ប្តូរផែនការហើយ! NASA នឹងទម្លាក់ខ្មោចយាន Europa Clipper ទៅលើព្រះចន្ទមួយនៃព្រហស្បតិ៍វិញ…

444

(អាមេរិក)៖ យានសម្រាប់បំពេញការស្រាវជ្រាវ នៅតំបន់ទីអវកាសឆ្ងាយៗ តែងតែទៅហើយមិនអាចត្រលប់វិញ។ សម្រាប់បេសកកម្ម Europa Clipper នៅប៉ុន្មានឆ្នាំខាងមុខនេះ ក៏នឹងមិនខុសគ្នានោះដែរ ប៉ុន្តែផ្ទុយពីការទម្លាក់ខ្លួនលើភពព្រហស្បតិ៍ (Jupiter) នោះ យានអង្គការ NASA មួយនេះនឹងចល័តទៅទម្លាក់ខ្លួនចោល លើព្រះចន្ទមួយផ្សេងទៀតវិញ។ តើហេតុអ្វីបានជា NASA គ្រោងធ្វើដូច្នេះ?

សម្រាប់បេក្ខភាពព្រះចន្ទមួយ ដែលនឹងត្រូវស្វាគមន៍ខ្មោចយាន Europa Clipper នោះគឺព្រះចន្ទយក្ស Ganymede ដែលជាព្រះចន្ទធំបំផុតប្រចាំភពព្រហស្បតិ៍ និងប្រព័ន្ធព្រះអាទិត្យទាំងមូល និងមួយទៀតគឺព្រះចន្ទ Callisto។ នៅក្នុងកិច្ចប្រជុំរបស់អង្គការ NASA កាលពីពាក់កណ្តាលខែ មិថុនា ឆ្នាំ ២០២២ បានសម្រេចថា នឹងធ្វើបែបនេះចំពោះ Europa Clipper។

ប្តូរផែនការហើយ! NASA នឹងទម្លាក់ខ្មោចយាន Europa Clipper ទៅលើព្រះចន្ទមួយនៃព្រហស្បតិ៍វិញ…
យានអវកាស Europa Clipper (NASA)

ពីដំបូងឡើយអង្គការ NASA គ្រោងទម្លាក់យាន Europa Clipper ចូលក្នុងបរិយាកាសព្រហស្បតិ៍ ដូចកាលពីបេសកកម្ម Galileo កាលពីខែ កញ្ញា ឆ្នាំ ២០០៣ ដែរ, ប៉ុន្តែក្រោយមានការកែតម្រូវមួយចំនួន ទៅលើបេសកកម្មទាំងមូលនោះ ទើបក្រុមការងារអភិវឌ្ឍបេសកកម្ម បានសម្រេចថា នឹងជ្រើសរើសយក Ganymede ឬ Callisto ដើម្បីស្វាគមន៍ខ្មោច Europa Clipper។ ការមិនទម្លាក់ Europa Clipper លើព្រះចន្ទ Europa គឺដើម្បីការពារបរិស្ថានព្រះចន្ទទឹកកកនេះពីការបំពុល។

ព្រះចន្ទយក្ស Ganymede និងភពព្រហស្បតិ៍ (NASA)

គួរបញ្ជាក់ថា ការផ្លាស់ប្តូរខាងលើនេះ បានកើតមានឡើងស្របពេលដែលអង្គការ NASA កំពុងព្យាយាមកាត់បន្ថយថ្លៃចំណាយ ទៅលើបេសកកម្មអវកាសរបស់ខ្លួន ខណៈ Europa Clipper ក៏បានទទួលរងការកាត់បន្ថយនេះផងដែរ។ ពីដំបូងឡើយ Europa Clipper គ្រោងហោះឆ្វែល (flyby) ព្រះចន្ទ Europa ចំនួន ៥៣ លើក ប៉ុន្តែពេលនេះត្រូវបានសម្រេច កាត់បន្ថយឲ្យមកនៅត្រឹម ៤៩ លើកវិញ ហើយសម្រាប់ចេតនាក្នុងពង្រីកបេសកកម្មនោះ ក៏ត្រូវបានរាំងខ្ទប់ផងដែរ។

ព្រះចន្ទ Callisto និង ភពព្រហស្បតិ៍ (NASA)

Europa Clipper គឺជាប្រភេទយាន-ផ្កាយរណបមួយគ្រឿង ដែលមានផ្ទុកឧបករណ៍ស្រាវជ្រាវសំខាន់ៗ មានគោលដៅស្វែងយល់ការពិត អំពីព្រះចន្ទទឹកកក យូរ៉ូប៉ា របស់ភពព្រហស្បតិ៍។ ក្រុមអ្នកវិទ្យាសាស្ត្រលើភពផែនដី មានការសង្ស័យអស់ជាច្រើនឆ្នាំមកហើយថា នៅក្រោមសំបកទឹកកកកម្រាស់ជាង ១០គីឡូម៉ែត្ររបស់ យូរ៉ូប៉ា អាចមានមហាសមុទ្រទឹករាវ និងជីវិតនៅក្នុងទម្រង់ណាមួយ។ ការបាញ់បង្ហោះ Europa Clipper ចេញពីផែនដី នឹងត្រូវធ្វើឡើងនៅអំលុងខែតុលា ឆ្នាំ២០២៤ និងទៅដល់ប្រព័ន្ធភពព្រហស្បតិ៍នៅអំលុងខែមេសា ឆ្នាំ២០៣០៕

ប្រែសម្រួល៖ Cambo Space (រក្សាសិទ្ធិ)
ប្រភព៖ Space (ថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០២២)

480×240 Banner