ភពទី៥ត្រូវបានរកឃើញក្នុងប្រព័ន្ធផ្កាយ ចម្ងាយតែ៣៥ឆ្នាំពន្លឺពីផែនដី (មានវីដេអូ)
(បរទេស)៖ កាលពីអំលុងឆ្នាំ២០១៩ ភពដំបូងមួយត្រូវបានរកឃើញនៅជុំវិញប្រព័ន្ធផ្កាយ L 98-59 ដែលស្ថិតនៅចម្ងាយ ៣៥ឆ្នាំពន្លឺពីផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានkm) ដោយតេឡេស្កូបអវកាស TESS នៃអង្គការ NASA សហរដ្ឋអាមេរិកជាអ្នករកឃើញ។ ក្នុងចម្ងាយកម្រិតនេះគេអាចចាត់ទុកថា L 98-59 ជាផ្កាយស្ថិតនៅកៀកនឹងប្រព័ន្ធព្រះអាទិត្យយើងបាន បើយោងទៅលើភាពធំធេង នៃកាឡាក់ស៊ី Milky Way (អង្កត់ផ្ចិតជាង ១០០,០០០ឆ្នាំពន្លឺ) ព្រមទាំងចក្រវាល (Universe) ដែលយើងមិនទាន់រកកោះត្រើយឃើញផងនោះ។
ឈានចូលមកដល់ខែសីហា ឆ្នាំ២០២៥នេះ ភព (Exoplanet) ដល់ទៅចំនួន ៥ ហើយត្រូវបានរកឃើញជុំវិញផ្កាយ L 98-59 ក្នុងនោះមានដូចជា L 98-59 b, c, d, e និង f ខណៈ L 98-59 f គឺជាភពចុងក្រោយគេដែលទើបត្រូវបានប្រកាសចេញថ្មីៗនេះ ហើយវាស្ថិតនៅក្នុងតំបន់អំណោយផលដល់ការកកើតជីវិត (habitable zone) ថែមទៀតផង។ បើគិតពីរយៈចម្ងាយវិញ ប្រព័ន្ធផ្កាយ L 98-59 ជិតព្រះអាទិត្យយើងជាងប្រព័ន្ធផ្កាយ TRAPPIST-1 ទៅទៀត ដោយ TRAPPIST-1 កំពុងទ្រទ្រង់ភពចំនួន ៧ ស្ថិតនៅចម្ងាយ ៤១ឆ្នាំពន្លឺពីផែនដី។

លទ្ធផលថ្មីដ៏គួរឲ្យភ្ញាក់ផ្អើលនេះ គឺក្រុមអ្នកសិក្សានៃវិទ្យាស្ថានស្រាវជ្រាវភពដទៃ (Trottier Institute for Research on Exoplanets ឬ IREx) នៃសាកលវិទ្យាល័យ Montreal ប្រទេសកាណាដា សម្រេចបានក្រោយពីការត្រួតពិនិត្យទិន្នន័យឡើងវិញ នៃតេឡេស្កូបលើដីផង និងទីអវកាសផង ដែលបានសង្កេតចំពោះប្រព័ន្ធផ្កាយ L 98-59, ជាប្រភេទផ្កាយតូចក្រហម (red dwarf) មានម៉ាសស្រាល និងទំហំស្មើតែ ៣០% នៃព្រះអាទិត្យយើងនោះ។
សម្រាប់ប្រភពទិន្នន័យដែលត្រូវបានប្រើប្រាស់ ទម្រាំវែករកឃើញភព L 98-59 f នោះ គឺយកចេញពីតេឡេស្កូបអវកាស TESS, ឧបករណ៍សង្កេតរកភពនៅជុំវិញផ្កាយដទៃដូចជា ESPRESSO និង HARPS នៅក្នុងមន្ទីរសង្កេតតារា ESO និងតេឡេស្កូបអវកាស James Webb ផងដែរ។
⦁ ភព L 98-59 f ស្ថិតក្នុង Habitable Zone ដ៏គួរឲ្យរំភើប
ជាធម្មតាសម្រាប់ផ្កាយ red dwarf ដូចជា L 98-59 តំបន់អំណោយផលដល់ការកកើតជីវិត គឺស្ថិតនៅមិនឆ្ងាយពីផ្កាយពេកឡើយ ឬជិតជាងខ្លាំងបើធៀបនឹងគម្លាតរវាងផែនដី និងព្រះអាទិត្យយើងដែលមានចម្ងាយដល់ទៅ ១៥០លានkm នោះ ហើយប្រាកដណាស់ ភព L 98-59 b និង c ស្ថិតនៅកៀកផ្កាយមេវាខ្លាំង ដែលទំនងជាពោពេញដោយភ្នំភ្លើង និងផ្ទៃដែលមានកម្តៅក្តៅគគុក ខណៈ L 98-59 d វិញ អាចពោពេញដោយភ្នំភ្លើង និងបរិយាកាសក្រាស់ស្រដៀងភពសុក្រ (Venus) របស់យើង។
ដោយឡែក L 98-59 e វិញ គឺស្ថិតនៅក្បែរនឹង Habitable Zone ដែលនេះមានន័យថាវាអាចមានទឹក ប៉ុន្តែគឺស្ថិតនៅក្នុងសីតុណ្ហភាពក្តៅ ហើយទឹកទាំងនោះអាចក្លាយជាចំហាយ ដែលជាបរិស្ថានមិនអំណោយផលដល់ជីវិតនោះទេ។ ងាកមកកាន់ភពចុងគេវិញគឺ L98-59 f, ក្រុមអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Montreal បានគណនាឃើញថា ថាមពលដែលភពនេះទទួលបានពីផ្កាយវា គឺស្មើនឹងថាមពលដែលផែនដីទទួលបានពីព្រះអាទិត្យ ដែលចំណុចនេះពិតជាគួរឲ្យរំភើបណាស់។
យោងតាមទិន្នន័យបឋមភព L 98-59 f ស្ថិតនៅក្នុងជំពូក Super-Earth ដែលមានម៉ាសធ្ងន់ជាងផែនដីយើង ២.៨ដង ហើយវាគោចរជុំវិញផ្កាយវាមួយជុំ ដោយប្រើប្រាស់ពេលតែជាង ២៣ថ្ងៃ នៃពេលវេលាលើផែនដីប៉ុណ្ណោះ។ ពិតណាស់ ភពនេះមិនងាយឲ្យយើងសិក្សាពីបរិយាកាសវាស្រួលៗនោះទេ ដោយវាមិនស្ថិតនៅទីតាំងល្អដែលអាចគោចរកាត់ (transit) នៅចន្លោះរវាងផ្កាយវា និងផែនដី ដែលអនុញ្ញាតឲ្យតេឡេស្កូបពីផែនដីសិក្សាចំពោះបរិយាកាសបាននោះឡើយ។

ទោះជាបែបនេះក្តី ការស្ថិតនៅក្នុងតំបន់ Habitable Zone ហើយទទួលបានថាមពលពីផ្កាយ ក្នុងកម្រិតដូចផែនដីទៀតនោះ វាពិតជាពិបាកឲ្យយើងប្រកែកថា L 98-59 f មិនស្ថិតក្នុងបញ្ជីភព Exoplanets ដែលអាចមានទឹក និងបរិយាកាសសមរម្យណាស់…។ យើងក៏មិនអាចប្រកែកបានដែរ ភពនោះស្ថិតការសង្ស័យថាអាចកំពុងលាក់ជីវិត៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា), ប្រភព៖ EarthSky (ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥)
