លានដង នៃម៉ាស់របស់ព្រះអាទិត្យយើង ហើយដោយសារតែអំណាច នៃការលេបត្របាក់របស់វានោះហើយ ទើបធ្វើឲ្យម៉ាស់ប្រហោងខ្មៅមួយនេះ កើនឡើងយ៉ាងឆាប់រហ័សបំផុត ដែលក្រុមអ្នកអ្នកវិទ្យាសាស្ត្រ មិនធ្លាប់បានជួបប្រទះឡើយ។

ជាទូទៅ, ប្រហោងខ្មៅយក្សនានា ដែលស្រដៀងនឹងប្រហោងខ្មៅ J1144 ខាងលើនេះ បានឈប់ពង្រីកខ្លួនរាប់ពាន់លានឆ្នាំរួចទៅហើយ បន្ទាប់ពីទទួលបានទំហំធំធេងបែបនេះ ប៉ុន្តែអាមួយថ្មីនេះវិញ វានៅតែអាចបន្តពង្រីកខ្លួនយ៉ាងឆាប់រហ័ស។ បើធៀបនឹងប្រហោងខ្មៅយក្ស Sagittarius A* ដែលស្ថិតនៅចំកណ្តាលកាឡាក់ស៊ី Milky Way យើងវិញនោះ, ប្រហោងខ្មៅយក្ស J1144 នោះ មានទំហំធំជាងរហូតដល់ទៅ ៥០០ដង។
យោងតាមការគណនាជាបឋម ដោយក្រុមអ្នកវិទ្យាសាស្ត្រលើភពផែនដី ប្រហោងខ្មៅយក្សថ្មីមួយនេះ ទំនងជាបានកើតមានឡើង ៩ពាន់លានឆ្នាំមកហើយ។ សម្រាប់មូលហេតុពិតប្រាកដ ដែលនាំឲ្យវាក្លាយជាប្រហោងខ្មៅកំណាចបែបនេះ គឺក្រុមអ្នកវិទ្យាសាស្ត្រមិនទាន់បានដឹងច្បាស់នៅឡើយទេ ប៉ុន្តែវាអាចបណ្តាលមកពីការបុកទង្គិចគ្នា រវាងកាឡាក់ស៊ីមួយចំនួនផងក៏ថាបាន ព្រោះបាតុភូតបែបនេះ អាចបង្កជាឱកាសឲ្យ J1144 ស្រូបកម្ទេចកម្ទី និងវត្ថុអវកាស នៅជុំវិញមុខព្រួញរបស់វាបានយ៉ាងលឿនរហ័ស។
ក្រុមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យជាតិអូស្ត្រាលី (ANU) ដែលជាអ្នកសិក្សាអំពីប្រហោងខ្មៅ J1144 នោះបានពន្យល់ថា «ប្រសិនបើអ្នកបកទៅមើលបរិស្ថានអវកាសជារួម នៅពេលចក្រវាលទើបកកើតឡើងដំបូងៗនោះ វាគឺជាពេលដែលមានការរួមបញ្ចូលគ្នា រវាងកាឡាក់ស៊ីជាច្រើន។ ដូច្នេះហើយ យើងនឹងឃើញវត្តមានប្រហោងខ្មៅជាច្រើន កំពុងរីកលូតលាស់ និងកាឡាក់ស៊ីដែលពួកវាតាំងនៅ ក៏កំពុងពង្រីកខ្លួនដែរ។ បើយើងក្រឡេកមើលទៅក្រោយវិញប្រហែល ៧ពាន់លានឆ្នាំមុននោះ គឺចក្រវាលទើបតែមានអាយុជាងពាក់កណ្តាល នៃអាយុបច្ចុប្បន្នប៉ុណ្ណោះ ហើយយើងពិតជាមិនបានឃើញប្រហោងខ្មៅណា អាចរីកធំធាត់លឿនដូចប្រហោងខ្មៅ J1144 នោះទេ។ សម្រាប់ប្រហោងខ្មៅសកម្ម និងភ្លឺបំផុតដែលត្រូវបានរកឃើញពីមុននោះ គឺមានពន្លឺខ្សោយជាង J1144 ពីរទៅបីដងឯណោះ»៕

ប្រែសម្រួល៖ Cambo Space (រក្សាសិទ្ធិនៃការបកប្រែ)
ប្រភព៖ Space/Cosmos Magazine (ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០២២)