ថ្ងៃទី១២ ខែកក្កដា៖ ក្រៅពី «រូបថតគុណភាពខ្ពស់ដំបូងៗ» James Webb ក៏នឹងចាប់ផ្តើម «បេសកកម្មគោល» (មានវីដេអូ)

582

(អាមេរិក)៖ អង្គការ NASA នៃសហរដ្ឋអាមេរិកបានសម្រេចយកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ធ្វើជាឱកាសសម្រាប់ប្រារព្ធការបង្ហាញជាផ្លូវការនូវ បណ្តុំរូបថតពណ៌ធម្មជាតិពេញលេញ (full-colour images) និងទិន្នន័យអំពីការបម្លែងពណ៌នៃពន្លឺ (spectroscopic data) ដោយតេឡេស្កូបអវកាស James Webb ដែលមានតម្លៃជិត ១០ពាន់លានដុល្លារអាមេរិក មួយនេះ។ NASA ក៏បានប្រកាសអញ្ជើញ ក្រុមអ្នកសារព័ត៌មានអន្តរជាតិ ឲ្យចូលរួមផ្តិតយកព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃវិស័យវិទ្យាសាស្ត្រ និងតារាសាស្ត្រ នៅថ្ងៃទី១២ ខែកក្កដា នោះផងដែរ។

តេឡេស្កូបអវកាស James Webb (Image Credit: NASA)

ជុំវិញព្រឹត្តិការណ៍ពិសេសបំផុតនេះ, អ្នកវិទ្យាសាស្ត្រមួយរូបរបស់អង្គការអវកាសអឺរ៉ុប ESA ឈ្មោះ គ្រីស អ៊ីវ៉ានស៍ (Chris Evans) ដែលកំពុងចូលរួមគម្រោងសិក្សារបស់ James Webb ផងដែរនោះ បាននិយាយកាលពីពេលថ្មីៗនេះថា «ការបង្ហាញចេញនូវរូបភាពជាលើកដំបូងនេះ នឹងក្លាយជាពេលវេលាដ៏គួរឱ្យកត់សម្គាល់មួយ សម្រាប់បេសកកម្ម ដែលផ្តល់ឱ្យយើងនូវទិដ្ឋភាពដំបូង អំពីរបៀបដែល James Webb នឹងផ្លាស់ប្តូរទស្សនៈរបស់យើងចំពោះចក្រវាល។ យើងកំពុងទន្ទឹងរង់ចាំចែករំលែក បទពិសោធន៍នៃការមើលឃើញរូបភាព និងទស្សនីយភាពដំបូងទាំងនេះ ជាមួយសាធារណជនទូទាំងទ្វីបអឺរ៉ុប»

នៅមិនទាន់អស់នោះឡើយ, អ្វីដែលសំខាន់ជាងការបង្ហាញរូបថតដំបូងៗ ថតដោយ James Webb ទៅទៀតនោះ គឺការប្រកាសបើក «បេសកកម្មគោល» ជាផ្លូវការ នៅពាក់កណ្តាលខែ កក្កដា ឆ្នាំ ២០២២ ដែលជាពេលតេឡេស្កូបអវកាស James Webb ប្រើប្រាស់ឧបករណ៍ទំនើបចុងក្រោយចំនួន ៤ នៅក្នុងខ្លួនវា ដែលកំពុងរង់ចាំការតម្រែតម្រង់ឲ្យបានរួចរាល់នោះ ទៅផ្តិតយកកាឡាក់ស៊ីស្ថិតនៅឆ្ងាយៗ និងមានវ័យចំណាស់បំផុត ឬជាពពួកកាឡាក់ស៊ី ដែលទើបកកើតក្រោយបន្ទុះ Big Bang ទើបតែកើតឡើងបានប្រមាណ ២០០ – ៣០០ លានឆ្នាំនោះ (បន្ទុះ Big Bang បានកើតមានឡើងកាលពី ១៣.៨ពាន់លានឆ្នាំមុន)

ឧបករណ៍ទំនើបចុងក្រោយចំនួន ៤ នៅក្នុងខ្លួន James Webb

នៅក្នុងឧបករណ៍ទំនើបចំនួន ៤ របស់ James Webbs នោះ មានមុខងារ (mode) សំខាន់ៗចំនួន ១៧ នៅក្នុងពួកវា ហើយចំពោះមុខងារវិទ្យាសាស្ត្រទាំង ១៧ នោះ គឺតម្រូវឲ្យក្រុមអ្នកជំនាញធ្វើតេស្តជាមុនសិន ទើបអាចដាក់ឲ្យដំណើរការជាផ្លូវការ ដែលនឹងកើតឡើងនៅ «ពាក់កណ្តាលខែកក្កដា»។ ឧបករណ៍សំខាន់ៗរបស់ James Webb អាចឆ្លុះមើលចក្រវាលបានជាច្រើនទម្រង់ (modes) រាប់ចាប់តាំងពីការគណនាពេលវេលា រហូតដល់ការអង្កេតផ្កាយ និងកាឡាក់ស៊ីចំរុះគ្នាក្នុងពេលតែមួយ។

ថ្ងៃទី១២ ខែកក្កដា៖ ក្រៅពី «រូបថតគុណភាពខ្ពស់ដំបូងៗ» James Webb ក៏នឹងចាប់ផ្តើម «បេសកកម្មគោល» ផងដែរ!
តេឡេស្កូបអវកាស James Webb (Image Credit: NASA)

គួរបញ្ជាក់ថា នៅក្រោយការបើកដំណើរការនូវ «បេសកកម្មគោល» បានសម្រេចជោគជ័យនោះ ទើប James Webb អាចងាកទៅសិក្សា ភព ព្រះចន្ទ និងវត្ថុអវកាសជាច្រើនទៀត នៅក្នុងប្រព័ន្ធព្រះអាទិត្យយើងផ្ទាល់ ក៏ដូចជាភពជាច្រើនទៀត នៅប្រព័ន្ធផ្កាយផ្សេងៗ ដែលយើងសង្ស័យថា មានលាក់ជីវិត និងមានប្រយោជន៍ដល់ការសិក្សា អំពីការកកើតភពនានានោះបាន៕

ប្រែសម្រួល៖ Cambo Space (រក្សាសិទ្ធិនៃការបកប្រែ)
ប្រភព៖ Space/NASA (ថ្ងៃសុក្រ ទី២៤ ខែមិថុនា ឆ្នាំ២០២២)

480×240 Banner