ខ្យល់បក់លើភពអង្គារខ្លាំងលើសពីការស្មាន, ឧបករណ៍សំខាន់មួយនៃ Perseverance ត្រូវបំផ្លាញ (VIDEO)
(អាមេរិក)៖ វាជាឧប្បដិហេតុដ៏អាក្រក់មួយ សម្រាប់យានស្រាវជ្រាវភពអង្គារ Perseverance របស់អង្គការ NASA ព្រោះឧបករណ៍ស្ទាបស្ទង់ខ្យល់អាកាសដ៏សំខាន់របស់វា បានរងការខូចខាតដោយសារតែខ្យល់បោកបក់ខ្លាំង លើសពីការស្មាននៅក្រហមនោះ។ តែយ៉ាងណា, អង្គការ NASA បានអះអាងថា វានៅតែអាចដំណើរការបាន គ្រាន់តែមិនប្រក្រតីដូចមុនប៉ុណ្ណោះ។

ឧបករណ៍ស្ទាបស្ទង់ខ្យល់អាកាស ឬយើងអាចហៅថា ស្ថានីយព្យាករណ៍អាកាសធាតុរបស់ Perseverance ខាងលើនេះមានឈ្មោះថា Mars Environmental Dynamics Analyzer (MEDA)។ នៅក្នុង MEDA នេះមានផ្ទុកឧបករណ៍សំខាន់ៗមួយចំនួនដូចជា ឧបករណ៍ sensors ចំនួន ២ សម្រាប់ស្ទាបស្ទង់ល្បឿន និងទិសដៅខ្យល់ ព្រមទាំងឧបករណ៍ sensors មួយចំនួនទៀត ដែលមានមុខងារវាស់ស្ទង់អាកាសធាតុដូចជា សំណើម វិទ្យុសកម្ម និងសីតុណ្ហភាពខ្យល់ជាដើម។

ជុំវិញបញ្ហាខាងលើនេះ លោក José Antonio Rodriguez Manfredi អ្នកត្រួតពិនិត្យដំណើរការរបស់ឧបករណ៍ MEDA បានអះអាងថា ខ្យល់បោកបក់ខ្លាំងនៅក្នុងរណ្តៅ Jezero នៃភពអង្គារ បាននាំយកដុំក្រួសទៅប៉ះទង្គិច និងបំផ្លាញឧបករណ៍ sensor មួយក្នុងចំំំណោមពីរ ដែលមានតួនាទីតាមដានកម្រិតខ្យល់ នៅក្នុងរណ្តៅភពក្រហមនោះ។ ដូច្នេះហើយ មុខងារតាមដានខ្យល់នៅលើ Perseverance ត្រូវចុះថយប្រសិទ្ធភាពហើយ។ នេះបើតាមការសង្កត់ធ្ងន់ពីលោក José។

ក្រុមអ្នកជំនាញនៃមន្ទីរពិសោធន៍ JPL របស់អង្គការ NASA បានពន្យល់ទៀតថា ឧបករណ៍ sensors សំខាន់ៗសម្រាប់វាស់ស្ទង់ខ្យល់ ទាំងពីរខាងលើនេះមានរាងមូល និងទំហំប៉ុនបន្ទាត់ ដោយក្នុងនោះមានឧបករណ៍ចាប់សញ្ញា (detectors) សរុប ៦គ្រឿង ដើម្បីឲ្យពួកវាអាចគណនាដឹងយ៉ាងច្បាស់លាស់ អំពីទិសដៅនៃខ្យល់បក់លើភពអង្គារ។

បើតាមលោក José បានពន្យល់ថា មិនខុសពីឧបករណ៍វិទ្យាសាស្ត្រនានា ផ្សេងទៀតឡើយ, sensors វាស់ស្ទង់ខ្យល់អាកាសរបស់ Perseverance ត្រូវបានអភិវឌ្ឍឡើង ដោយមានខែលការពាររួចជាស្រេច ដើម្បីត្រៀមទប់ទល់នឹង ស្ថានភាពអាក្រក់ៗនានា ដែលអាចកើតមានឡើងជាយថាហេតុ, ប៉ុន្តែនៅក្នុងករណី នៃការវាយប្រហារដោយដុំក្រួសលើប្រអប់ MEDA នោះ គឺដោយសារតែខ្យល់លើភពអង្គារ បានបោកបក់ខ្លាំងលើសពីការគណនាពីមុន។

គួរបញ្ជាក់ថា គ្រឿងយន្តស្រាវជ្រាវភពអង្គារ Perseverance បានចុះទៅដល់រណ្តៅ Jezero ដែលមានមុខកាត់ ៤៥គីឡូម៉ែត្រ កាលពីខែកុម្ភៈ ឆ្នាំ២០២១ ហើយចាប់តាំងពីពេលនោះមក ការខូចខាតឧបករណ៍ sensors វាស់ស្ទង់ខ្យល់ខាងលើនេះ គឺជាគ្រោះថ្នាក់ធំទីមួយហើយ ដែលយានកង់ ៦ មួយនេះបានជួបប្រទះ។ គ្រឿងយន្តមួយផ្សេងទៀតរបស់ NASA នោះគឺ InSight ដែលបានចុះដល់ផ្ទៃភពអង្គារ កាលពីចុងឆ្នាំ ២០១៨ នោះ ក៏បានជួបប្រទះបញ្ហាផងដែរ ដោយសារតែដៃខួង (mole) ដែលជាឧបករណ៍សំខាន់បំផុតរបស់ខ្លួនបានខូច ហើយ NASA បានសម្រេចថា នឹងសម្លាប់គ្រឿងយន្តនេះចោលនៅចុងឆ្នាំ ២០២២៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ SPACE (ថ្ងៃអង្គារ ទី០៥ ខែកក្កដា ឆ្នាំ២០២២)
