កុំភ្លេចណា! រង់ចាំទស្សនាព្រឹត្តិការណ៍ភព ៥ បង្ហាញវត្តមានបណ្តាក់គ្នា ដែលខានកើតមាន ១៥៨ឆ្នាំហើយ

1,336

(បរទេស)៖ នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២២ ភពចំនួន ៥ នឹងបង្ហាញវត្តមានបណ្តាក់ៗគ្នា (5 Planets Alignment) អមដោយវត្តមានព្រះចន្ទផងដែរ ហើយវានឹងក្លាយជាទិដ្ឋភាពកម្រ និងពិបាកឲ្យលោកអ្នកងើបទស្សនាបន្តិច ព្រោះវានឹងកើតឡើងនៅអំលុងមុនពេលព្រះអាទិត្យរះប្រមាណ ៤០នាទី ទៅ ៦០នាទី ឬអាចថា នៅពេលព្រឹកព្រហាម ដែលមិនទាន់មានពន្លឺព្រះអាទិត្យមករំខាន។

ភពពុធ ភពសុក្រ ភពអង្គារ ភពព្រហស្បតិ៍ និង ភពសៅរ៍ នឹងបង្ហាញវត្តមានព្រមៗគ្នា នៅលើផ្ទៃមេឃចាប់ពីភាគខាងកើត ដល់ជិតភាគអាគ្នេយ៍ ហើយភពដែលមានពន្លឺភ្លឺជាងគេគឺ ភពសុក្រ ព្រហស្បតិ៍​ និងសៅរ៍ ខណៈភពអង្គារ និងពុធ គឺនឹងមានពន្លឺខ្សោយជាងបន្តិច។ ដោយឡែកព្រះចន្ទវិញ នឹងស្ថិតនៅក្នុងលក្ខណៈមួយចំណិត។

តាមពិតទៅ លោកអ្នកអាចមើលឃើញវត្តមានភពទាំង ៥ ខាងលើនេះនៅលើផ្ទៃមេឃ ចាប់តាំងពីពាក់កណ្តាលខែមិថុនានេះមកម្ល៉េះ ដោយចាប់ផ្តើមពីវេលាម៉ោង ១៖៣០ នាទីរំលងអធ្រាត្យតទៅ ភពសៅរ៍៍នឹងរះឡើងមុនគេ។ ប៉ុន្តែសម្រាប់ថ្ងៃទី ២៤ ខែមិថុនា គឺជាពេលវេលាដែលភពទាំងអស់នេះ បង្ហាញវត្តមានបណ្តាក់គ្នា ស្ទើរតែស្ថិតនៅលើបន្ទាត់ត្រង់តែ ១

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ភព ៥ បង្ហាញវត្តមានបណ្តាក់គ្នាលើផ្ទៃមេឃផែនដី (5 planets Alignment) ខាងលើនេះ គឺមិនធ្លាប់បានកើតមាន ១៥៨ឆ្នាំមកហើយ ដោយលើកចុងក្រោយ បានកើតឡើងនៅថ្ងៃទី ៤ ខែមីនា ឆ្នាំ ១៨៦៤ ឯណោះ។ ប្រសិនបើខកខានទិដ្ឋភាពនៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២២ ខាងមុខនេះ លោកអ្នកនឹងត្រូវរង់ចាំរហូតដល់ ខែសីហា ឆ្នាំ ២០៤០ ទើបអាចមើលឃើញបែបនេះម្តងទៀត។

គ្រប់គ្នាអាចរង់ចាំទស្សនា និងថតរូបភាពចែកចាយក្នុងក្រុម «Cambo Space អវកាស និង វិទ្យាសាស្ត្រ» ចាប់ពីវេលាព្រឹកថ្ងៃទី ២៤ ខែមិថុនា មុនថ្ងៃរះ ៤០នាទី ទៅ ៦០នាទី (ឬចាប់ពីម៉ោង ៤៖៣០ ដល់ម៉ោង ៥៖៣០នាទី)

កុំភ្លេចណា! រង់ចាំទស្សនាព្រឹត្តិការណ៍ភព ៥ បង្ហាញវត្តមានបណ្តាក់គ្នា ដែលខានកើតមាន ១៥៨ឆ្នាំហើយ
Image: Solar System

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space/Earth&Sky/AccuWeather (ថ្ងៃអាទិត្យ ទី១៩ ខែមិថុនា ឆ្នាំ២០២២)

480×240 Banner